បារាំង៖ ក្លិប Paris Saint-Germain បានចេញសេចក្តីប្រកាសបញ្ជាក់ថា លោក Thomas Tuchel បានបន្តកុងត្រាថ្មីជាមួយក្លិបរយៈពេលមួយរដូវកាលបន្ថែមទៀត។ កិច្ចសន្យានេះមានន័យថា លោក Thomas Tuchel នឹងនៅបន្តជាគ្រូបង្វឹករបស់ក្លិបជើងឯក Ligue1 នេះបន្តរហូតដល់ឆ្នាំ ២០២១។ គួរបញ្ជាក់ថា ក្រោយទទួលជោគជ័យគួរសមជាមួយក្លិប Borussia Dortmund លោក Thomas Tuchel បានចាកចេញពីក្លិបនៅអាល្លឺម៉ង់ និងចូលមកដឹកនាំក្រុម Paris Saint-Germain កាលពីរដូវកាលមុន ជំនួសតំណែងរបស់លោក Unai Emery ដែលចាកចេញទៅ Arsenal។

លោក Nasser Al-Khelaifi និងលោក Thomas Tuchel

ក្នុងរដូវកាលដំបូងនៅ PSG លោក Tuchel បានដឹកនាំក្រុមឱ្យឈ្នះពាន Ligue1 ប៉ុន្តែមិនជោគជ័យនៅ Champions League ឡើយ ដោយធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ Manchester United។ ក្រោយការប្រកាសកិច្ចសន្យាថ្មីរួចរាល់ លោក Tuchel បាននិយាយថា៖ “ខ្ញុំពិតជារីករាយ និងមានមោទកភាពចំពោះការបន្តកិច្ចសន្យានេះ និងប្តេជ្ញាចិត្តសម្រាប់ក្លិប Paris Saint-Germain”។ លោកបន្តថា៖ “អរគុណចំពោះលោកប្រធានក្លិប ក៏ដូចជាថ្នាក់ដឹកនាំក្លិបទាំងអស់ដែលជឿជាក់លើខ្ញុំ រួមទាំងក្រុមការងារទាំងអស់។ នេះគឺជាការពង្រឹងគោលដៅរបស់ខ្ញុំ ក្នុងការដឹកនាំក្លិបនេះឡើងទៅកាន់ចំណុចកំពូល ដោយសារតែការរួមចំណែករបស់អ្នកទាំងអស់គ្នា”៕

ក្លិប Paris Saint-Germain ឈ្នះជើងឯក Ligue1
លោក Nasser Al-Khelaifi និងលោក Thomas Tuchel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]