មនុស្សម្នាក់ៗតែងតែមានជំនាញ ឬក៏ការគិតនៅក្នុងការធ្វើអ្វីមួយផ្សេងៗគ្នា ដើម្បីធ្វើឲ្យជីវិតក៏ដូចជាការរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ កាន់តែប្រសើរឡើង តាមរយៈការខិតខំប្រឹងប្រែង រកស៊ី ឬធ្វើការដែលមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃ។ ដោយសារតែការខិតខំបែបនេះហើយ ទើបធ្វើឲ្យបុគ្គលនោះកាន់តែរីកចម្រើននៅក្នុងការងារ ចំណែកឯជីវិតរបស់ពួកគេ ក៏កានតែឆាប់រីកចម្រើនលឿនជាងមុនទៅទៀត។

ជាក់ស្តែងសង្គមយើងបច្ចុប្បន្ននេះ ឃើញថាមានមនុស្សមិនចេះតិចនោះទេ ដែលខំតស៊ូតាំងតែពីក្មេងអាយុខ្ទង់២០ ត្រូវខំរៀនផង ធ្វើការផង ពេលខ្លះពួកគេក៏បានបើកមុខជំនួញផ្ទាល់ខ្លួន ក៏ព្រោះតែចង់បានជីវិតមួយល្អសម្រាប់ថ្ងៃអនាគតរបស់ពួកគេ។  តែអ្នកខ្លះទៀត មិនសូវប្រឹងតាំងតែពីក្មេងនោះទេ ខណៈដែលមានពេលច្រើន ក៏ដូចជាមុខរបរគំនិតបន្ថែម ដើម្បីរកប្រាក់ចំនូលសម្រាប់គ្រួសារ និងជួយបន្ថយការចំណាយផងដែរ។ 

រូបតំណាង

តាមរយៈវេបសាយបរទេសមួយចំនួន ក៏ដូចជាការគិតតាមរយៈបទពិសោធន៍របស់បុគ្គលមួយចំនួន បានលើកឡើង និងប្រាប់ពីមុខរបរបន្តិចបន្តួច ដែលអាចរក ឬបង្កើនប្រាក់ចំនូលបាន ទោះបីជាបច្ចុប្បន្ននេះពួកគេកំពុងតែមានការងារផ្ទាល់ខ្លួន ឬក៏កំពុងតែស្ថិតក្នុងការសិក្សាយ៉ាងណាក្តី។ ក៏ប៉ុន្តែចំនុចមួយចំនួន តម្រូវឲ្យមានដើមទុន ក៏ដូចជាធនធានខ្លះៗសម្រាប់ប្រកបរបស់ទាំងនេះ ក្រៅពីម៉ោងការងាររបស់ខ្លួនផងដែរ។ ដូច្នោះចង់ដឹងថាមានចំនុចណាខ្លះ សូមអានការរៀបរាប់ខាងក្រោមនេះ៖

១) ដាក់ផ្ទះជួល ឬបន្ទប់ជួលផ្សេងៗ៖

ចំនុចមួយនេះល្អបំផុតសម្រាប់អ្នកដែលមានដើមទុន ឬក៏មានផ្ទះផ្ទាល់ខ្លួន ដែលរៀបចំធ្វើជាបន្ទប់តាមការចង់របស់ប្រិយមិត្ត ជាងទុកចោល ហើយយើងក៏ប្រើប្រាស់វាដើម្បីបង្កើនចំណូលប្រចាំខែ ទាំងដែលមិនបាច់ត្រូវនឿយហត់ជាប្រចាំថ្ងៃ និងធ្វើឲ្យការងារដែលយើងធ្វើរាល់ថ្ងៃពិបាក។

បើសិនជាពិបាកនោះក៏មិនពិបាកខ្លាំងនោះដែរ ព្រោះថាការរកស៊ីតាមរបៀបនេះ យើងត្រូវត្រួតពិនិត្យ ក៏ដូចជាប្រមូលលុយកត់ត្រា កន្លែងសំខាន់ៗជារៀងរាល់ខែ ដើម្បីចៀសវាង ការខាតបង់ទ្រព្យសម្បត្តិផ្ទះផ្ទាល់ខ្លួនរបស់យើង។ ម្យ៉ាងវិញទៀត ការរកស៊ីបែបនេះ ចំណេញទាំងពេលវេលា ថែមទាំងបានលុយជារៀងរាល់ខែ ហើយក៏អាចបង្កើនចំណូលកាន់តែច្រើនឡើង បន្ទាប់ពីមានការងារផ្ទាល់ខ្លួន។

