អ៊ីតាលី៖ កីឡាករ Cristiano Ronaldo នឹងត្រូវប្រឈមមុខនឹងការកោះហៅតទល់រឿងក្តីរំលោភសេពសន្ថវៈសាជាថ្មីម្តងទៀត បន្ទាប់ពីមេធាវីរបស់ដើមចោទរបស់នាង Kathryn Mayorga កំណត់បានអាស័យដ្ឋានរបស់កីឡាកររូបនេះនៅអ៊ីតាលី។ កីឡាករ Cristiano Ronaldo បានបដិសេធដាច់ខាត ចំពោះការចោទប្រកាន់របស់នាង Mayorga ដែលបានអះអាងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបៀតបៀនទៅលើនាងកាលពីជាង ១០ឆ្នាំមុន នៅឯសណ្ឋាគារ Las Vegas។ 

យ៉ាងណាមិញ ក្រុមប៉ូលិសនៅសហរដ្ឋអាមេរិកបានបើកកកាយរឿងក្តីនេះសាជាថ្មីកាលពីខែតុលាកន្លងទៅ ហើយមេធាវីរបស់នាង Mayorga ក៏បានចាប់ផ្តើមស៊ើបរកអាស័យដ្ឋានពិតប្រាកដរបស់ Ronaldo តាំងពីពេលនោះមក។

កីឡាករ Cristiano Ronaldo

បើតាម Mirror បានឱ្យដឹងថា អាស័យដ្ឋានរបស់ Ronaldo នៅអ៊ីតាលី ត្រូវបានក្រុមមេធាវីស្វែងរកឃើញ បន្ទាប់ពីបានស្រាវជ្រាវទិន្នន័យអចលនវត្ថុដែលរក្សាទុកដោយអាជ្ញាធរមានសមត្ថកិច្ចរបស់អ៊ីតាលី។ មកដល់ពេលនេះ ក្រុមមេធាវីរបស់នាង Mayorga បានចាប់ផ្តើមស្នើសុំនីតិវិធីជាផ្លូវការ ដើម្បីបញ្ជូនពាក្យបណ្តឹង និងដីកាតុលាការមកកាន់អ៊ីតាលី ខណៈដែលគេរំពឹងថាឯកសារនឹងត្រូវបានផ្ញើមកដល់នៅប៉ុន្មានសប្តាហ៍ទៀត បន្ទាប់ពីត្រូវបានបកប្រែរួចរាល់។ កាលពីខែមុន ចៅក្រមរបស់អាមេរិកម្នាក់ បានអនុញ្ញាតពេលវេលាបន្ថែមទៀតសម្រាប់កំណត់អាស័យដ្ឋានរបស់កីឡាកររូបនេះ សម្រាប់ដំណើរការនីតិវិធីរបស់តុលាការ។

កីឡាករ Cristiano Ronaldo និងនាង Katharyn Mayorga (ឆ្នាំ ២០០៩)
កីឡាករ Cristiano Ronaldo និងនាង Katharyn Mayorga (ឆ្នាំ ២០០៩)

គួរបញ្ជាក់ថា រឿងនេះបានកើតឡើងក្រោយពេលដែលតារាម៉ូឌែលនាង Mayorga បានអះអាងថា Cristiano Ronaldo បានចាប់រំលោភនាងនៅក្នុងបន្ទប់ប្រណីតមួយរបស់សណ្ឋាគារ Las Vegas។ ក្រោយមកកីឡាកររូបនេះ បានឱ្យលុយនាងចំនួន ២៩៥,០០០ផោន ដើម្បីឱ្យរូបនាងបិទមាត់នៅស្ងៀម និងលាក់រឿងនេះ ហើយនាងបានបញ្ជាក់ថា នាងបានទទួលលុយនោះមែនដោយសារនាងមានអារម្មណ៍ភ័យខ្លាច។ ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករ Cristiano Ronaldo បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕

កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]