កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពបុរសចំណាស់ម្នាក់ ដែលត្រូវបានគេសន្មតថា ជាឪពុករបស់ Kang Hyunsoo បេក្ខភាពប្រលងធ្វើជាតារា ក្នុងកម្មវិធី Mnet Produce X 101 ពេលនេះកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត។

រូបភាពដែលមនុស្សជាច្រើន បានចែករំលែក ពីម្នាក់ទៅម្នាក់ នៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហាញពីបុរសវ័យចំណាស់ម្នាក់ កំពុងតែកាន់ផ្លាកសញ្ញាផ្សព្វផ្សាយដ៏ធំមួយ នៅបរិវេណផ្លូវដ៏មមាញឹកមួយចំនួន កណ្ដាលទីក្រុង Seoul។ 

នៅលើផ្លាកនោះមានរូបថត ជាមួយនិងឈ្មោះរបស់ Kang Hyunsoo និងព័ត៌មានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង ការចូលរួមប្រកួតរបស់ Kang Hyunsoo ក្នុងកម្មវិធី Mnet Produce X 101។

ប្រសិនបើក្រឡេកមើល ឲ្យបានល្អិតល្អន់ទៅ ពាក្យនៅលើផ្លាកនោះបានសរសេរថា «កូនប្រុសរបស់ខ្ញុំ Kang Hyunsoo» ដែលនេះជាហេតុ ធ្វើឲ្យអ្នកគាំទ្រសន្មត់ថា បុរសចំណាស់ម្នាក់នេះ គឺជាឪពុករបស់ Kang Hyunsoo យ៉ាងពិតប្រាកដ។

ក្រៅពីកាន់ផ្លាកធំៗ ផ្សព្វផ្សាយឲ្យកូនប្រុសហើយ បុរសចំណាស់រូបនេះ ក៏បានប្រគល់ប័ណ្ណមួយ ដែលមានឈ្មោះរបស់ Kang Hyunsoo ជាមួយនិងសរសេរខ្លីៗថា «សូមបោះឆ្នោតគាំទ្រខ្ញុំផង»។

ទង្វើរបស់បុរសចំណាស់ ដែលជាឪពុកដ៏អស្ចារ្យម្នាក់នេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

មិនថាលទ្ធផលចេញមកបែបណា ប៉ុន្តែបុរសចំណាស់ម្នាក់នេះ បានបង្ហាញឲ្យពិភពលោកទាំងមូល បានឃើញហើយថា លោកមិនមានភាពខ្មាស់អៀនឡើយ ក្នុងការបង្ហាញការគាំទ្រ ចំពោះអ្វីដែលជាក្ដីស្រមៃរបស់កូន ខុសប្លែកពី ឪពុកម្ដាយមួយចំនួន ដែលតែងតែរារាំងកូន ពីក្ដីស្រមៃចង់ធ្វើជាតារារបស់ពួកគេ។

យ៉ាងណាមិញ បន្ទាប់ពីការផ្សព្វផ្សាយរបស់ឪពុក Kang Hyunsoo ហាក់ដូចជាទទួលបាន ប្រជាប្រិយភាពកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់។

ចង់ដឹងថាតើ Kang Hyunsoo នឹងទទួលបានជ័យជម្នះ ក្លាយជាតារាដូចក្ដីស្រមៃរបស់ខ្លួនដែរឬយ៉ាងណា?

សូមប្រិយមិត្តរង់ចាំ តាមដានជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Kang Hyunsoo
រូបភាព Kang Hyunsoo
រូបភាព Kang Hyunsoo
រូបភាព ឪពុក Kang Hyunsoo
រូបភាព Kang Hyunsoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]