ចិន៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យា សិស្សបច្ចុប្បន្នសុទ្ធសឹងតែមានទូរស័ព្ទប្រើប្រាស់គ្រប់ៗដៃ ដែលជាហេតុនាំឲ្យការសិក្សាហាក់មានការធ្លាក់ចុះ ព្រោះតែការវក់នឹងឧបករណ៍ដ៏ទំនើបមួយនេះ។

បើប្រឡេកទៅមើលឯប្រទេសចិនវិញ បច្ចុប្បន្នសាលារៀនមួយចំនួន ក៏កំពុងតែមានវិធានការក្តៅ នៅក្នុងការរឹតបន្ដឹងជុំវិញនឹងបញ្ហានៃការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្ស ក្នុងបរិវេណសាលាផងដែរ។ រហូតដល់ថ្នាក់មានសាលារៀនខ្លះ ធ្វើការព្រមានផ្សេងៗ ហើយក៏មានសាលារៀនខ្លះទៀត ចាប់បាននឹងត្រូវយកទៅកម្ទេចចោលតែម្តង។

សិស្សប្រុសបង្ខំចិត្តដំកម្ទេចទូរស័ព្ទរបស់ខ្លួន

ជាក់ស្តែង កាលពីពេលថ្មីនេះៗ សិស្សប្រុសម្នាក់ក៏ត្រូវបានបង្ខំចិត្តឲ្យដំកម្ទេចទូរស័ព្ទរបស់ខ្លួនចោល ក្រោយចាប់បានសកម្មភាពឃើញប្រើប្រាស់នៅក្នុងសាលា។ ហេតុការណ៍នេះ ត្រូវបានគេដឹងថា កើតឡើងនៅសាលារៀន The Hui People Middle School ក្នុងទីក្រុង Shangqiu ភាគកណ្តាលខេត្ត Henan ប្រទេសចិន។

តាមរយៈវីដេអូឃ្លីប គេឃើញសិស្សប្រុសម្នាក់ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ អាយុប្រហែលខ្ទង់ ១៧ ឬ ១៨ឆ្នាំ បានអង្គុយដំកម្ទេចទូរស័ព្ទរបស់ខ្លួន នៅលើកម្រាលឥដ្ឋក្នុងសាលា។ គេក៏អាចឮសូរសំឡេងរបស់មនុស្សស្រីម្នាក់ទៀត ដែលនៅឈរមើលនិងត្រូវបានគេជឿជាក់ថា ជាមិត្តរួមថ្នាក់របស់គេនោះ ក៏បានប្រាប់បង្ខំឲ្យសិស្សប្រុសខាងលើ កម្ទេចទូរស័ព្ទនោះម្តងហើយម្តងទៀតផងដែរ។ នាងថែមទាំងបាន បញ្ជាឲ្យសិស្សប្រុសនោះ បោកវាទៅនឹងជញ្ជាំងថែមទៀតផង។

ជុំវិញនឹងករណីនេះ អ្នកលេងបណ្តាញសង្គមចិនជាច្រើន ក៏បានសម្ដែងការរិះគន់ ដែលបុគ្គលិកនៅសាលាខាងលើ ឬគ្រូៗ បែរជាឲ្យសិស្សធ្វើសកម្មភាពបែបនេះដោយខ្លួនគេ ដែលហាក់បីដូចជាមិនយល់ពីអារម្មណ៍របស់សិស្សទាល់តែសោះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យខាងសាលាម្នាក់ ក៏បានចេញមុខប្រកាសថា សកម្មភាពនេះពុំជាប់ទាក់ទងទៅនឹងគ្រូ ដែលដាក់ពិន័យទៅលើសិស្សប្រុសខាងលើនេះនោះទេ។

សិស្សប្រុសបង្ខំចិត្តដំកម្ទេចទូរស័ព្ទរបស់ខ្លួន

អ្នកនាំពាក្យខាងសាលាបានលើកឡើងថា «ពួកយើងតែងតែមានការហាមប្រាមដល់សិស្សចំពោះការប្រើប្រាស់ទូរស័ព្ទនេះមែន។ ហើយសិស្សៗទាំងអស់ក៏បានចុះហត្ថលេខាព្រមព្រាងជាមួយសាលា ដោយមិនយកទូរស័ព្ទចូលក្នុងបរិវេណសាលាផងដែរ។ ពោលគឺ គ្មានសិស្សណាម្នាក់ ដែលត្រូវអនុញ្ញាតឲ្យយកទូរស័ព្ទមកសាលាបានឡើយ។ ហើយគ្រូៗក៏មិនបានទៅបង្ខំសិស្សឲ្យដំ ឬបោកកម្ទេចទូរស័ព្ទរបស់ពួកគេនោះទេ សាលាគ្មានច្បាប់បែបនេះឡើយ។ ប៉ុន្តែនេះវាអាចជាគោលការណ៍ច្បាប់របស់សិស្សច្រើនជាង ដែលត្រូវសម្រេចចិត្តធ្វើបែបនេះដោយខ្លួនឯង នៅពេលដែលសិស្សណាម្នាក់ចាប់បានថា បានយកទូរស័ព្ទចូលក្នុងសាលា។ ហើយវីដេអូឃ្លីបនេះ ត្រូវបានថតបានដោយគ្រូបង្រៀនស្រីម្នាក់ ដែលបានដើរកាត់និងប្រទះឃើញ បន្ទាប់មកយកទៅបង្ហោះចែកចាយ ដើម្បីគ្រាន់តែចង់បង្ហាញឲ្យសិស្សៗនៅក្នុងថ្នាក់របស់គាត់ បានឃើញពីសកម្មភាពមួយនេះ និងមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ»។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះទៀតសោត ខាងសាលារៀនមិនត្រូវបានគេរំពឹងថា នឹងផ្តល់សំណងចំពោះការខូចខាតទូរស័ព្ទ ដល់សិស្សប្រុសនោះ ឬក្រុមគ្រួសាររបស់គេនោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]