រាជធានី​ភ្នំពេញ ៖ បុរស​គ្រូបង្រៀន​ជា​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់​ជួល​ផ្ទះ​របស់​ខ្លួន​យ៉ាង​អាណោចអាធ័ម ដោយ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ លុះ​ទាល់តែ​ហើម​ស្អុយ និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ដល់​ម្ចាស់ផ្ទះ​ដែល​នៅ​ខាងក្រោម​ឡើង​ទៅ​រក​មើល​ទើបបាន​ដឹង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១ ផ្ទះ​លេខ​៦៩A ផ្លូវ​លេខ​២១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ SEARLE TIMOTHY JAMES ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ សព្វថ្ងៃ​ស្នាក់​នៅ​តែ​ម្នាក់ឯង​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​១ ជា​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ជួល​ដែល​រស់នៅ​ខាងក្រោម​បាន​ធុំក្លិន​ស្អុយ​យ៉ាង​ខ្លាំង ដោយ​មិន​បានដឹង​ថា​ក្លិនស្អុយ​នោះ​ចេញ​មក​ពី​ទីណា និង​នឹក​ស្មានថា​ជា​ក្លិន​សត្វ​កណ្តុ​រងាប់ រួច​ក៏​នាំ​គ្នា​ដើរ​រក​ពេញ​ក្នុងផ្ទះ​ដែល​នៅ​ខាងក្រោម​អស់ហើយ តែ​រក​មិនឃើញ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ចែក​គ្នា​បន្ត​ដើរ​រក​ប្រភព​ក្លិនស្អុយ​នោះ​ថា​តើ​វា​ចេញ​មក​ពី​ទីណា​អោយ​ពិតប្រាកដ ក៏​បាន​ឡើង​តាម​ជណ្តើរ​ចំហៀង​ទៅ​លើ​ផ្ទះ​ជាន់​ទី​១ ក៏​ស្រាប់តែ​ធុំក្លិន​ស្អុយ​កាន់តែ​ខ្លាំង​ឡើង​ចេញពី​បន្ទប់​ដែល​បុរស​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ជួល​ស្នាក់​នោះ លុះ​ឡើង​ទៅ​មើល​ក៏​ឃើញ​សត្វ​រុយ​ជា​ច្រើន​រោម​ខាង​មុខ​បន្ទប់ និង​គោះ​ទ្វារ​ហៅ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​តប ដោយ​មាន​កូនសោ​ខ្ទាស់​ទ្វារ​ជាប់​ខាងក្នុង​មិន​អាច​បើក​បាន​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​អោយ​ឱ្យ​ចុះ​មក​ពិនិត្យ បន្ទាប់​មក​ពួក​គាត់​សម្រេច​នាំ​គ្នា​ដោះ​កញ្ចក់​ទ្វារ​ដើម្បី​ចូល​ទៅ​ខាងក្នុង ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ខាងលើ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់ ដោយ​មាន​សភាព​ហើម និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ផង​ដែរ​។

ក្រោយ​ពេល​ភ្ញាក់ផ្អើល​ថា​មាន​បុរស​ជា​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​ជាន់​ទី​១ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ផ្នែក​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់​បាន​ចុះ​មក​ធ្វើការ​ត្រូ​ត​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​ជន​រង​គ្រោះ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់ ដោយ​សារ​តែ​គាំងបេះដូង និង​បាន​ស្លាប់​ចំនួន​៣​ថ្ងៃ​មក​ហើយ ទើប​បណ្តាល​ឱ្យ​សព​ជន​រង​គ្រោះ​មាន​សភាព​ហើម និង​ស្អុយ​បែប​នេះនោះ​។

ក្នុង​ពេល​នោះ​ដែរ គេ​ក៏​ឃើញ​​ស្ត្រី​ម្នាក់មិនស្គាល់ឈ្មោះ​ មាន​អាយុ​ជាង​៣០​ឆ្នាំ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដោយ​ស្ត្រី​ម្នាក់​នោះ​បាន​និយាយ​រៀបរាប់​ថា គាត់​ធ្លាប់​បាន​រស់នៅ​ជាមួយនឹង​បុរស​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ខាងលើ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​បាន​មួយ​រយៈ ហើយ​មានកូន​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​ជាមួយ​គ្នាផងដែរ​ និង​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ​។

ស្ត្រី​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បុរស​រង​គ្រោះ​ខាងលើ​មាន​ជម្ងឺ​ប្រចាំ​កាយ​ម្យ៉ាង​ជាប់​ខ្លួន ហើយ​គាត់​ក៏​បាន​ប្រាប់​ឱ្យ​បុរស​ជា​អតីត​ប្តី (​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​) ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​អង់គ្លេស​បាន​ចំនួន ២​ទៅ​៣​លើក​មក​ហើយ លុះ​មួយ​រយៈ​ចុង​ក្រោយ​នៅ​ពេល​ដែល​ពួក​គាត់​បាន​បែក​គ្នា​ហើយ​នោះ គាត់​ក៏​នៅ​តែ​ចេញចូល និង​នាំ​កូនស្រី​មក​លេង​បុរស​ជា​អតីត​ប្តី​ជា​ញឹកញាប់​ផង​ដែរ និង នៅ​តែ​ប្រាប់​ឱ្យ​បុរស​ជា​អតីត​ប្តី​ទៅ​ព្យាបាល​នៅ​ប្រទេស​អង់គ្លេស​ជា​បន្ត​ទៀត តែ​បុរស​ជា​អតីត​ប្តី​របស់​គាត់​បាន​និយាយ​ថា «​មិន​ទៅ​ទេ សុខចិត្ត​ស្លាប់​នៅ​ស្រុក​ខ្មែរ​» លុះដល់​វេលា​កើតហេតុ ក៏​ទទួល​ដំណឹង​ថា​បុរស​ជា​អតីត​ប្តី​របស់​គាត់​បាន​ស្លាប់ ហើយ​គាត់​ក៏​បាន​ចុះ​មក​មើល​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ប្រាប់​ទៅ​ឪពុក​ម្តាយ​របស់​បុរស​ជា​អតីត​ប្តី​នៅ​ឯ​ប្រទេស​អង់គ្លេស​អោយ​ដឹង​ពី​រឿង​នេះ​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​កិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​បុរស​រង​គ្រោះ​រួច​មក បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​គាំងបេះដូង ហើយ​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ប្រទេស​កំណើត​វិញ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]