WARNING: GRAPHIC CONTENT

ថៃ៖ ជារឿងដ៏គួរឲ្យសង្វេគចិត្តជាខ្លាំង ដែលទារិកាទើបនឹងកើតម្នាក់ ត្រូវម្តាយចិត្តអប្រិយបង្កើតហើយ យកទៅបោះបង់ចោល ទាំងគ្មានស្តាយស្រណោះ មូស ស្រមោច ខាំសុសពេញខ្លួន ប៉ុន្តែជាសំណាងល្អអាយុថ្លៃ ត្រូវបានគេជួយសង្គ្រោះជីវិតបានទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី១១ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងតំបន់ Ladkrabang នាទីក្រុងបាងកក ប្រទសថៃ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងយប់កើតហេតុ គេបានឮសូរសំឡេងទារកយំទាំងកណ្តាលអធ្រាត្រ ចេញពីទីតាំងចោលសំរាមមួយកន្លែង ប៉ុន្តែអ្នករស់នៅក្នុងតំបន់ ពុំបានចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ខ្វល់ខ្វាយទៅលើរឿងមួយនេះឡើយ។ លុះដល់ព្រឹកឡើង ទើបពួកគេចេញទៅមើលទីតាំងនោះ ក៏ស្រាប់តែប្រទះឃើញទារិការងគ្រោះនេះតែម្តង (នៅមានជីវិត)។

ទារិការងគ្រោះត្រូវបានគេមើលឃើញថា ស្ថិតក្នុងស្ថានភាពយ៉ាងគួរឲ្យអាណិតខ្លោចចិត្តបំផុត ស្បែកក្រហមរងាល និងមានកន្ទួលរមាស់ អុជៗសុសពេញខ្លួន ព្រោះតែត្រូវសត្វល្អិត មូស ស្រមោច រោមខាំ។ ជាសំណាងល្អ ដែលទារិការងគ្រោះ ឬនាងតូចដែលត្រូវបានម្តាយយកមកបោះបង់ចោលនេះ ពុំមានរងរបួសអ្វីធ្ងន់ធ្ងរ។ ហើយក្រោយកើតហេតុ គេក៏បានបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើគិតមកទល់ពេលនេះ ទារិការងគ្រោះខាងលើ ត្រូវបានគេរាយការណ៍ថា មានសុខភាពល្អប្រសើរឡើងវិញផងដែរ។

នាយវរៈសេនីយទោ លោក Samart Klinklao អធិការនៃស្ថានីយប៉ូលិស Chalong Krung បានមានប្រសាសន៍លើកឡើងថា ពួកគេជឿជាក់ថា អាណាព្យាបាល ឬឪពុកម្តាយរបស់ទារិការងគ្រោះនេះ អាចជាអ្នកដែលរស់នៅក្នុងតំបន់ក្បែរនេះ។ លោកថា ក្រុមមន្រ្តីជំនាញនឹងធ្វើការចុះស៊ើបអង្កេត និងសាកសួរអ្នករស់នៅក្នុងតំបន់ ដើម្បីឲ្យដឹងលម្អិតជុំវិញនឹងករណីនេះផងដែរ។

នាយវរៈសេនីយទោ បានបញ្ជាក់ទៀតថា ពួកគេនឹងធ្វើការឆែកមើលកាម៉េរាសុវត្ថិភាពនៅតាមដងផ្លូវ ដើម្បីស្វែងរកមុខបុគ្គលដែលយកទារិកាមកចោលបែបនេះឲ្យទាល់តែឃើញ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]