បញ្ហា​នេះ​តែង​កើត​មាន​ចំពោះ​ស្រីៗ​គ្រប់​រូប មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ធ្លាប់​មាន​បេប៊ី​ពី​មុន​ទេ។ រឿង​មាន​ទឹក​ដោះ​តិច ឬ​គិត​ខ្លួន​ឯង​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់ អាច​ដោយ​សារ​អារម្មណ៍ ឬ​បញ្ហា​ណា​មួយ ប៉ុន្តែ​កុំ​ទាន់​សម្រេច​ចិត្ត​ភ្លាម ជ្រើស​ម្សៅ៉ទឹក​ដោះ​គោ​បំបៅ​បេប៊ី​អី ព្រោះ​ទឹក​ដោះ​យើង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​បេប៊ី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ ក៏​ដូច​ជា​វិធី​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ហេតុ​អី​បាន​ជា​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់?

បញ្ហា​បំបៅ​ដោះ ម៉ាក់ៗ​គ្រប់​រូប​តែង​ជួប​ប្រទះ​នោះ គឺ​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​យើង​គិត​ថា ​ជឿ​ថា​ខ្លួន​ឯង​គ្មាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​បេប៊ី ខណៈ​ការ​ពិត ទឹកដោះ​យើង​មាន​គ្រប់គ្រាន់​សោះ។ រឿង​នេះ អាច​មក​ពី​ម៉ាក់ៗ​ថ្មី​ថ្មោង​មួយ​ចំនួន ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់។ លើស​ពី​នេះ ម៉ាក់ៗ​ភាគ​ច្រើន​នៅ​មិន​ទាន់​ឲ្យ​តម្លៃ​ទឹកដោះ​ខ្លួន ស្មើ​នឹង​ម្សៅ​ទឹក​ដោះ​គោ បើ​ទោះ​បី​ជា​មាន​ការ​អះអាង ណែនាំ​ទឹក​ដោះ​ម៉ាក់ៗ ជា​សារជាតិ​ចិញ្ចឹម​ល្អ​បំផុត​សម្រាប់​បេប៊ី​ក៏​ដោយ។
គ្នា​យើង​មួយ​ចំនួន​តែង​ភ័ន្ត​ច្រឡំ​រឿង​ទឹក​ដោះ​តិច ឬ​ច្រើន​ដោយ​សម្គាល់​សញ្ញា​ខុសៗ​គ្នា ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ ត្រូវ​ផ្តោត​លើ​ការ​ឡើង​ទម្ងន់​របស់​បេប៊ី ទើប​ត្រឹម​ត្រូវ។ បេប៊ី​បៅ​ដោះ​ម៉ាក់ៗ មិន​ងាយ​ធាត់​ជ្រុល ដូច​បេប៊ី​បៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ។ ជំនាញ​បាន​បញ្ជាក់​ថា បេប៊ី​អាច​ឡើង​ទម្ងន់​ទ្វេរ​ដង​អំឡុង​ពេល ៥-៦ ខែ​ប៉ុណ្ណោះ ហើយ​គុណ​នឹង​បី​នៅ​ពេល​អាយុ ១ ខួប។ ដើម្បី​ដឹង​ថា បេប៊ី​ទទួល​ទឹក​ដោះ​ពី​យើង​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ គ្នា​យើង​អាច​សម្គាល់​រឿង​នេះ​បាន​យ៉ាង​ងាយ តាម​រយៈ​ខោ​ទឹក​នោម ព្រោះ​បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​តែង​ប្រើ​ខោ​ទឹក​នោម​ជា​ធម្យម ៤-៦ ខោ/មួយ​ថ្ងៃ ខណៈ​លាមក​មាន​ពណ៌​លឿង​ស្រាល កកៗ មាន​ន័យ​ថា បេប៊ី​ទទួល​ទឹក​ដោះ​មិន​គ្រប់​គ្រាន់​ហើយ។ ក្រៅ​ពី​នេះ យើង​ក៏​អាច​តាមដាន​មើល​ស្បែក និង​ភ្នែក​បេប៊ី​បាន​ដូច​គ្នា។

