អាកាស​ផ្លាស់ប្តូរ​ពី​ក្តៅ ទៅ​មាន​ភ្លៀង​ធ្លាក់ ច្បាស់​ណាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​គ្រប់​គ្នា ពិសេស​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ម៉ាក់ប៉ា​ថែទាំ​សុខភាព​កូន​តូចៗ​ក្នុង​រដូវ​ភ្លៀង​មិន​ឲ្យ​ឈឺ។

១- ត្រូវ​មាន​អាវ​ភ្លៀង ឬឆ័ត្រ

យើង​មិន​ត្រូវ​ឲ្យ​កូន​តូច​លេង​ទឹក​ភ្លៀង ឬ​ដើរ​កាត់​ភ្លៀង​ដោយ​គ្មាន​អាវ​ភ្លៀង ឬ​ឆ័ត្រ​បាំង​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​ផ្តាសាយ និង​ក្តៅ​ខ្លួន។

២- ងូតទឹក​ឲ្យ​កូន​ក្រោយ​ត្រូវ​ទឹក​ភ្លៀង

ទោះ​ជា​កូន​តូច​ត្រូវ​ទឹក​ភ្លៀង​តិច ឬ​ច្រើន ម៉ាក់​ត្រូវ​តែ​ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​កូន​ម្តង​ទៀត​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ នោះ​ទើប​មិន​មាន​បញ្ហា​ស្បែក ឬ​ទៅ​ជា​គ្រុនក្តៅ និង​ផ្តាសាយ។

៣- លាងដៃកូនជាមួយសាប៊ូ

អនាម័យ​ជា​រឿង​ចាំបាច់ ទាំង​ចំណី​អាហារ និង​ខ្លួន​ប្រាណ ម្ល៉ោះ​ហើយគ្រប់​ពេល​ដែល​កូន​យើង​លេង ឬ​ប៉ះពាល់​របស់​ផ្សេងៗ​រួច ត្រូវ​តែ​លាង​សម្អាត​ដៃ​កូន​ជាមួយ​សាប៊ូ ទើប​មិន​ឆ្លង​មេរោគ​ផ្សេងៗ។

៤- ឲ្យ​កូន​ញ៉ាំ​របស់​ក្តៅ​ឧណ្ហៗ

ពេល​មាន​ភ្លៀវ​ធ្លាក់ អាហារ​ក្តៅៗ​ដូចជា ស៊ុប ទឹកគោ​ដោះ​ក្តៅ ឬ​ទឹក​ក្តៅ​ឧណ្ហៗ ពិត​ជា​ល្អ​ចំពោះ​សុខភាព​ក្មេង ថែម​ទាំងអាច​ការពារ​មិនឲ្យ​​កើត​មាន​ជំងឺ​ទៀត​ផង។

៥- ឲ្យកូនញ៉ាំចំណីអាហារសម្បូរជីវភាព

យើង​ត្រូវ​ផ្តល់​អាហារូបត្ថម្ភ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចម្រុះ​មុខ មាន​ទាំង​បន្លែ​ផ្លែឈើ ត្រី សាច់ ស៊ុត ទើប​ធ្វើ​ឲ្យសុខភាព​កូន​រឹងមាំ អាច​ទ្រាំធន​នឹង​ជំងឺ​ផ្សេងៗ។

៦- ការពារកូនមិនឲ្យមូសខាំ

ខែ​ភ្លៀង​សម្បូរ​សត្វ​មូស​ណាស់ វា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ដូច​ជា​គ្រុនឈាម គ្រុន​ចាញ់​ជា​ដើម ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ការពារ​កូន​កុំ​ឲ្យ​មូសខាំ ដោយ​ឲ្យ​កូន​គេង​ក្នុង​មុង​ជានិច្ច ហើយ​បើ​ចេញ​ក្រៅ​នៅ​កន្លែង​ងងឹត ឬ​មាន​ព្រៃ​នោះ ត្រូវលាប ឬ​បាញ់ស្ព្រៃយ៍​ការពារ និង​ត្រូវ​បំបាត់​ជម្រក​មូស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]