ខេត្តសៀមរាប ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​អះអាង​ថា អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច​ត្រូវ​បាន​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) កាលពី​ពេល​ថ្មី​ៗ​នេះ​ចាត់​ចូល​ជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​កម្ពុជា ។

លោក Michael Meyerhoff នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អង្គរ​រ​សម្រាប់​អភិរក្ស​ជីវចម្រុះ (ACCB) បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​អណ្តើក​ភ្នំ ដោយ​លោក​បាន​លើក​ឡើង​ថា «​ការ​ដែល​អណ្តើក​ភ្នំ​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ប្រឈម​នឹង​ការ​ផុត​ពូជ​នោះ គឺ​បន្ទាប់​ពី​ក្រុម​ជំនាញ​របស់​អង្គការ IUCN បាន​ចុះ​សិក្សា និង​វាយតម្លៃ​ជាស​កល​នៃ​ការ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ប្រភេទ​នេះ​ជាង​៨០​ភាគរយ​ក្នុង​ចន្លោះ​ពេល​៩០​ឆ្នាំ ចុង​ក្រោយ​នេះ ហើយ​មូលហេតុ​ចម្បង​បំផុត គឺ​មក​ពី​ការ​បាត់បង់​ព្រៃ​ដែល​ជាទី​លំនៅ និង​ការ​ជួញដូរ​»​។

លោក​បាន​បន្ត​ថា ច្រើន​ជាង​៥០​ភាគរយ​នៃ​ពពួកសត្វ​អណ្តើក​ជាង​៣៦០​ប្រភេទ​នៅ​ទូ​ទាំង​ពិភពលោក និង​១៤​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​អាច​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​ពេល​ខាង​មុខ​។ លោក​បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ការ​រង​គ្រោះ​នៃ​ពពួកសត្វ​ប្រភេទ​នេះ​ទើប​គម្រោង​នៃ​ការ​បង្កាត់​ពូជ​អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច​នេះ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៣ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​មជ្ឈមណ្ឌល​របស់​លោក​បាន​បង្កាត់​កូនអណ្តើក​ភ្នំ​ចំនួន​៧៣​ក្បាល ចំណែកឯ​នៅ​ក្នុង​ឆ្នាំ​២០១៩ គិត​រហូត​មក​ដល់​ពេល​នេះ គឺ​មានកូន​អណ្តើក​ភ្នំ​ចំនួន​៣៥​ក្បាល ហើយ​ដែល​បាន​ញាស់ ហើយ​លោក​សង្ឃឹមថានឹង​ទទួល​បាន​ទិន្នផល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨ ។ លោក​បាន​បន្ថែម​ថា មាន​សត្វ​អណ្តើក ប្រមាណ​៥០០​ក្បាល ចែក​ជា​០៩​ប្រភេទ​កំពុង​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ក្នុង​នោះ​អណ្តើក​ភ្នំ គឺ​មាន​ប្រមាណ​៣០០​ក្បាល ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​ការ​ធ្លាក់​ចុះ​នៃ ចំនួន​អណ្តើក​ភ្នំ គឺ​ដោយសារ​កត្តា​ជា​ច្រើន​ក្នុង​នោះ​កត្តា​ចម្បង​បំផុត គឺ​ការ​បាត់បង់​ទីជម្រក ការ​បាត់បង់​ជីវៈចម្រុះ និង​ការ​ជួញដូរ ហើយ​ទម្លាប់ និង​ជំនឿ​នៃ​ការ​ទិញ​អណ្តើក ដើម្បី​ព្រ​លែង ដើម្បី​រំដោះគ្រោះ ឬ​បាន​បុណ្យ​នោះ​ក៏​ជា​កត្តា​ដែល​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​ផង​ដែរ ដោយ​អ្នកលក់ ឬ​ក្រុម​ជួញដូរ​នឹង​បន្ត​ចាប់ និង​ដាក់​អន្ទាក់​កាន់តែ​ច្រើន​ឡើង​ៗ បើ​ទោះជា​អណ្តើក​ភ្នំ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ ។

សូម​បញ្ជាក់​ថា អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច គឺជា​ប្រភេទ​អណ្តើក​ដែល​មាន​មាឌតូច ហើយ​អណ្តើក​ពេញវ័យ​មាន​ទម្ងន់​មិន​លើស​ពី​៣.៥​គីឡូក្រាម ដោយ​អណ្តើក​ញី​មាន​មាឌធំ​ជាង​អណ្តើក​ឈ្មោល ហើយ​អណ្តើក​ពេញវ័យ​អាច​បន្ត​ពូជ​បាន​នៅ​ពេល​មាន​អាយុ​ពី​៦​ទៅ​៨​ឆ្នាំ ។ អណ្តើក​ប្រភេទ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ និង​តំបន់​ទំនាប​ភាគ​ខាងត្បូង និង​ភាគ​ខាងជើង​នៃ​ដង​ទន្លេមេគង្គ ហើយ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយ​អង្គការ IUCN ។

ប្រទេស​កម្ពុជា គឺ​ប្រទេស​មួយ​ដែល​មាន​ជីវៈចម្រុះ​ដ៏​សំបូរ​បែប នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន​រុក្ខជាតិ​ប្រមាណ​ជាង​៨.២៦០​ប្រភេទ ថនិកសត្វ​ជាង​២០០​ប្រភេទ សត្វ​ដែល​អាច​រស់នៅ​ក្នុង​ទឹក និង​លើគោក ព្រមទាំង​ល្មូ​ន​ជាង​២៥០​ប្រភេទ ត្រី​ជាង​៨៧៤​ប្រភេទ និង​សត្វ​ស្លាប​ជាង​៦០០​ប្រភេទ ។ ហើយ​នៅ​ប៉ែក​និរតី​នៃ​ប្រទេស គឺ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​លាតសន្ធឹង ប្រមាណ​១០.០០០​គីឡូ​ម៉ែត្រការ៉េ គឺជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំខាន់​ដោយ​មាន​សត្វចតុប្បាទ​ធំ​ៗ​ជា​ច្រើន​ប្រភេទ​ដូច​ជា ដំរី ខ្លាឃ្មុំ ខ្ទីង ជាដើម កំពុង​រស់នៅ និង​តំបន់​អភិរក្ស​មួយ​ចំនួន​ទៀត នៅ​ក្នុង​ភូមិភាគ​ឦសាន​ក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ប៉ុន្តែ​សត្វព្រៃ និង​ជីវៈចម្រុះ​ទាំងនេះ​បាន​ថមថយ​ចុះ​ខ្លាំង តាម​រយៈ​ការ​រុករាន​ទីលំនៅ ការ​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​ធ្វើ​កសិកម្ម ការ​ជួញដូរ ៕ កែសម្រួលដោយ ៖​សុឃាក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]