(ព្រះសីហនុ)៖ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានបង្ក្រាបករណីចាប់បង្ខាំងជំរិតទារប្រាក់ពីជនជាតិចិនមួយ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យឈ្មោះ ថាន់ ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូ New Golden Wealth Casino ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ជនសង្ស័យ និងបក្ខពួកបានចាប់ដាក់ខ្នោះ និងវាយទៅលើជនរងគ្រោះ។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសសារភាពថា ខ្លួនបានទទួលទូរសព្ទ័ពីបក្ខពួកនៅទីក្រុងបាវិត ខេត្តស្វាយរៀង ឲ្យតាមចាប់ជនរងគ្រោះដែលបានគេចមកខេត្តព្រះសីហនុ ដើម្បីយកទៅក្រុងបាវិតវិញ។

សម្រាប់ជនរងគ្រោះឈ្មោះ តាំង ជន ភេទប្រុស ជនជាតិចិន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានរបួសត្រង់ដៃ ក្បាល និងក្បាលជង្គង់។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីបន្ត ខណៈបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]