រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​រសាត់អណ្តែត​តាម​ផ្លូវ មាន​តែ​កាបូប​​ខោអាវ អស់​លុយ គ្មាន​ឯកសារ​ជាប់​តាម​ខ្លួន មាន​តែ​កាត​មួយ​សន្លឹក សង្ស័យ​តែ​ចាញ់បោក​មេខ្យល់​នាំ​ចូល​មក​កម្ពុជា ហើយ​បោក​យក​លុយ​អស់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​អង្គុយ​តាម​ផ្លូវ​រថភ្លើង មុខ​វត្ត​ត្រពាំង​ឈូក មហាវិថី​ឈ្នះ ឈ្នះ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ២០១៩ ស្ថិត​ក្នុងភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ជនជាតិ​ចិន​ខាងលើ​អាយុ​៣០​ឆ្នាំ ហើយ​បើ​តាម​ដែល​ពលរដ្ឋ​ដែល​ចេះ​ភាសា​ខ្លះ​ៗ​សាកសួរ​ជនជាតិ​ចិន​រូប​នេះ​ថា ទើប​ចូល​មក​ប្រទេស​កម្ពុជា​បាន​៣​ថ្ងៃ ជាមួយ​អ្នក​ស្គាល់គ្នា​តាម​ច្រក​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ហើយ​ត្រូវ​អ្នក​ស្គាល់​នាំ​មក​នោះ ឆបោក​យក​កាបូប​លុយ ដោយ​ទាំង​លិខិតឆ្លងដែន ហើយ​គេច​ខ្លួន​​បាត់​ធ្វើ​ឲ្យ​រូបគេ​មិនដឹង​ទៅ​ណា គ្មាន​លុយ​ជាប់​ខ្លួន​ផង ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ចំពោះ​ជនជាតិ​ចិន​ម្នាក់​ខាងលើ ក្រោយ​ពី​ប្រទះ​ឃើញ​ក្នុង​សភាព​បែប​នេះ សមត្ថកិច្ច​បាន​ជូន​នាំ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តែ​ខាង​នាយកដ្ឋាន​មិន​ទទួលយក ដោយ​តម្រូវ​អនុវត្ត​ការងារ​តាម​ឋានានុក្រម រង់ចាំ​សម្រេច​ពី​ការិយាល័យ​ជំនាញ​ក្រុងភ្នំពេញ​ជា​មុន​សិន ទើប​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ជូន​គាត់​ទៅ​អង្គុយ​សុំ​ចត​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បណ្តោះអាសន្ន ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ ទាំងនេះ​គ្រាន់តែ​សម្តី​ផ្ទាល់មាត់​របស់​ជនជាតិ​ចិន​ប៉ុណ្ណោះ មិន​ទាន់​ដឹង​ថា គាត់​ចាញ់បោក​គេ​មែន ឬ​យ៉ាងណា​នោះ​ទេ ។ ខណៈ​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ប្រើ​ល្បិច​ថា ដោយ​គាត់​មាន​មេខ្យល់​នាំ​មក​ឆ្លងកាត់​ប្រទេស​វៀតណាម គ្មាន​លិខិតឆ្លងដែន​ទេ បាន​លួច​ចូល​មក​ប្រទេស​កម្ពុជា ។ ថែម​ទាំង​ប្រើ​ល្បិច​មួយ ដោយ​ដើរ​ប្តឹង​ប៉ូលិស​ថា គាត់​បាត់ ឬ​ចាញ់បោក​គេ អស់ទាំង​ខិ​លិ​ត​ឆ្លង​ដែន ហើយ​ជា​ឱកាស​មាស​មួយ​អាច​ជ្រកកោន​ស្រុក​ខ្មែរ​បាន​បាត់​ទៅ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]