ចិន៖ ក្រុមហ៊ុន Huawei ថ្ងៃនេះបានដាក់សំណើមួយសម្រាប់ការវិនិច្ឆ័យជាសង្ខេប ដែលជាផ្នែកមួយនៃដំណើរការ ដើម្បីតស៊ូមតិនឹងធម្មនុញ្ញមាត្រា ៨៨៩ នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០១៩ (NDAA ២០១៩) ហើយវាក៏ជាការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់យុទ្ធនាការរបស់ខ្លួនក្នុងការប្រឆាំងនឹងក្រុមហ៊ុន Huawei ដោយសារតែវាមិនអាចជួយក្នុងការដោះស្រាយបញ្ហាសន្តិសុខអ៊ីនធឺណិតនោះទេ។

លោក Song Liuping ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុន Huawei ដោយយកបញ្ហាសន្តិសុខអ៊ីនធឺណិត គឺជាលេស៖

«វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះ កាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ទៅលើអ្វី ដែលជាបញ្ហាប្រឈមពិតប្រាកដដែលយើងកំពុងប្រឈម»។
លោក Song Liuping ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei

លោក Song បានកត់សម្គាល់ថា៖

«អ្នកនយោបាយរបស់សហរដ្ឋអាមេរិក កំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និងស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ភស្តុតាងដើម្បីបង្ហាញអំពីការគំរាមកំហែងរបស់ក្រុមហ៊ុន Huawei លើផ្នែកសន្តិសុខអ៊ីនធឺណិតនោះទេ គ្មានកាំភ្លើង គ្មានផ្សែង មានតែការប៉ាន់ស្មានតែប៉ុណ្ណោះ»។

លោក Song បានបន្ថែម។

នៅក្នុងពាក្យបណ្តឹងក្រុមហ៊ុន Huawei បានអះអាងថាមាត្រា ៨៨៩ របស់ NDAA ក្នុងឆ្នាំ២០១៩ បានលើកឈ្មោះក្រុមហ៊ុន Huawei ហើយមិនត្រឹមតែរារាំងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកពីការទិញឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Huawei តែប៉ុណ្ណោះទេ ថែមទាំងរារាំងពួកគេមិនឱ្យចុះកិច្ចសន្យាផ្តល់ជំនួយ ឬប្រាក់កម្ចីដល់ភាគីទីបី ដែលទិញឧបករណ៍ឬសេវាកម្មពីក្រុមហ៊ុន Huawei ផងដែរ បើទោះជាមិនមានផលប៉ះពាល់ ឬក៏ទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្តី។

លោក Song ក៏បានថ្លែងផងដែរអំពីការបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី EL “Entity List” ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុនថា៖

«នេះជាគំរូដ៏គ្រោះថ្នាក់ ថ្ងៃនេះវាជាប្រព័ន្ធទូរគមនាគមន៍ និង Huawei ថ្ងៃស្អែកវាអាចជាវិស័យឧស្សាហកម្មរបស់អ្នក ក្រុមហ៊ុនរបស់អ្នក និងអាចជាអតិថិជនរបស់អ្នក។ប្រព័ន្ធតុលាការគឺជាខ្សែការពារចុងក្រោយសម្រាប់ស្វែងរកយុត្តិធម៌។ ក្រុមហ៊ុន Huawei មានទំនុកចិត្តលើឯករាជ្យភាព និងសុចរិតភាព នៃប្រព័ន្ធតុលាការរបស់ សហរដ្ឋអាមេរិក។ យើងសង្ឃឹមថាកំហុសនៅក្នុង NDAA អាចត្រូវបានកែតម្រូវដោយតុលាការ»។

លោក Glen Nager អ្នកប្រឹក្សារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា មាត្រា ៨៨៩ នៃ NDAA ឆ្នាំ២០១៩ រំលោភលើ “Bill of Attainder” និងលក្ខន្តិកាសនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ហេតុដូច្នេះករណីនេះគឺសុទ្ធសាធជាបញ្ហាច្បាប់ “a matter of law” ហើយដោយសារតែវាមិនមែនជារឿងពិត ដូចនេះយើងមានហេតុផលត្រឹមត្រូវ ដើម្បីពន្លឿនដំណើរការនៃការវិនិច្ឆ័យនេះ។

ក្រុមហ៊ុន Huawei ជឿជាក់ថាការធ្វើមកលើក្រុមហ៊ុន Huawei របស់សហរដ្ឋអាមេរិក នឹងមិនជួយធ្វើឱ្យបណ្តាញទំនាក់ទំនងកាន់តែមានសុវត្ថិភាពនោះទេ។ ក្រុមហ៊ុន Huawei រំពឹងថាសហរដ្ឋអាមេរិកនឹងចាត់វិធានការដ៏ត្រឹមត្រូវ និងអនុម័តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សន្តិសុខអ៊ីនធឺណិតសម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើគោលដៅជាក់ស្តែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាសន្តិសុខអ៊ីនធឺណិតពិតមែន។ ស្របតាមដីកាកំណត់ កាលបរិច្ឆេទសវនាការនេះ ត្រូវបានកំណត់ធ្វើឡើងនៅខែ កញ្ញា ឆ្នាំ២០១៩៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]