ប៉េរូ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួន ប្រហែលជាអាចនៅចាំបាន ពីក្មេងប្រុសវ័យ១២ឆ្នាំ ជនជាតិប៉េរូម្នាក់ ដែលតស៊ូព្យាយាមនៅក្នុងការសិក្សារៀនសូត្រ រហូតត្រូវឆ្លៀតពេលទៅធ្វើកិច្ចការសាលា ទាំងកណ្តាលអធ្រាត្រ នៅក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសារក្រក្រីពុំមានភ្លើងប្រើប្រាស់នៅផ្ទះនឹងគេ។

ក្មេងប្រុស Victor

ជាការពិតណាស់ រឿងរ៉ាវដ៏រំជួលចិត្តរបស់ក្មេងប្រុសកំសត់ រៀនពូកែ ដែលត្រូវបានគេស្គាល់ឈ្មោះថា Victor Martin Angulo Cordoba រស់នៅក្នុងទីក្រុង Moche ប្រទេសប៉េរូនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ និងល្បីសុះសាយយ៉ាងខ្លាំងលើបណ្តាញសង្គម ហើយកាលពីពេលកន្លងមក ក៏ធ្លាប់ត្រូវបានចៅហ្វាយក្រុងចុះសួរសុខទុក្ខ ផ្តល់ជំនួយ និងសន្យាថានឹងផ្តល់អគ្គិសនីដល់ផ្ទះរបស់គេ ដើម្បីបានប្រើប្រាស់សម្រួលដល់ការលំបាកផងដែរ។

លោក Ahmed Mubarak

ប៉ុន្តែមិនថាយ៉ាងណា សម្រាប់ពេលថ្មីៗនេះវិញ អាចនិយាយថា ក្មេងប្រុស Victor គឺកំពុងតែមានសំណាង និងក្តីសង្ឃឹមទៅមុខយ៉ាងវិសេសវិសាលជាថ្មីទៀត បន្ទាប់ពីត្រូវបានមហាសេដ្ឋីនៃប្រទេសបារ៉ែនម្នាក់ បានចាប់អារម្មណ៍ខ្លាំងលើរឿងរបស់គេ ហើយថែមទាំងបានសន្យាថា នឹងជួយដល់គេជាច្រើនថែមទៀតផង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Yaqoob Yusuf Ahmed Mubarak អាយុ ៣១ឆ្នាំ ដែលត្រូវបានគេស្គាល់ថា គឺមហាសេដ្ឋីបារ៉ែន មានចិត្តសប្បុរសជួយដល់សង្គម បានទាក់ចិត្តនឹងរឿងរបស់ក្មេងប្រុស Victor យ៉ាងខ្លាំង រហូតដល់ថ្នាក់ជិះយន្តហោះឆ្លងប្រទេសមកកាន់ប៉េរូ ដើម្បីជួបសួរសុខទុក្ខផ្ទាល់ជាមួយនឹង Victor និងក្រុមគ្រួសាររបស់គេតែម្តង។

លោក Ahmed Mubarak និង Victor

វាពិតជាភ្ញាក់ផ្អើល ដែលមហាសេដ្ឋីរូបសង្ហានេះ បានសន្យាថា លោកនឹងជួយសាងសង់ផ្ទះថ្មី កម្ពស់២ជាន់ មួយខ្នងឲ្យគ្រួសារ Victor ហើយលោកក៏នឹងរៀបចំបើកអាជីវកម្មមួយឲ្យម្តាយរបស់ Victor ដើម្បីឲ្យគាត់អាចប្រកបរបររកចំណូល ជួយដល់អនាគតកូនប្រុសតទៅមុខ និងជួយឲ្យការសិក្សារបស់គេកាន់តែល្អប្រសើរជាងមុនផងដែរ។

បន្ថែមលើពីនេះ លោកក៏ថែមទាំងបានសន្យាទៀតថា នឹងជួយជួសជុលកែលម្អសាលាដែល Victor រៀន ក៏ដូចជាជួយជាគ្រឿងបរិក្ខាផ្សេងៗ ក្នុងសាលាថែមទៀតផង។

លោក Ahmed Mubarak បាននិយាយថា លោកពិតជាមានចិត្ត អាណិត និងចង់ជួយដល់ Victor យ៉ាងខ្លាំង ព្រោះថាខ្សែជីវិតរបស់គេ ក៏មិនខុសគ្នាប៉ុន្មានទៅនឹងលោក កាលដែលលោកនៅក្មេងនោះដែរ។

ជុំវិញនឹងករណីនេះ ក្មេងប្រុស Victor បាននិយាយថា រូបគេពិតជាអរគុណយ៉ាងធំធេងបំផុត សម្រាប់ទឹកចិត្តដ៏ប្រពៃដែលបានជួយដល់គេ និងគ្រួសារ ហើយថែមទាំងជួយដល់សាលារបស់គេ ដែលអាចឲ្យគេអាចបន្តការសិក្សាទៅមុខទៀតបាន។

ដោយឡែក អ្នកស្រី Rosa ជាម្តាយរបស់ Victor ក៏បាននិយាយដែរថា កូនប្រុសរបស់អ្នកស្រីពិតជារំភើបក្នុងចិត្តយ៉ាងខ្លាំង នូវអ្វីគ្រប់យ៉ាងដែលជាជំនួយដ៏ពិសេសនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ចុចអានអត្តបទចាស់៖ សែនក្តុកក្តួល! ក្មេងប្រុស១២ឆ្នាំម្នាក់ តស៊ូរៀនទាំងយប់ ក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសារក្រក្រី..... (មានវីដេអូ) 

លោក Ahmed Mubarak និង Victor
លោក Ahmed Mubarak
លោក Ahmed Mubarak និង Victor
លោក Ahmed Mubarak និង Victor
លោក Ahmed Mubarak និង Victor
លោក Ahmed Mubarak និង Victor
ក្មេងប្រុស Victor
ក្មេងប្រុស Victor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]