អង់គ្លេស៖ លោក Mike Ashley កំពុងស្ថិតនៅដំណាក់កាលចរចាជាមួយព្រះអង្គម្ចាស់ Sheikh Khaled bin Zayed Al Nahyan ដែលជាមហាសេដ្ឋីកំពូលមួយរូបនៃប្រទេសអារ៉ាប់អេមីរ៉ាត ដើម្បីពិភាក្សាពីតម្លៃក្នុងការលក់ក្លិប Newcastle United។ ព្រះអង្គម្ចាស់ Sheikh Khaled ដែលជាសាច់ញាតិជាមួយព្រះអង្គម្ចាស់ Sheikh Mansour ម្ចាស់ក្លិប Manchester City នោះ ត្រូវបានគេដឹងថា ទ្រង់បានបរាជ័យក្នុងការទិញយកក្លិប Liverpool កាលពីឆ្នាំមុន បើទោះបីជាទ្រង់ហ៊ានឱ្យថ្លៃរហូតដល់ជាង ២,៥៣៤លានដុល្លារយ៉ាងណាក៏ដោយ។

លោក Mike Ashley
ព្រះអង្គម្ចាស់ Sheikh Khaled bin Zayed Al Nahyan

ដោយឡែក ចំពោះការចរចាក្នុងការទិញយកក្លិប Newcastle United វិញ ប្រភពពី Guardian បានរាយការណ៍ថា កិច្ចព្រមព្រៀងត្រូវបានរៀបចំរួចជាស្រេចទៅហើយ ដោយភាគីក្លិប Newcastle បានយល់ព្រមទៅលើតម្លៃ ៣៥០លានផោន ដែលស្មើនឹងជាង ៤៤៣លានដុល្លារ ខណៈដែលក្រុមហ៊ុន Bin Zayed ដែលជាម្ចាស់ថ្មីរបស់ក្លិបរំពឹងថា កិច្ចព្រមព្រៀងនេះអាចបញ្ចប់ជាផ្លូវការនាពេលឆាប់ៗ។

យ៉ាងណាមិញ ក្លិប Newcastle United ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបអាចបញ្ជាក់បានថា ភាគីតំណាងរបស់ព្រះអង្គម្ចាស់ Sheikh Khaled Bin Zayed Al Nahyan កំពុងស្ថិតក្នុងការចរចាជាមួយលោក Mike Ashley ដើម្បីស្នើសុំទិញយកក្លិបបាល់ទាត់ Newcastle United។ យើងចាត់ទុកថានេះជាកិត្តិយសមួយ និងជាឱកាសសម្រាប់ការពង្រឹងការគាំទ្រប្រវត្តិសាស្រ្ត និងប្រពៃណីរបស់ក្លិប”។

គួរបញ្ជាក់ថា លោក Mike Ashley បានទិញយកក្លិប Newcastle United កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃ ១៣៤,៤លានផោន ឬប្រមាណជា ១៧០លានដុល្លារ៕ 

ក្លិប Newcastle United
កីឡដ្ឋានក្លិប Newcastle United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]