ខេត្តសៀមរាប ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ឧសភា​​ ថា ក្មួយ​ស្រី​របស់​គាត់​ដែល​មាន​ជំងឺលើសឈាម​ផង​និង​​​បេះដូង​ផង​​នោះ​ ក៏​បាន​មក​ឱ្យ​អ្នកគ្រូ​ពេទ្យ​តាម​ភូមិ​ជួយ​សង្គ្រោះ ខណៈ​កំពុង​ចុ​ក​ពោះ​ខ្លាំង។

បន្ទាប់​ពី​អ្នកគ្រូ​ពេទ្យ​នោះ​ពិនិត្យ​ភ្លាម មិន​ទាន់​ដឹង​អី​ផង ក៏​ឱ្យ​ដាក់​សេរ៉ូម​បាន​ប្រហែល​១០​នាទី ស្រាប់តែ​អ្នកជ​ំងឺ​ដាច់ខ្យល់​ស្លាប់​បាត់​​នៅ​នឹងផ្ទះ​​អ្នកគ្រូ​ពេទ្យ​នោះ​តែ​ម្តង ដែលបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ជីក្រែង ។​ ចំពោះ​មូលហេតុ​មក​ពី​ពេទ្យ​ស្ទើរភ្លើង​ចេះ​បន្តិច​ប​ន្ទួ​ច ចង់បាន​លុយ​គេ​ពេក នេះ​បើ​តាម​សម្តី​របស់​ក្រុម​គ្រួសារ​សព ​។

ហេតុការណ៍​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ ​​កើតឡើងកាលពី​​វេលា​ម៉ោង​០៣​​​រសៀល​​ថ្ងៃ​ទី​២០ ​ឧសភា​ ​ស្ថិត​នៅ​ភូមិ​អន្លង់​ព្រីង​លើ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរៈសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី ២២​​ ឧសភា​ ថា ជន​រង​គ្រោះដែលស្លាប់មាន​ឈ្មោះ លាង វង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​តា​គម ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​ ។ ចំណែក​អ្នកគ្រូ​ពេទ្យមាន​ឈ្មោះ មិន វ​ឌ្ឍ​នា ​អាយុ ៣១​ឆ្នាំ ជា​ពេទ្យ​មធ្យម​ បម្រើ​ការ​ងារ​នៅ​មណ្ឌល​សុខភាព​ជីក្រែង រស់នៅ​ភូមិ​អន្លង់​ព្រីង​លើ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងផ្សាយជូនបន្ត។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]