អ៊ីតាលី៖ បើតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ក្លិប Chelsea លោក Antonio Conte កំពុងត្រូវត្រៀមតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិប Inter Milan។ លោក Conte បានផ្អាកការងារជាគ្រូបង្វឹក និងនៅទំនេរអស់រយៈពេលយូរគួរសម បន្ទាប់ពីត្រូវបាន Chelsea បណ្តេញចេញ ក្រោយរួមរស់ជាមួយក្លិបអស់រយៈពេល ២ឆ្នាំ។

លោក Antonio Conte
លោក Luciano Spalletti

ក្លិប Inter Milan បច្ចុប្បន្ននេះកំពុងឈរនៅចំណាត់លេខ ៤ នៃតារាងលីគកំពូលអ៊ីតាលី ហើយអាចនឹងទទួលបានកៅអី Champions League នារដូវកាលក្រោយ ប្រសិនបើពួកគេអាចយកឈ្នះ Empoli នាថ្ងៃអាទិត្យនេះបាន។ ទោះបីជាឈ្នះ ឬចាញ់ Empoli យ៉ាងណាក៏ដោយ ក៏លទ្ធផលនេះមិនគ្រប់គ្រាន់ឡើយសម្រាប់ការរក្សាកៅអីរបស់លោក Luciano Spalletti ក្នុងនាមជាអ្នកចាត់ការរបស់ក្លិប។ បើតាមប្រភពដដែលនេះបានឱ្យដឹងថា លោក Beppe Marotta ជាប្រធានប្រតិបត្តិរបស់ក្លិប Inter Milan បានជួបចរចាជាមួយលោក Conte កាលពីអំឡុងពេលដែលគ្រូបង្វឹករូបនេះស្នាក់នៅទីក្រុង Turin ព្រមទាំងបន្តភ្ជាប់ទំនាក់ទំនងរហូតមក។

គួររម្លឹកថា មុនត្រូវ Chelsea បណ្តេញចេញ លោក Antonio Conte ធ្លាប់ជួយឱ្យក្លិបនេះឈ្នះពាន Premier League នៅរដូវកាលដំបូងដែលលោកមកដឹកនាំ ព្រមទាំងឈ្នះពាន FA Cup នារដូវកាលបន្ទាប់ទៀតផង។ ប៉ុន្តែក្រោយមក លោក Conte ចាប់ផ្តើមមានបញ្ហាជាបន្តបន្ទាប់ជាមួយក្លិបតោខៀវ រហូតដល់រូបលោកត្រូវបានក្លិបបញ្ឈប់ ក្រោយពីជួយឱ្យក្លិបឈ្នះពាន FA Cup និងជំនួសវិញដោយលោក Maurizio Sarri រហូតដល់បច្ចុប្បន្ននេះ៕

លោក Beppe Marotta
លោក Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]