1. 1.     តើកម្មវិធីសិក្សាជាអ្វី?
  2. នៅបឋម និងមធ្យមសិក្សា កម្មវិធីសិក្សាជាខ្លឹមសារនៃមុខវិជ្ជាមូលដ្ឋាន ដូចជា ភាសខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្តអនុវត្ត សិក្សាសង្គម ដែលត្រូវផ្តល់ឲ្យសាលារៀនយកទៅអនុវត្ត។ កម្មវិធីសិក្សាខុសគ្នាពីមុខវិជ្ជា ត្រង់វាឲ្យគេដឹងថា ត្រូវបង្រៀនមុខវិជ្ជានោះត្រឹមកំរិតណា? ប្រើរយៈពេលប៉ុន្មាន? ត្រូវបង្រៀនយ៉ាងដូចម្តេច? ត្រូវវាយតម្លៃសិស្សយ៉ាងដូចម្តេច?

    1. 2.     តើត្រូវរៀបចំកម្មវិធីសិក្សាយ៉ាងដូចម្តេច?

    ចំពោះប្រទេសក្រីក្រ គេមិនត្រូវរៀបចំកម្មវិធីសិក្សាខ្ពស់ ដូចប្រទេសជឿនលឿនបានទេ គេត្រូវផ្តើមពីអ្វីដែលសមស្រប តាមសេដ្ឋកិច្ចសង្គមជាតិជាក់ស្តែង លៃយ៉ាងណាធានាឲ្យសិស្ស អាចទទួលបានចំណេះដឹងមូលដ្ឋាន ដោយជោគជ័យ បន្ទាប់មកទើបគេរៀបចំឲ្យវាឈានឡើងបន្តិចម្តងៗ។ ខ្មែរឡូត នៅចាំបានថា ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១២ យើងបានរៀបចំរូបមន្តនៃកម្មវិធីសិក្សាជាបីដំណាក់កាល៖

    • ដំណាក់កាលទី១     បឋមសិក្សា ៤ឆ្នាំ

                                មធ្យមសិក្សា ៦ឆ្នាំ

                                ឧត្តមសិក្សា ៤ - ៧ឆ្នាំ

    • ដំណាក់កាលទី២     បឋមសិក្សា ៥ឆ្នាំ

                                មធ្យមសិក្សា ៦ឆ្នាំ

                                ឧត្តមសិក្សា ៤-៧ឆ្នាំ

    • ដំណាក់កាលទី៣     បឋមសិក្សា ៦ឆ្នាំ

                                មធ្យមសិក្សា ៦ឆ្នាំ

                                ឧត្តមសិក្សា ៤-៧ឆ្នាំ

    1. 3.     តើសាលារៀនត្រូវតែអនុវត្តតាមកម្មវិធីសិក្សាទាំងស្រុងឬ?

    ជាទូទៅសាលារៀនត្រូវតែ អនុវត្តតាមកម្មវិធីសិក្សា ប៉ុន្តែវាមិនមែនជាការល្អនោះទេ។ តាមទស្សន ខ្មែរឡូត សាលារៀនអាចកែច្នៃកម្មវិធីសិក្សា ដោយលៃយ៉ាងណាឲ្យសមស្រប តាមកម្រិតយល់ដឹងជាក់ស្តែងរបស់សិស្ស ទៅតាមតំបន់ដាច់ស្រយ៉ាល តំបន់ជនបទ និងទីក្រុង។ បញ្ហាដែលសាលាពុំអាចធ្វើបែបនេះបាន ដោយពុំមានធនធានមនុស្សដូចប្រទេសជឿនលឿន។

    1. 4.     តើកម្មវិធីសិក្សាចាំបាច់ត្រូវតែប្តូរជារៀងរាល់ ១០ឆ្នាំឬ?

    តាមទស្សន ខ្មែរឡូត ការផ្លាស់ប្តូរកម្មវិធិសិក្សា ញឹកញាប់មិនមែនជាការល្អនោះទេ គេផ្លាស់ប្តូរវាក្នុងករណី ដែលអនុវត្តពុំបានជោគជ័យ ឬខ្លឹមសារខ្លះហួសសម័យប៉ុណ្ណោះ បើអនុវត្តបានជោគជ័យហើយ នោះគួរតែរក្សាវាទុកដដែលប្រសើរជាង។ ជាទូទៅគេមិនត្រូវផ្លាស់ប្តូរកម្មវិធីសិក្សា ជាទ្រង់ទ្រាយធំនោះទេ។ នៅប្រទេសក្រីក្រមួយចំនួន គេតែងតែជួលអ្នកជំនាញការបរទេស មកជួយរៀបចំកម្មវិធីសិក្សា។ អ្នកជំនាញការដែលមកមុន ឲ្យយកគំរូកម្មវិធីសិក្សា តាមប្រទេសជឿនលឿនមួយ ហើយនៅពេលប្តូរអ្នកជំនាញការថ្មី គេប្តូរឲ្យយកគំរូកម្មវិធីសិក្សា តាមប្រទេសមួយផ្សេងទៀត នេះជាការខុសឆ្គងមួយដ៏ធ្ងន់ធ្ងរសម្រាប់វិស័យអប់រំ។

    1. 5.     តើកម្មវិធីសិក្សាល្អ អាចឲ្យ អប់រំមានគុណភាពឬ?

    កម្មវិធីសិក្សាមួយល្អ គ្រាន់តែជាកត្តាមួយ ដែលនាំឲ្យ អប់រំមានគុណភាពប៉ុណ្ណោះ អ្វីដែលមានប្រសិទ្ធភាព គឺត្រូវមានវិធានការរឹតបណ្តឹង ការអនុវត្តកម្មវិធីសិក្សាដូចជា៖

    វិធានការចំពោះគ្រូ

    • គ្រូត្រូវបង្រៀនពេញម៉ោង ទៅតាមកម្មវិធីសិក្សា
    • ត្រូវឲ្យសិស្សធ្វើកិច្ចការជាប្រចាំ
    • គ្រូត្រូវវាយតម្លៃ ការសិក្សារបស់សិស្សជាប្រចាំ

    វិធានការចំពោះការប្រលង

    • មិនត្រូវឲ្យសិស្សប្រលង ឡើងថ្នាក់ដោយងាយស្រួលពេកទេ ហើយក៏មិនត្រូវឲ្យសិស្ស ប្រលងជាប់សញ្ញាប័ត្រដោយធូររលុងពេកដែរ។

    សរុបសេចក្តីមក

            ការរៀបចំកម្មវិធីសិក្សាមិនសំដៅលើតែខ្លឹមសារល្អនោះទេ ត្រូវគិតថាតើខ្លឹមសារនោះ ងាយអនុវត្តឬទេ? ត្រូវរកអ្នកដែលមានជំនាញច្បាស់លាស់ ផ្នែកកម្មវិធីសិក្សា រួមផ្សំជាមួយអ្នកដែល មានបទពិសោធន៏ក្នុងការបង្រៀន។



    ដោយ ៖ Bi

    ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]