(ភ្នំពេញ)៖ បុរសម្នាក់ត្រូវប្រពន្ធ និងម្ដាយក្មេកព្រួតគ្នាកាប់ និងចាក់បណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រោះទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ហើយខឹងជនរងគ្រោះជាអ្នកផ្ដើមប្រើប្រាស់អំពើហិង្សាមុន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ម្ដាយកូន ជនសង្ស័យទី១៖ ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២៖ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ (ប្រពន្ធអ្នកស្លាប់) មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលកើតហេតុ។

បើតាមលោកអធិការ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្តប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់ជាមួយគ្នាជាញឹកញ៉ាប់។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន (ជនសង្ស័យឈ្មោះ គង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០,០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់ជាមួយគ្នាតែម្តង។

បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើងស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។

ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]