សព្វថ្ងៃនេះ ការលើសទម្ងន់ ឬធាត់ខ្លាំងគឺជាបញ្ហាដែលមនុស្សកំពុងតែប្រឈម មិនថានៅស្រុកខ្មែរ ឬនៅស្រុកគេ។ ជាក់ស្តែងយោងតាមប្រភពបានឱ្យដឹងថា មនុស្សជាង ២ពាន់លាននាក់នៅក្នុងផែនដី សុទ្ធសឹងតែធាត់ខ្លាំង ឬលើសទម្ងន់។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកវិធីសាស្រ្តសាមញ្ញាទាំង ១៥យ៉ាងដើម្បីជួយអ្នកក្នុងការស្រកគីឡូបានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់៖

១. ត្រូវហូបអាហារពេលព្រឹកជាប្រចាំ 

រូបតំណាង

ការតមមិនញ៉ាំអាហារពេលព្រឹកមិនអាចជួយអ្នកសម្រកទម្ងន់បាននោះទេ។ អ្នកអាចខកខានក្នុងការទទួលទានអាហារដែលមានជីវជាតិសំខាន់ៗ ហើយអ្នកអាចនឹងហូបអាហារសម្រន់កាន់តែច្រើនពេញមួយថ្ងៃ ព្រោះអ្នកនឹងមានអារម្មណ៍ថានៅតែឃ្លាន។

២. ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ 

ការហូបអាហារឱ្យបានទៀងទាត់រាល់ថ្ងៃអាចជួយដុតកាឡូរីក្នុងល្បឿនមួយដ៏លឿន។ វាក៏ជួយកាត់បន្ថយចំណង់ទៅលើអាហារសម្រន់ដែលសម្បូរជាតិខ្លាញ់និងស្ករផ្សេងៗទៀតផងដែរ។

៣. ហូបផ្លែឈើ និងបន្លែឱ្យបានច្រើន

ជាក់ស្តែង ផ្លែឈើនិងបន្លែមានផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានជាតិសរសៃខ្ពស់។ ដូច្នេះ សារធាតុសំខាន់ៗទាំង៣នេះ នឹងជួយឱ្យអ្នកសម្រកទម្ងន់បានដោយជោគជ័យ។ លើសពីនេះទៀត វាក៏ផ្ទុកវីតាមីននិងសារធាតុរ៉ែជាច្រើនផងដែរ។

៤. ធ្វើសកម្មភាពឱ្យបានច្រើន 

រូបតំណាង

ការធ្វើសកម្មភាពគឺជាគន្លឹះដ៏ចម្បងក្នុងការសម្រកទម្ងន់ និងជួយឱ្យរាងកាយមាំមួន។ បន្ថែមពីនេះទៀត វាក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពផងដែរ។ ការធ្វើលំហាត់ប្រាណអាចជួយដុតកម្ទេចកាឡូរីដែលលើសដែលអ្នកមិនអាចកាត់បន្ថយតាមរយៈការតមអាហារតែមួយមុខបាននោះទេ។

៥. ហូបទឹកឱ្យបានច្រើន 

ជួនកាលមនុស្សអាចយល់ច្រឡំរវាងការឃ្លាន និងការស្រេកទឹក។ ដូច្នេះអ្នកគួរតែហូបទឹកឱ្យបានច្រើន ម្យ៉ាងវិញទៀត វានឹងជួយឱ្យរាងកាយយើងមានជាតិទឹកគ្រប់គ្រាន់ និងជួយឱ្យសម្រកទម្ងន់បានលឿនផងដែរ។

៦. បរិភោគអាហារដែលមានជាតិសរសៃខ្ពស់

អាហារដែលមានជាតិសរសៃច្រើនអាចជួយរក្សាឱ្យអ្នកមានអារម្មណ៍ឆ្អែត ដែលវាល្អឥតខ្ចោះសម្រាប់ការសម្រកទម្ងន់។ ជាតិសរសៃត្រូវបានរកឃើញនៅក្នុងអាហារពីរុក្ខជាតិ ដូចជា ផ្លែឈើនិងបន្លែ ស្រូវសាលី អង្ករសម្រូប សណ្តែកហោឡាំងតាវ និងសណ្តែកក្រៀមជាដើម។

៧. ហូបបាយដោយប្រើប្រាស់ចានតូច

ការហូបបាយដោយប្រើប្រាស់ចានតូច អាចជួយឱ្យអ្នកហូបតិច។ ជាក់ស្តែង ក្រពះយើងត្រូវការរយៈពេល ២០នាទីដើម្បីកិនអាហារ និងប្រាប់ខួរក្បាលយើងថា យើងឆ្អែតឬយ៉ាងណា។ ដូច្នេះអ្នកគួរគប្បីហូបយឺតៗ ហើយឈប់ហូបភ្លាម នៅពេលអ្នកមានអារម្មណ៍ថារាងឆ្អែត។

៨. សូមកុំទុកនំ ទឹកក្រូច និងអាហារដែលមានជាតិផ្អែមនៅក្នុងផ្ទះ 

រូបតំណាង

ដើម្បីចៀសវាង ការហូបអាហារដែលមានជាតិផ្អែមឬជាតិស្ករខ្ពស់នោះ មិនត្រូវទុកនំ ទឹកក្រូច ឬសូកូឡានៅក្នុងផ្ទះនោះទេ។ ផ្ទុយទៅវិញ គួរតែទុកអាហារបែបសុខភាព ដូចជាបន្លែ ផ្លែឈើ និងរបស់ហូបសុខភាពនៅក្នុងផ្ទះ ដូច្នេះនៅពេលយើងឃ្លាន បើទោះបីជាយើងចង់ហូបអាហារដែលមានជាតិស្ករនោះ ក៏យើងខ្ចិលហូបដែរ។

