សម័យ​នេះ​ហើយ បើ​ស្បែក​នៅ​តែ​ខ្មៅ គ្រើម​ម៉េច​ស្ទាវ! ស្រីៗ​គ្នា​យើង​នឹង​ឯង សុខ​ចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន ទុក​លុយ​ថែ​ស្បែក​ឲ្យ​ស្អាត ប៉ុន្តែ​ទោះ​បច្ចុប្បន្ន​មាន​ផលិត​ផល​ថែ​រក្សា​ស្បែក​ល្អៗ​ច្រើន​ក៏​ដោយ បើ​មិន​ដឹង​វិធី​ប្រើ និង​មាន​ទម្លាប់​ថែ​ទាំស្បែក​ត្រឹម​ត្រូវ ច្បាស់​មិន​ស្អាតពេញ​ដង​ខ្លួនទេ ប្រយ័ត្ន​ស្បែក​ស ក​ខ្មៅ គន្លាក់​ជើង​ដៃ សុទ្ធ​តែ​ស្នាម​ទៅ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ថែ​ស្បែក ត្រឹម​ត្រូវ​តាម​កន្លែង​ផ្សេងៗ​​ក្រៅ​ពី​​ដង​ខ្លួន​ឲ្យ​គ្នា​យើង​បាន​ដឹង។

ស្បែក មាន​នាទី​ជា​ខ្សែ​ការពារ​ជួរ​មុខ ប្រឆាំង​ជំងឺ និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដូច្នេះ​គ្នា​យើង គួរ​ចេះ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព និង​ដំណើរការ​ល្អ ហើយ​ទម្លាប់​ និង​វិធី​ថែរក្សា​ស្បែក​ខាង​ក្រោម អាច​ជួយ​ឲ្យ​មួយ​តួ​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ទៀត។

១- ក និង​ដើមទ្រូង

មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​ថែរក្សា​មុខ​ត្រង់ នៅ​តំបន់​ក និង​ទ្រូង តែ​គ្នា​យើង​ក៏​គួរ​មាន​ទម្លាប់​លាង​សម្អាត និង​ផ្ដល់​សំណើម​ដល់ ក​និង​ដើម​ទ្រូង​ផង។ ចាំ​ថា​ ស្បែក​ក​ងាយ​នឹង​ចាស់ ព្រោះ​វា​ស្ដើង​ជាង​ស្បែក​មុខ។ យើង​អាច​សាក​ក្រែម​ប្រឆាំង​ភាព​ចាស់​នៅ​ត្រង់​ក ដើម្បី​ការពារ​ភាព​ជ្រីវ​ជ្រួញ ធ្វើ​ឲ្យ​ផ្ទៃមុខ និង​ក​ស្រស់​ស្អាត​ស៊ី​គ្នា។

២- ដៃ

ដៃ ជា​សញ្ញា​មួយ​ប្រាប់​ពី​ភាព​ចាស់​ បើ​យើង​មាន​សម្លាក​នៅ​លើ​ដៃ​ អាច​សាក​ល្បង​ប្រើ​ផលិតផល​មួយ មាន​ឈ្មោះ​អាស៊ីដ​ហៃដ្រូស៊ី​អាល់ហ្វា (Alpha Hydroxy Acid) និង​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ដៃ​ផង ដោយ​អាច​រក​ទិញ​ក្រែម​ការពារ​ដៃ មាន​ភ្ជាប់​ជាមួយ​ផលិតផល​ SPF ។

៣- កែង​ដៃ

កែង​ដៃ ងាយ​ស្ងួត​ណាស់ បើ​មិន​ថែទាំ​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀងទាត់។ យើង​គួរ​ដុស​កែងដៃ​​ដោយ​ប្រើ​អេប៉ុង​ ឬ​សាញ​ននោង​រាល់​ពេល​កំពុង​ងូត​ទឹក។ បន្ទាប់មក​ប្រើ​កន្សែង​ពោះ​គោ ដើម្បី​សម្ងួត​ខ្លួន រួច​ម៉ាស្សា​ជាមួយ​ប្រេង​មាន​សំណើម ដូចជា ប្រេង​អាល់ម៉ុន ឬ​ប្រេង​អូលីវ។

៤- ផ្នែក​ខាង​ក្រោយ​ដៃ

គ្នា​យើង​ភាគ​ច្រើន​មាន​ស្នាម​ដុំ​ពក​តូចៗ​នៅ​ខាង​ក្រោយ​ដៃ ហើយ​ត្រូវ​គេ​ហៅថា​រោគ​ស្បែក​ក្រិន (Keratosis Polaris) ប៉ុន្តែ​អាច​ធូរស្រាល​ដោយ​ប្រើ​ឡេ​លាប​ស្បែក​ម្យ៉ាង មាន​ផ្ទុក​លាក់ទិច​អាស៊ីដ( lactic acid)។ សូម​ប្រើ​ឲ្យ​បាន​រាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​វា​កើត​សារ​ឡើង​វិញ។

៥- ជើង

ស្បែក​ត្រង់​ជើង​យើង អាច​មាន​សភាព​ស្អាត​រលោង ដោយ​គ្រាន់​តែសម្អាត​ដោយ​ទឹក​ក្ដៅ និង​សាប៊ូ ពេល​យើង​កំពុង​ងូតទឹក។ បន្ទាប់មក​ដុស​សម្អាត​ជើង​ជាមួយ​អេប៉ុង​ ជូត​ជើង​ឲ្យ​ស្ងួត និង​ព្យាយាម​ផ្ដល់​សំណើម​បើ​ស្បែក​ក្បាល​ជង្គង់​ផង បើ​មាន​អារម្មណ៍​ថា ​ស្បែក​ត្រង់​នោះ​គ្រើមៗ។

៦- ប្រអប់​ជើង

ប្រអប់​ជើង ជា​ផ្នែក​សំខាន់​មួយ​នៃ​រាងកាយ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា សុខភាព​ល្អ មើល​ទៅ​ស្រស់​ស្អាត បើ​យើង​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ត្រឹម​ត្រូវ ដូចជា​ផលិតផល​អាល់ហ្វា​អ៊ីដ្រូស៊ី​អាស៊ីដ (Alpha Hydroxy Acid ) ឬ​ផលិត​ផល​មាន​អាស៊ីដ​លាក់ទិច​ជាដើម។ ជាមួយ​គ្នា​នេះ​ អាច​សាកល្បង​លាប​ទឹកដោះគោ​សម្បូរ​សំណើម​លើ​ជើងយើង ហើយ​ពាក់​ស្រោម​ជើង​ផលិត​ពី​ជាតិ​អំបោះ ទាំង​ពេល​គេង​លើ​គ្រែ​ដើម្បី​ឲ្យ​ជើង​មាន​ស្បែក​ម៉ត់​រលោង និង​ទន់​ស្អាត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]