២- ម៉ាក់ៗ​តែ​ភ័ន្ត​ច្រឡំ​ខ្លួន​ឯង​មាន​ទឹក​ដោះ​តិច

កុំ​ទាន់​បារម្ភ​អី ទោះ​ទឹក​ដោះ​មាន​តិច មិន​គ្រប់​ឲ្យ​បេប៊ី​បៅ យើង​នៅ​តែ​អាច​កែខៃ​បាន ដោយ​ប្រើ​វិធី​បុរាណ ព្រោះ​ជាច្រើន​ជំនាន់​មក​ហើយ គេ​ជឿ​ថា​ថ្នាំ​រុក្ខជាតិ​ខ្លះ​មាន​សុវត្ថិភាព​ចំពោះ​ម៉ាក់​មាន​ទឹក​ដោះ​តិច ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​វិញ ប៉ុន្តែ​មុន​ប្រើ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន។ ម្យ៉ាង​ទៀត របប​អាហារ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់ៗ​ដូច​ជា ដោយ​ជា​ធម្មតា​ពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​ញ៉ាំ​បន្លែ ផ្លែឈើ​ ស៊ុប ត្រី​សាច់​ឲ្យ​បាន​ច្រើន ពិសេស​ផ្លែ​ល្ហុង ដើម្បី​សម្បូរ​ទឹក​ដោះ ហើយ​ទឹក​ដោះ​ដែល​ផលិត​ចេញ​ក៏​ពោរពេញ​ដោយ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី​ទៀត​ផង។

៣- ដោះ​ស្រាយ​បញ្ហា​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ដោះ​ចេញ​តិច

នៅ​មាន​ហេតុ​ផល​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ មួយ​ក្នុង​ចំនោម​នោះ គឺ​ការ​ទុក​ដាក់​បេប៊ី​មិន​បាន​ត្រឹមត្រូវ ព្រោះ​ពេល​បេប៊ី​នៅ​ឆ្ងាយ​តែ​ឯង នឹង​បណ្តាល​ឲ្យ​ខ្វះ​ការ​ភ្ញោច​សុដន់​របស់​ម៉ាក់ៗ ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា។ ទឹកដោះ​តិច​ពេក ក៏​អាច​មក​ពី​រូបរាង​នៃ​ចុង​ដោះ​ផង​ដែរ ពិសេស​ចុង​ដោះ​សំប៉ែត ឬ​លឹប​ចូល​ក្នុង​ធ្វើ​ឲ្យ​បេប៊ី​ពិបាក​បៅ។ បញ្ហា​មួយ​ទៀត បើ​យើង​ពន្យារ​ការ​បំបៅ​ដោះ​កូន ដោយ​សារ​ឈឺ​ចុង​សុដន់ ឬ​មាន​អារម្មណ៍​រំខាន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​រាំង​ស្ទះ​ការ​ផលិត​ទឹក​ដោះ​ដែរ។ បំបៅ​ដោះ​មិន​ទៀងទាត់ ក៏​អាច​បង្ក​បញ្ហា​នេះ​ដូច​គ្នា ហើយ​ដើម្បី​ដោះស្រាយ គ្នា​យើង​ត្រូវ​ដាក់​បេប៊ី​លើ​ទ្រូង​ពេល​មឹម​ដោះ​ និង​ឲ្យ​បាន​ញឹក​ញាប់ យ៉ាង​ហោច​ណាស់ ៨ ដង​/​ថ្ងៃ។ ពេល​បេប៊ី​បៅ​ញឹកញាប់ សុដន់​ក៏​ផលិត​ទឹក​ដោះ​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ ហើយ​បើ​យើង​ទម្លាប់​កូន​បៅ​ម្សៅ​៉ទឹក​ដោះ​គោ​ជំនួយ នឹង​ធ្វើ​ឲ្យ​បេប៊ី​លែង​ចង់​បៅ​ដោះ​ម៉ាក់ៗ​មិន​ខាន។ ក្រៅ​ពី​នេះ បញ្ហា​ស្ត្រេស​ក៏​ជា​រឿង​មិន​អាច​ចៀស​ផុត ទាំង​អំឡុង​ពេល​កំពុង​ពពោះ និង​ក្រោយ​សម្រាល ហើយ​ជា​កត្តា​​ចម្បង​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​ដោះ​បាន​តិច។

៤- វិធី​សាស្ត្រ​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន

ដូច​បាន​រៀបរាប់​ខាង​លើ របប​អាហារ ផឹក​ទឹក និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ អាច​បង្កើន​ការ​ផលិត​ទឹក​ដោះ​បាន។ ក្រៅ​ពី​នេះ​ ម៉ាក់ៗ​គួរ​ចៀស​វាង​ប្រើ​ដប​ទឹក​ដោះ​គោ ឬ​ក្បាល​ដោះ​ជ័រ នៅ​ពេល​ផ្តល់​ទឹក ឬ​ទឹក​ដោះ​ឲ្យ​បេប៊ី ព្រោះ​ធ្វើ​បែប​ បេប៊ី​អាច​ច្រឡំ​ មិន​ដឹង​មួយ​ណា​ជា​ចុង​ដោះ​ម៉ាក់ៗ​នោះ​ទេ។ គួរ​តែ​ប្រើ​កែវ ស្លាបព្រា ឬ​សឺរ៉ាំង បើ​ចាំ​បាច់។
បើ​នៅ​តែ​មាន​បញ្ហា គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ឈ្មោះ Domperidone ដើម្បី​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) ដែល​សំខាន់​ជួយ​បង្កើន​ការ​ផលិត​ទឹក​ដោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]