ភ្នំពេញ៖ ដូចជាយើងដឹងរួចមកហើយថា អង់គ្លេសគឺជាភាសាអន្តរជាតិ ដែលយើងពុំអាចខ្វះបាននៅក្នុងសតវត្សទី២១។ ជាក់ស្តែង ការមិនចេះភាសាអង់គ្លេសនៅក្នុងសម័យនេះ ត្រូវបានគេចាត់ទុកប្រៀបដូចជាមនុស្សស្លាប់មួយចំហៀងខ្លួនអីចឹង។ ហេតុនេះហើយបានជាក្រុមការងារខ្មែរឡូត មានក្តីរីករាយដែលបានធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងសាស្រ្តាចារ្យម្នាក់ ដែលលោកគឺជាអ្នកឯកទេសបកប្រែភាសា ហើយលោកនឹងចែករំលែកបទពិសោធន៍ផ្ទាល់ជាង២៥ឆ្នាំ ទាក់ទិនទៅនឹងអាជីពជាអ្នកបកប្រែ និងគន្លឹះមួយចំនួនក្នុងការរៀនភាសាអង់គ្លេសទទួលបានភាពជោគជ័យខ្ពស់។ ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍ផ្ទាល់ ព្រមទាំងគន្លឹះល្អៗសម្រាប់ប្អូនៗទាំងអស់គ្នា។

លោកសាស្រ្តចារ្យ ជេត ពិសី សព្វថ្ងៃនេះជាអ្នកឯកទេសបកប្រែភាសាជំនាញម្នាក់ បានចែករំលែកបទពិសោធន៍ទាក់ទិនទៅនឹងប្រវត្តិរបស់លោកថា៖

លោកជេត ពិសី

លោកគឺជាកូនកសិករម្នាក់ រស់នៅក្នុងខេត្តស្វាយរៀង ដែលឪពុកជាជាងកាត់សក់ ចំណែកម្តាយធ្វើស្រែចម្ការ។ បន្ទាប់ពីរៀនចប់ថ្នាក់វិទ្យាល័យ លោកក៏ចាប់ផ្តើមរៀនភាសាអង់គ្លេសយកតែម្តង។ ក្រោយមកមិនយូរប៉ុន្មាន ព្រោះតែការតាំងចិត្ត និងបេ្តជ្ញាចិត្តខ្ពស់ លោកក៏បានក្លាយទៅជាបុគ្គលម្នាក់ដែលស្រលាញ់ភាសាអង់គ្លេស។

ក្រោយមក លោកក៏បានក្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងវិទ្យាស្ថាន Banana។ ព្រោះតែលោក ជេត ពិសី មានទេពកោសព្យ និងភាពប៉ិនប្រសព្វក្នុងការបង្រៀនភាសាអង់គ្លេស ដូច្នេះនៅក្នុងឆ្នាំ១៩៩៧ លោកក៏បានជាប់ឈ្មោះក្លាយទៅជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យន័រតុន (Norton) និងសាកលវិទ្យាល័យកម្ពុជា (UC)។

លោកជេត ពិសី
លោកជេត ពិសី

បន្ទាប់ពីបង្រៀននៅក្នុងសាកលវិទ្យាអស់រយៈពេលជាង៣ឆ្នាំ លោកក៏បានសម្រេចចិត្តផ្លាស់ប្តូរអាជីពមកធ្វើជាអ្នកបកប្រែវិញម្តង។ ដោយដំបូងឡើយលោកទទួលព័ត៌មានតាមរយៈមិត្តភក្តិថានៅក្នុងអង្គការសហប្រជាជាតិ (UNICEF) គេត្រូវការអ្នកបកប្រែ។ ដូច្នេះលោកក៏បានដាក់ពាក្យប្រលងនៅក្នុងចំណោមបេក្ខជន៣០នាក់ ហើយលោកគឺជាមនុស្សតែម្នាក់គត់ដែលជាប់និងទទួលបានការងារមួយនេះ។

