ខេត្តពោធិ៍សាត់ ៖ មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ រួមមានអធិការដ្ឋានព្រៃឈើខាងត្បូងបឹងទន្លេសាប នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បន្ទាប់ពីទទួលព័ត៌មានពីភ្នាក់ងារភ្លាម បានសហការគ្នាស្ទាក់ចាប់រថយន្ត១គ្រឿង កាលពីម៉ោង១០ព្រឹកថ្ងៃទី២៤ ឧសភា ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិទួកម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសង្ស័យថា មានដឹកបទល្មើសព្រៃឈើ។
ពេលស្ទាក់ចាប់បានហើយ សមត្ថកិច្ចឆែកឆេរក្នុងរថយន្ដរកឃើញសត្វពស់ចំនួន៥កេស ដែលដាក់ក្នុងកេសក្រដាសបិទស្កត់ជិតតែម្តង ។
រថយន្តដឹកបទល្មើសនេះ ម៉ាកសាំយ៉ុង ចង្កូតឆ្វេង ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2B 1410 បើកដោយបុរសម្នាក់ជាម្ចាស់រថយន្ដផ្ទាល់ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រពន្ធ និងកូនស្រីតូចម្នាក់រួមដំណើរជាមួយផងដែរ។
បើតាមប្ដីប្រពន្ធខាងលើបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពួកគាត់ជាអ្នករត់តាក់ស៊ី ហើយកេសក្រដាសដែលមានបង្កប់សត្វពស់ទាំង៥កេសនេះ ពួកគាត់ស៊ីឈ្មួលដឹកឲ្យគេចេញពីឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ ដោយពុំដឹងរឿងអ្វីទាំងអស់ ស្មានថា ឥវ៉ាន់ដាក់កេសធម្មតាដូចសព្វដង លុះធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ ស្រាប់តែសមត្ថកិច្ចចាប់ឃាត់ឆែកឆេរឃើញបែបនេះទៅ។
លោក ធូ សុគន្ធ មន្ត្រីមេព្រៃខេត្តបានប្រាប់កោះសន្តិភាពនៅល្ងាចថ្ងៃទី២៤ថា សត្វពស់ដែលបង្ក្រាបបាននេះ មាន៣ប្រភេទ គឺពស់សង់សឿ ពស់ប្រេង និងពស់ថ្ងាសអន្សោង សរុបទម្ងន់៨៨គីឡូក្រាម ត្រូវបានសមត្ថកិច្ចយកទៅព្រលែងចូលក្នុងព្រៃសហគមន៍អូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ នាល្ងាចថ្ងៃទី២៤នេះ ដើម្បីអភិរក្សសត្វព្រៃ។ ចំណែកមនុស្ស និងរថយន្ដគ្រាន់តែធ្វើកិច្ចសន្យា ហើយក៏ឲ្យវិលត្រឡប់ទៅផ្ទះវិញជាធម្មតា មិនយកទោសអ្វីនោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]