២) រកស៊ីលក់តាមអនឡាញ៖

ពិតណាស់រកស៊ីបែបនេះ យើងគ្រាន់តែចំណាយពេលវេលាចុចតែទូរស័ព្ទប៉ុណ្ណោះក៏បានប្រាក់ហើយ ក៏ប៉ុន្តែអ្វីដែលជាចំបងនោះគឺដើមទុន យើងត្រូវតែមានដើមទុននៅក្នុងដៃ ដែលមិនច្រើនពេកនោះទេពោលគឺសមរម្យ ទៅនឹងរបស់ដែលយើងត្រូវលក់។

ការស៊ីរកប្រាក់ចំណូលបន្ថែមបន្ទាប់ពីការងារផ្ទាល់ខ្លួនមួយនេះ អាចរកបានបើសិនជាអ្នកជាមនុស្សឧស្សាហ៍ គួបផ្សំជាមួយនឹងការព្យាយាមទើបងាយនឹងទៅរកភាពជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មិនសូវជាប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់យើងនោះដែល បើសិនជាយើងចេះរៀបចំផែនការ នៅក្នុងការលក់ និងបែងចែកការងារប្រចាំថ្ងៃរបស់យើងឲ្យបានច្បាស់លាស់ ជាពិសេសមិនឲ្យមានការឡូកឡំគ្នា នាំឲ្យខាត។ 

រូបតំណាង

៣) ការងារFreelance ៖

បន្ទាប់ពីការងារដែលយើងធ្វើរាល់ថ្ងៃ យើងក៏អាចចំណាយពេលមកគិតពីការងារ Freelance ខ្លះៗទៅតាមជំនាញ ក៏ដូចជាចំនូលចិត្តរបស់អ្នកទាំងអស់គ្នាដែលមាននៅក្នុងខ្លួន ដូចជាការចេញទៅថតរូប ការឌីហ្សាញផ្សេងៗ ការនិពន្ធបទចម្រៀង និពន្ធរឿងជាដើម ទោះមិនខាតការងារនៅពេលថ្ងៃយ៉ាងណាក្តី តែអ្នកអាចធ្វើវានៅពេលយប់ ក៏ដូចជាពេលទំនេរពីការងារផ្ទាល់ខ្លួន។ ហើយការងារទាំងនេះមិនពឹងទៅលើដើមទុនអ្វីនោះទេ សំខាន់ឲ្យតែមានជំនាញណាមួយច្បាស់លាស់ចំពោះខ្លួនឯង និងគិតថាខ្លួនឯងពិតជាអាចធ្វើការងារទាំងនោះបាន។

ម្យ៉ាងវិញទៀតការងារទាំងនេះ មិនសូវធ្វើឲ្យយើងហត់គ្រប់ពេលនោះទេ ក៏ប៉ុន្តែវាពិតជាស្មុគស្មាញនៅពេល ដែលមានការងារទាំងនោះដែលគេបានដាក់ឲ្យធ្វើ និងស្វែងរកដោយខ្លួនឯង។ ចំណែកឯថវិកាវិញ ក៏មិនចូលមកជារៀងរាល់ថ្ងៃដែល គឺអាស្រ័យការងារដែលយើងបានធ្វើ។

៤) ធ្វើជាYouTuber ៖

បច្ចុប្បន្ននេះឃើញថា Youtber នៅក្នុងប្រទេសខ្មែរកាន់តែកើនឡើងកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះមិនថាក្មេងនិងចាស់នោះទេ តែងតែយកវាដើម្បីធ្វើការប្រើប្រាស់រកលុយខាងក្រៅបន្ថែម បន្ទាប់ពីការងារជាប្រចាំរបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចក្លាយទៅជាការលេងកម្សាន្ត យ៉ាងសប្បាយរីករាយផងដែរ។

ក៏ប៉ុន្តែនៅក្នុងនោះយើងត្រូវមានផែនការ គំនិតថានឹងចង់ធ្វើអ្វីនៅពេលដែលយើងបង្កើតវាឡើង ដូចជាការធ្វើ Vlog ជាដើម ដែលយើងអាចងាយស្រួលនៅក្នុងការធ្វើវាឡើង ដោយមិនពិបាក។ ហើយការដែលបានប្រាក់ចំណូលពីក្រុមហ៊ុនYoutube នេះ ក៏ផ្អែកទៅតាមគោលការណ៍ ដែលខាងគេបានដាក់ឲ្យផងដែរ។ 

៥) អ្នកឌីហ្សាញម៉ូតសម្លៀកបំពាក់ ឬរបស់របរផ្សេង៖

ជាការពិតមុននឹងអាចរកលុយក្រៅបាន យើងត្រូវតែមានជំនាញប្រាកដប្រជាណាមួយឲ្យបានច្បាស់ អ្នកឌីហ្សាញម៉ូតសម្លៀកបំពាក់ក៏ល្អ សម្រាប់អ្នកដែលមានការងារ ក៏ដូចជាកំពុងសិក្សានៅក្នុងផ្នែកនេះ ព្រោះយើងក៏អាចលក់គំនិត ក៏ម៉ូតដែលយើងច្នៃចេញមក បានកម្រៃក៏ល្អណាស់ដែរ។