ក្រោយមក លោកក៏ទទួលបានប្រជាប្រិយភាពខ្ពស់ជាបន្តបន្ទាប់ ដោយលោកត្រូវបានអង្គការធំៗជាច្រើននៅក្នុងស្រុកខែ អញ្ជើញលោកឱ្យបកប្រែ ក្នុងនោះរួមមាន អង្គការសហប្រជាជាតិ (UNICEF), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM), អង្គការកាកបាទក្រហមប្រចាំប្រទេសស្វីស (Swiss Red Cross), អង្គការ JICA របស់ជប៉ុន និងអង្គការច្រើនជាហូរហែទៀត។

លោក ជេត ពិសី បានបន្តនិយាយទៀតថា ការបកប្រែចែកចេញជា ២ផ្នែក៖ មួយគឺបកប្រែឯកសារ និងមួយទៀតគឺបកប្រែផ្ទាល់មាត់។

ដោយការបកប្រែឯកសារ គឺនៅពេលគេយកឯកសារជាភាសាអង់គ្លេសឱ្យយើង យើងត្រូវបកជាភាសាខ្មែរ ហើយពេលគេយកឯកសារជាភាសាខ្មែរឱ្យយើង គឺយើងបកជាភាសាអង់គ្លេសវិញ។

ចំណែកការបកប្រែផ្ទាល់មាត់វិញ ចែកចេញជាពីរទៀត៖ មួយគឺបកប្រែបណ្តេញ និងមួយទៀតគឺបកប្រែបណ្តាក់។ ការបកប្រែបណ្តេញនៅពេលគេនិយាយខ្មែរចប់ យើងត្រូវនិយាយអង់គ្លេសដំណាលគ្នាចប់ផងដែរ។ ចំណែកការបកប្រែបណ្តាក់ ពោលគឺគេនិយាយចប់អស់ ទើបយើងបកប្រែតាមក្រោយ។

លោកជេត ពិសី
លោកជេត ពិសី

លោកជេត ពិសីបានបន្តរៀបរាប់ទៀតថា បើគេហៅលោកទៅបកប្រែផ្ទាត់មាត់ មិនថាបកប្រែបណ្តេញ ឬបណ្តាក់នោះទេ លោកគិតសេវាចាប់ពី២០០-២៥០ដុល្លារក្នុងមួយថ្ងៃសម្រាប់ការបកប្រែនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តលោកយកតម្លៃ២៥០-៣០០ដុល្លារ

លោកបានចែករំលែកទៀតថា ប្រសិនបើអ្នករាល់គ្នាចង់ចាប់អាជីពជាអ្នកបកប្រែឯកទេសនោះ ត្រូវទាមទារឱ្យអ្នករាល់គ្នា មានការតាំងចិត្តនិងបេជ្ញាខ្ពស់។ បន្ថែមពីនេះទៀត ក៏តម្រូវឱ្យរាល់គ្នាពូកែភាសាខ្មែរ អង់គ្លេស និងស្រាវជ្រាវផងដែរ។

ម្យ៉ាងវិញទៀត សម្រាប់ប្អូនៗដែលចង់រៀនភាសាអង់គ្លេសឱ្យឆាប់ចេះនោះ លោកក៏បានផ្តល់ជាដំបូន្មានមួយចំនួនថា ឱ្យពួកគេមានការជំរុញខ្លួនឯង ផ្តើមចេញពីខ្លួនឯង ឧស្សាហ៍ឆ្ងល់ ឧស្សាហ៍រៀនដោយខ្លួនឯង និងបែងចែកកាលវិភាគរៀនឱ្យបានច្បាស់លាស់ ទើបតែរៀនភាសាអង់គ្លេសឆាប់ចេះនិងអាចប្រើប្រាស់បានពេញលេញ។

លោកជេត ពិសី
លោកជេត ពិសី

ជាចុងក្រោយ លោកក៏លើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយឱ្យខំប្រឹងប្រែរៀនសូត្រ ស្រលាញ់ការសិក្សា ព្រោះវាគឺជារឿងសំខាន់សម្រាប់អនាគតរបស់យើងទាំងអស់គ្នា។

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តទាំងអស់ដែលចង់ឱ្យលោកជេត ពិសីបង្រៀននិងបកប្រែនោះ លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទរបស់លោកបានតាមរយៈលេខ៖ ០១២ ៤២០ ៥៦៥ / ០១០ ៦៣ ៦៤ ៤២

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោកជេត ពិសី
លោកជេត ពិសី
លោកជេត ពិសី
លោកជេត ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]