ក្រោយសម្រាលកូនបើស្រីៗគ្នាយើងនៅតែនិយមប្រើថ្នាំខ្មែរ ដែលផ្សំមកពីមែក ឫស ស្លឹករុក្ខជាតិផ្សេងៗយកទៅរម្ងាស់ រួចយកទឹកមកផឹក អាចជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាទូទៅគ្រូពេទ្យតែងតែជំទាស់ និងហាមប្រាមម៉ាក់ៗមិនផឹកថ្នាំខ្មែរដាច់ខាត ព្រោះថាថ្នាំទាំងនោះគ្មានការពិសោធន៍ មិនដឹងពីប្រភពច្បាស់លាស់។
បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា៖
«ថ្នាំពេទ្យដែលអនុញ្ញាតឲ្យប្រើប្រាស់ទាំងអស់សុទ្ធតែឆ្លងកាត់ការសិក្សា ឆ្លងកាត់ការពិសោធន៍ ថ្លឹងថ្លែងបានត្រឹមត្រូវថា ប៉ុន្មានមិល្លីក្រាម លេបបានប៉ុន្មានដង។ តែបើថ្នាំខ្មែរវិញចេះតាមគ្នាថា ដាក់មួយឆ្នាំង ទឹក ៣ យកទឹក ១ បែបនេះមិនដឹងថាមានន័យយ៉ាងម៉េច បានលទ្ធផលយ៉ាងម៉េច»។
លោកជំទាវវេជ្ជបណ្ឌិតដែលធ្វើការនៅវិស័យសុខាភិបាលជាង ៣០ ឆ្នាំរូបនេះបានបន្តទៀតថា ថ្នាំដែលមិនបានយកមកវិភាគ ឬសិក្សាត្រឹមត្រូវអាចបណ្ដាលឲ្យអ្នកប្រើបែកគ្រាប់ឈាម។ ម្យ៉ាងទៀតថ្នាំខ្លះអាចបណ្ដាលឲ្យម៉ាក់ៗស្ទះតម្រងនោម ឬនោមមកឈាមក៏មានដែរ ក្ដៅក្រហល់ក្រហាយ សន្លប់ស្ដូកស្ដឹងទៀតផង។
មិនត្រឹមប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ ករណីខ្លះទៀតម៉ាក់ៗដែលបំបៅដោះ អាចបណ្ដាលឲ្យកូនស្គមស្គាំង រាករូស និងហើមពោះផងដែរ ព្រោះទឹកដោះមានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់បណ្ដាលមកពីការប្រើថ្នាំខ្មែរ។ សម្រាប់ម៉ាក់ៗដែលកំពុងពពោះក៏មិនត្រូវផឹកថ្នាំឆ្នាំង ឬថ្នាំផ្សេងពីរុក្ខជាតិដែរ ព្រោះអាចបណ្ដាលឲ្យកូនក្នុងពោះមានបញ្ហាទឹកភ្លោះជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]