ដូច្នោះហើយបើមានជំនាញណាមួយ គួរតែយកវាមកប្រើប្រាស់ ដើម្បីបង្កើតលុយ មិនត្រូវទុកវាចោលនោះទេ។

រូបតំណាង

៦) ថតរូប សម្រាប់អ្នកមានជំនាញថត៖

ជាការពិតណាស់ អ្នកដែលមានជំនាញក៏ដូចជាមានចំណង់ចូលចិត្តថតរូបនោះ បើសិនជាអាចគួរណាតែកុំបោះបង់ ឬទុកចំណេះទាំងនោះចោល អ្នកអាចស្វែងរកនូវគំនិតថ្មីៗ នៃការថតរូប ឬក៏ការកែកុនរូប ហើយយកវាមកប្រើប្រាស់ក្រៅម៉ោងការងារ ដើម្បីបានប្រាក់បន្ថែមនៅខាងក្រៅ បន្ទាប់ពីការធ្វើការនៅក្នុងស្ថាប័នណាមួយដែលយើងកំពុងស្ថិតនៅ។

ការងារក្រៅនេះដែល មិនត្រឹមតែអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនឯងទេ ក៏ប៉ុន្តែអ្នកធ្វើវាទៅដោយភាពរីករាយ និងសប្បាយចិត្ត ដោយសារតែការចូលចិត្តរបស់ប្រិយមិត្ត។ មិនត្រឹមតែប៉ុណ្ណោះការងារនេះ ប្រើពេលប៉ុន្មានថ្ងៃទៅតាមការថត និងការកែរូបរបស់យើង។ម្យ៉ាងវិញទៀត ភ្ញៀវជាច្រើនស្វែងរកអ្នកថតរូប នៅពេលដែលមានកម្មវិធីតូចធំជាច្រើន ហើយសម្រាប់តម្លៃក៏គិតទៅតាមនោះផងដែរ។

៧) អ្នកឆុងកាហ្វេ នៅតាមហាងធំៗ៖

ការងារមួយនេះគឺអាចធ្វើបាន សម្រាប់អ្នកដែលចង់បានបទពិសោធន៍ការងារច្រើន និងឧស្សាហ៍ព្យាយាមខ្លាំង មិនត្រឹមតែប៉ុណ្ណោះការងារនេះក៏គេអាចជ្រើសរើសជាមួយនឹងពេលវេលាបាន ដែលមានវេនយប់ វេនថ្ងៃ ទៅតាមពេលទំនេរដែលយើងចង់ធ្វើវាបន្ថែម វាពិតជាងាយស្រួលសម្រាប់អ្នកដែលរៀនសូត្រ និងធ្វើការពេលព្រឹក ឬថ្ងៃ បាន។

ការងារមួយនេះហាក់ដូចជាហត់យ៉ាងណាក្តី តែពិតជាបង្រៀនមនុស្សឲ្យចេះតស៊ូច្រើននៅក្នុងការងារដែលចាប់ផ្តើមពីតូច មកដល់ធំ ឆ្លងកាត់ការលំបាកជាច្រើន។ ម្យ៉ាងវិញទៀតវាក៏អាចបង្កើននូវចំណូលរបស់យើង បន្ធូរបន្ថយការចាយវាយ ប្រចាំថ្ងៃបានយ៉ាងល្អទៀតផង។

៨) Graphic Designer៖

នៅពេលដែលអ្នកមានជំនាញបែបនេះហើយ អ្នកក៏អាចធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថភាពរបស់ខ្លួនឯង តាមរយៈបណ្តាញសង្គមជាច្រើន ដែលកំពុងតែចាប់អារម្មណ៍ ជាមួយនឹងការបង្ហាញពីស្នាដៃ ដែលយើងបានធ្វើហើយ ទៅកាន់ពួកគេ ដើម្បីឲ្យមានជំនឿចិត្តកាន់តែខ្លាំងឡើង។

Graphic Designer ទោះមិនបានប្រាក់ចូលរាល់ថ្ងៃ និងហត់ផ្នែកការគិតច្រើនយ៉ាងណាក្តី តែនៅពេលដែលការងារនោះ ធ្វើចប់រួចរាល់អ្នកនឹងទទួលបានលុយដុំ ដែលអតិថិជនរបស់យើង បានប្រគល់ឲ្យយ៉ាងសប្បាយរីករាយ។ 

