បរទេស៖ FIFA បានបោះបង់ចោលនូវផែនការបង្កើនចំនួនក្រុមប្រកួតពី ៣២ មក ៤៨ក្រុម ក្នុងការប្រកួត FIFA World Cup ២០២២ ហើយ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ធ្លាប់បានប្រកាស និងស្នើសុំសម្រាប់ការបង្កើនចំនួនក្រុមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ពីចំនួន ៣២ក្រុម ឡើងទៅដល់ ៤៨ក្រុម សម្រាប់ការប្រកួតចាប់ពីឆ្នាំ ២០២២ទៅតែម្តង ប៉ុន្តែស្ថាប័នគ្រប់គ្រងវិន័យរបស់ FIFA យល់ថា វាពិតជាមិនអាចទៅរួចឡើយ។

លោក Gianni Infantino

FIFA យល់ថា កាតាតែម្នាក់ឯងពិតជាមិនអាចរៀបចំបានល្អឡើយសម្រាប់ការប្រកួតច្រើនបែបនេះ។ យ៉ាងណាក្តី កាតាពិតជាត្រូវការការសហការពីប្រទេសជិតខាងណាមួយបន្ថែមទៀត ដើម្បីសហការគ្នារៀបចំជាសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កំពូលរបស់បាល់ទាត់មួយនេះ។ ដោយឡែក បើគិតពីបញ្ហានេះដែរ កាតាទំនងជាពិបាកក្នុងការស្នើសុំសហការជាមួយប្រទេសផ្សេងក្នុងតំបន់ដូចជាអារ៉ាប់រួម បារ៉ែន ឬអារ៉ាប៊ីសាអូឌីតក្នុងការធ្វើជាម្ចាស់ផ្ទះរួមគ្នាណាស់ ដោយសារតែបញ្ហាប្រេះស្រាំនៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងនេះ ជាមួយនឹងប្រទេសកាតា។

FIFA World Cup ២០២២ នៅកាតា

FIFA បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ “បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ហ្មត់ចត់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងសន្និដ្ឋានថា កាលៈទេសៈនេះវាពិតជាមិនអាចទៅរួចឡើយសម្រាប់ការបង្កើនចំនួនក្រុមឱ្យដល់ ៤៨។ FIFA និង កាតា នឹងព្យាយាមពិនិត្យទៅលើលទ្ធភាពនានាចំពោះផែនការនេះ។”

យ៉ាងណាក្តី យើងនឹងអាចបានឃើញការប្រកួត FIFA World Cup លើកដំបូងបង្អស់ដែលមានក្រុមចំនួន ៤៨ប្រទេសចូលរួម ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដែលសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក សហការធ្វើជាម្ចាស់ផ្ទះរួមគ្នា៕ 

ការិយាល័យ FIFA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]