អង់គ្លេស៖ ក្លិប Manchester City បានក្លាយជាក្លិបដំបូងបង្អស់នៅអង់គ្លេស ដែលបានឈ្នះពានធំៗក្នុងស្រុកចំនួន ៣ ក្នុងមួយរដូវកាល (Domestic Treble) នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសរួមមាន ពាន EFL Cup ពាន FA Cup និងជើងឯក English Premier League។ ទោះបីជាយ៉ាងណាក្តី ក្រុមរបស់លោក Pep Guardiola ត្រូវបានអ្នកគាំទ្របាល់ទាត់មួយចំនួននិយាយថា ក្លិបនេះអាចជោគជ័យបែបនេះ ក៏មកពីការចាយលុយធំផងដែរ។

លោក Khaldoon Al Mubarak
ក្លិប Manchester City ឈ្នះពាន Premier League

យ៉ាងណាក៏ដោយ លោក Khaldoon Al Mubarak ដែលជានាយករបស់ក្លិបបានអះអាងថា លោកនឹងមិនទទួលការបង្វែរយុទ្ធសាស្រ្តទៅលើការសម្រេចចិត្តវិនិយោគឡើយ។ ចំណុចនេះ លោក Mubarak បានបន្ថែមថា៖ “នៅពេលដែលក្លិបចាប់ផ្តើមជោគជ័យ វានឹងលេចចេញនូវអាការម្យ៉ាងដែលអាចនិយាយបានថាជាការច្រណែន។ វាមិនងាយស្រួលទេសម្រាប់ការប្រកួតប្រជែងរបស់យើង។ ប៉ុន្តែការពិត Man City មិនបានទិញកីឡាករថ្លៃៗបំផុតដូចក្លិបផ្សេងៗនៅ Premier League ឡើយ។ ពួកយើងមិនមានកីឡាករថ្លៃបំផុតនៅ Premier League ឬក៏អ្នកចាំទីថ្លៃបំផុត (Kepa Arrizabalaga) ហើយក៏គ្មានខ្សែប្រយុទ្ធថ្លៃបំផុតនៅ Premier League(Lukaku) ដែរ"។

កីឡាករ Riyad Mahrez
កីឡាករ Kevin De Bryune

គួរបញ្ជាក់ថា ក្លិប Manchester City មានកំណត់ត្រាទិញចូលកីឡាករថ្លៃបំផុតគឺ Riyad Mahrez ដែលមានតម្លៃ ៦០លានផោន បន្ទាប់ពីទិញយកពីក្លិប Leicester City កាលពីរដូវកាលមុន ខណៈដែលកីឡាករផ្សេងៗទៀតត្រឹមតែជាង ៥០លានផោនតែប៉ុណ្ណោះដូចជា Laporte (៥៧លានផោន), Kevin De Bryune (៥៥លានផោន) និង Benjamin Mendy (៥២លានផោន) ជាដើម។ យ៉ាងណាមិញ ការរិះគន់ទៅលើការចំណាយរបស់ក្លិប Man City នេះ បានបន្តកើតឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីស្ថាប័នវិន័យរបស់ UEFA បានចោទប្រកាន់ថា City បានបំពានទៅលើច្បាប់ហិរញ្ញវត្ថុ (Financial Fair Play – FFP) ខណៈដែលក្លិប Man City បានបដិសេធរឿងនេះ៕

Manchester City ឈ្នះពាន FA Cup
ក្លិប Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]