រូបតំណាង

៩) ច្រៀងបើសិនជាអ្នក មានដុង ឬសមត្ថភាពច្រៀងល្អ៖

បើសិនជាមានដុងផ្នែកនេះហើយ អ្នកក៏អាចរកប្រាក់នៅក្រៅបានយ៉ាងងាយស្រួល ដោយគ្រាន់តែដាក់ពាក់ប្រលងចម្រៀងផ្សេងៗដើម្បីក្លាយទៅជាតារាចម្រៀងដែលមានឈ្មោះល្បី ហើយនៅពេលដែលជាប់ហើយ អ្នកក៏អាចយកពេលទំនេរក្រៅពីការងារផ្ទាល់ខ្លួនដែលយើងធ្វើជាប្រចាំ ទៅឡើងច្រៀង នៅពេលចុងសប្តាហ៍ ឬក៏ពេលឈប់សម្រាកផងដែរ។

មុខរបរបន្ថែមមួយនេះ ក៏អាចបង្កើនសមត្ថភាពរបស់យើង និងអាចសាងកេរ្តិ៍ឈ្មោះ ជាពិសេសគឺទទួលបាននូវប្រាក់បន្ថែម បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការផង និងរកស៊ីផងនេះបានកាន់តែច្រើនថែមឡើងទៀតផង។ ដូច្នោះហើយបើសិនជាអ្នកគិតថាសមត្ថភាពរបស់ខ្លួនល្អ អាចនឹងក្លាយជាអ្នកច្រៀងដ៏ល្បីមួយ អ្នកក៏អាចធ្វើបែបនេះបាន ដើម្បីបន្ថែមលើចំណូលកាន់តែច្រើន ជាងការយកចំណេះ ក៏ដូចជាសមត្ថភាពពិតរបស់ខ្លួនទុកចោល គ្មានបានចំណូលបន្ថែមផងដែរ។

១០) ជាអ្នកសម្តែង៖

មិនខុសពីតារាចម្រៀងនោះទេ បើសិនជាដឹងថាខ្លួនឯងមានសមត្ថភាពល្អនៅក្នុងការសម្តែងហើយគួរណាតែរកពេល និងវិធីណាដែលអាចឈានជើងចូលទៅចំនុចដ៏ជោគជ័យសម្រាប់ខ្លួនឯងបាន តាមរយៈការស្ទង់មើលស្ថានភាពខាងក្រៅ ដូចជាតារាសម្តែងរៀមច្បងរបស់យើងជាច្រើននាក់។

ដោយក្នុងនោះពេលខ្លះពួកគេមមាញឹកខ្លាំង ដោយមានការងារផ្ទាល់ខ្លូនផង និងការងាររៀបសូត្រផង តែទោះជាយ៉ាងណាក្តីពួកគេពិតមិនបោះបង់ចោលនូវសមត្ថភាពដែលខ្លួនមាននោះទេ។ យើងក៏អាចរកប្រាក់បន្ថែមសម្រាប់ជីវិតរបស់យើង ដើម្បីឲ្យកាន់តែជោគជ័យខ្លាំងឡើង។

តាមរយៈការរៀបរាប់ជាមួយនឹងប៉ុន្មានចំណុចខាងលើនេះ គឺគ្រាន់តែមុខរបស់ខ្លះៗដែលយើងអាចឆ្លៀតពេលបានបន្ទាប់ពីការសិក្សា ក៏ដូចជាអ្នកមានការងារធ្វើហើយ ដែលអាចធ្វើវានៅពេលដែលទំនេរ ថ្ងៃសៅរ៍ អាទិត្យ ឬចុងសប្តាហ៍របស់អ្នកទាំងអស់គ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះចំណុចទាំងប៉ុន្មាននេះ ក៏ជាការដកស្រង់ពីវេបសាយបរទេសមួយចំនួន ប្រាប់ជាមួយនឹងតិចនិកសម្រាប់ការរកលុយបន្ថែមនៅក្រៅ បើទោះជាមានការងារយ៉ាងណាក្តី។

ដូច្នោះហើយ ប្រិយមិត្តទាំងអស់គ្នាអាចសាកល្បងជាមួយនឹងមុខរបរខ្លះៗទាំងប៉ុន្មាននេះ ដែលអាចធ្វើឲ្យជីវិតកាន់តែមានភាពប្រសើរឡើង និងជោគជ័យកាន់តែខ្លាំង អាចបន្ថូរបន្ថយការបង់ប្រាក់សាលារៀន ចំណាយជាប្រចាំ និងយកប្រាក់ទាំងនោះធ្វើអ្វីដែលយើងចង់បាន ហើយវាក៏ជាការចាប់ផ្តើមពីការតស៊ូគ្មានពេលសម្រាករបស់យើង៕

ប្រភព៖ make-money & lifehack 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]