៩. ពុំគួរហូបគ្រឿងស្រវឹងនោះទេ

ជាក់ស្តែង គ្រឿងស្រវឹងដូចជាស្រាបៀរ ស្រាក្រហមគឺមានកាឡូរីខ្ពស់។ ដូច្នេះប្រសិនបើអ្នកហូបវាញឹកញាប់ វានឹងធ្វើឱ្យអ្នកធាត់ដុះក្បាលពោះជាក់ជាពុំខាន។

១០. ចម្អិនអាហារនៅផ្ទះ 

រូបតំណាង

ជាក់ស្តែង ការហូបអាហារក្រៅផ្ទះពុំសូវជាការល្អសម្រាប់ការស្រកគីឡូនោះទេ ពោលគឺភាគច្រើនអាហារដែលហូបនៅខាងក្រៅពោរពេញទៅដោយជាតិស្ករ កាឡូរី ជាតិខ្លាញច្រើន ដែលកត្តាទាំងនេះធ្វើឱ្យលោកអ្នកហូបឆ្ងាញ់ ចង់ហូបទៀត ប៉ុន្តែវាក៏ធ្វើឱ្យអ្នកឡើងគីឡូច្រើនទៅតាមហ្នឹងផងដែរ។ ដូច្នេះ លោកអ្នកគួរគប្បីចម្អិនអាហារនៅផ្ទះ ដោយប្រើប្រាស់គ្រឿងផ្សំដោយខ្លួនឯង ទើបជាការល្អប្រសើរ ហើយលោកអ្នកក៏អាចកំណត់ជាតិស្ករ ជាតិខ្លាញ់ទាបបានដោយខ្លួនឯងផងដែរ។

១១. ហូបអាហារពេលយប់តិច

អ្នកគួរតែហូបអាហារពេលយប់តែបន្តិចបានហើយ ព្រោះនៅពេលយើងគេងនោះ រាងកាយរបស់យើងពុំបានធ្វើចលនានោះទេ ហើយអ្នកគួរគប្បីហូបអាហារយ៉ាងតិចណាស់ក៏ ៤ម៉ោង មុនពេលចូលគេងដែរ ពុំគួរហូបអាហារពេលយប់ហើយ គេងភ្លាមនោះទេ ព្រោះវាមិនល្អសម្រាប់ពោះវៀននោះទេ។

១២. គេងឱ្យបានគ្រប់គ្រាន់

ការគេងពុំបានគ្រប់គ្រាន់ក៏អាចប៉ះពាល់ទៅដល់ការសម្រកទម្ងន់ផងដែរ។ ជាក់ស្តែង ការសិក្សាបានបង្ហាញថា នៅពេលយើងគេងពុំបានគ្រប់គ្រាន់ យើងរមែងងងុយគេងនៅពេលព្រឹកព្រលឹម ហើយយើងតែងតែហូបអាហារច្រើនដើម្បីប៉ះប៉ូវការគេងពុំបានគ្រប់គ្រាន់។

១៣. ការធ្វើលំហាត់ប្រាណជាក្រុម 

រូបតំណាង

ជាក់ស្តែង ការសិក្សាបានឱ្យដឹងថា មនុស្សយើងងាយនឹងបោះបង់ចោលនៅពេលយើងហាត់ប្រាណតែម្នាក់ឯង។ តែផ្ទុយទៅវិញ នៅពេលយើងមានដៃគូ មិត្តភក្តិ ហាត់ប្រាណជាមួយ យើងរមែងហាត់ប្រាណបានញឹកញាប់ ហើយក៏ពុំសូវនឹងបោះបង់ចោលដោយងាយស្រួលនោះទេ។

១៤. មិនគួរអង្គុយធ្វើការជាប់យូរពេកនោះទេ

ការអង្គុយជាប់នៅមួយកន្លែងធ្វើការយូរ គឺមិនល្អសម្រាប់សុខភាពនោះទេ ពោលគឺវាអាចមានគ្រោះថ្នាក់ស្មើនឹងការជក់បារីផងដែរ។ នេះបើយោងតាមការសិក្សាមួយទើបតែបានចុះផ្សាយកាលពីថ្មីៗនេះ។ ដូច្នេះរាល់រៀងមួយម៉ោងម្តង អ្នកគួរតែងើបទៅបន្ទប់ទឹក ឬងើបឈរបន្តិចទើបជាការល្អ ម្យ៉ាងវិញទៀត វាក៏ជួយឱ្យភ្នែកយើងមានសុខភាពល្អ និងសម្រកទម្ងន់ផងដែរ។

១៥. ការហូបតែបៃតង ឬកាហ្វេខ្មៅពុំដាក់ស្ករ និងទឹកដោះគោ 

រូបតំណាង

ជាក់ស្តែង សារធាតុជាតិកាហ្វេអ៊ីននៅក្នុងតែបៃតង និងកាហ្វេខ្មៅអាចជួយឱ្យយើងស្រកទម្ងន់បានលឿន និងជួយឱ្យយើងពុំសូវឃ្លានបាយ។ ដូច្នេះអ្នកគួរគប្បីហូបតែ ឬកាហ្វេខ្មៅសុទ្ធដោយពុំដាក់ស្ករនិងទឹកដោះគោ ហើយអ្នកនឹងឃើញប្រសិទ្ធភាពបន្តិចម្តងៗក្នុងរយៈពេល ១២សប្តាហ៍៕

ប្រភព៖ National Health Service

ប្រភព៖ Healthline

ប្រភព៖ Healthline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]