មិនថាថ្នាំប្រភេទណានោះទេ ពេលញ៉ាំចូលពោះ នឹងត្រូវឆ្លងកាត់តម្រងនោមទាំងអស់។ ម៉្លោះហើយ បើសិនជាប្រើថ្នាំមិនបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ ឬប្រើថ្នាំខុសច្បាប់ (ដូចជាថ្នាំញៀន) តម្រងនោមយើងអាចខូចខាត ឬធ្ងន់តែម្ដង។ “Hello គ្រូពេទ្យ” នឹងពន្យល់ខាងក្រោម៖
១- ថ្នាំបំបាត់ការឈឺចាប់
ការប្រើថ្នាំទិញដោយខ្លួនឯង ឬតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជា ជារឿងងាយបំផ្លាញតម្រងនោមខ្លួនឯងបំផុត។ ថ្នាំទាំងនោះ រួមមាន អាស្ពីរីន អាយបូប្រូហ្វិន (ibuprofen) ប៉ារ៉ាសេតាម៉ុល និងថ្នាំមួយចំនួនទៀត។ ដូច្នេះ មិនថាក្នុងស្ថានការណ៍បែបណាក៏ដោយ មិនគួរប្រើថ្នាំបំបាត់ការឈឺចាប់ទាំងនោះដោយខ្លួនឯងជាប្រចាំឡើយ បើសិនជាគ្មានការអនុញ្ញាតពីគ្រូពេទ្យ។ ប្រជាជនអាមេរិកជាច្រើនខូចតម្រងនោម ដោយសារតែប្រើថ្នាំទាំងនេះរយៈពេលយូរ។
២- ស្រា
ផឹកស្រាច្រើនមិនត្រឹមធ្វើឲ្យខូចថ្លើមនោះទេ តម្រងនោមក៏ខូចទៅជាមួយគ្នាផងដែរ។ សារធាតុពុលជាច្រើនត្រូវបញ្ចេញចោលពីឈាមតាមទឹកនោមដែលច្រោះដោយតម្រងនោម។ ស្រាក៏ជាសារធាតុក្នុងចំណោមនេះដែរ ដែលធ្វើឲ្យការច្រោះសារធាតុពុលក្នុងឈាមចុះថយជាងមុន ហើយក៏ធ្វើឲ្យមុខងារផ្សេងៗរបស់តម្រងនោមចុះខ្សោយបានដែរ។ អ្នកផឹកស្រាជាប្រចាំ ប្រឈមនឹងការវិវត្តជាជំងឺខ្សោយតម្រងនោម និងខ្សោយថ្លើមខ្ពស់ណាស់។
៣- ថ្នាំផ្សះ
ការប្រើថ្នាំផ្សះមិនត្រឹមត្រូវ គឺគ្រោះថ្នាក់ណាស់ចំពោះតម្រងនោម។ ចំពោះអ្នកមានជំងឺតម្រងនោម មិនគួរប្រើថ្នាំផ្សះក្នុងកម្រិតដូចអ្នកមានសុខភាពធម្មតាទេ។ អ្វីដែលត្រូវធ្វើគឺ ពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំផ្សះ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើតម្រងនោម។
៤- ថ្នាំបញ្ចុះលាមក
ជាទូទៅ សម្រាប់មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះលាមកដែលគ្មានវេជ្ជបញ្ជា គិតថាមានសុវត្ថិភាព។ តែថ្នាំបញ្ចុះលាមកប្រើសម្រាប់លាងសម្អាតពោះវៀន (ជាធម្មតា មុនឆ្លុះពោះវៀនធំ) ក៏អាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោមដែរ។
៥- សារធាតុចាប់ពណ៌ (ចាក់តាមសរសៃឈាមដើម្បីធ្វើរោគវិនិច្ឆ័យ)
“ការថតរូបភាពវេជ្ជសាស្ត្រ” មួយចំនួនត្រូវការប្រើ “សារធាតុចាប់ពណ៌” ដើម្បីឲ្យមើលឃើញច្បាស់នូវបញ្ហាខាងក្នុង។ មធ្យោបាយបែបនេះ (មួយចំនួន តែមិនមែនទាំងអស់) អាចបង្កបញ្ហាដល់តម្រងនោម ដោយមិនដឹងខ្លួន។ ការថតនោះរួមមាន MRIs និង CT-scans។ ចំពោះអ្នកដែលមានជំងឺតម្រងនោម ត្រូវដឹងថាការថតដោយប្រើសារធាតុចាប់ពណ៌នេះ មានករណីខ្លះ អាចធ្វើទុក្ខដល់តម្រងនោម។
៦- ថ្នាំខុសច្បាប់
ថ្នាំញៀន ឬថ្នាំសប្បាយមួយចំនួន អេកតាសុី ហេរ៉ូអ៊ីន កូកាអ៊ីន នឹងធ្វើឲ្យឡើងសម្ពាធឈាម ខ្សោយបេះដូង ដាច់ ឬស្ទះសរសៃឈាមខួរក្បាល ឬអាចស្លាប់ ពេលប្រើលើកដំបូង។ លើសពីនេះ តម្រងនោមក៏ខូចខាតធ្ងន់ធ្ងរដោយសារសារធាតុទាំងនេះ។
*** វិធីដោះស្រាយ និងការពារ
ត្រូវប្រើថ្នាំតាមការណែនាំ ឬពិគ្រោះជាមួយគ្រូពេទ្យជានិច្ច មុននឹងប្រើ។ មិនត្រូវប្រើថ្នាំផ្តេសផ្តាសតាមគេឯងឡើយ។ បើមិនស្រួលខ្លួនត្រង់ណាមួយ ក្រោយពេលប្រើថ្នាំណាមួយ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យឲ្យបានលឿនបំផុត។ ក្នុងករណីត្រូវថតរូបភាពវេជ្ជសាស្ត្រ (ស្កេន X-Ray…) ណាមួយ គួរពិគ្រោះជាមួយគ្រូពេទ្យពីកត្តាប្រឈម ឬគ្រោះថ្នាក់ និងផលប៉ះពាល់លើតម្រងនោមយើងឲ្យបានច្បាស់លាស់ជាមុនសិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]