រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​បាន​សេព​គ្រឿងញៀន និង​ផឹក​ស្រ​រាល់ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​កន្លង​មក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ច្រើន​លើក​ច្រើន​សារ តែ​គាត់​ហាក់​មិន​រាងចាល​បន្តិច​ណា​ទេ នៅ​តែ​ប្រព្រឹត្ត​មិន​ព្រម​បោះបង់​ផ្លូវ​មួយ​នេះ​ចោល​សោះ​។

លុះ​ចុង​ក្រោយ​នេះ​ប្រើ​ហិង្សា​វាយដំ​ទាត់​ធាក់​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត ដោយ​អត់ទ្រាំ​លែង​បាន​ទៀត ទើប​លោកយាយ​ប្តឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ជួយ​ចុះ​ទៅ​ចាប់ខ្លួន​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ឧសភា ២០១៩ ដល់​ផ្ទះ​ស្ថិត​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​វ័យ​ចំណាស់​ខាងលើ​នោះ​ឈ្មោះ ហោ ឆាយ អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឧកញ៉ា​អុង ឃុំ​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល រីឯ​លោកយាយ​ជា​ប្រពន្ធ​ឈ្មោះ ណុ​ប សារី អាយុ​៥៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ហើយ​អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​លោកយាយ​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ប្ដី​គាត់​មិន​ចាញ់​ក្មេង​ស្ទាវ​ទេ​អា​រឿង​សេព​គ្រឿងញៀន និង​ផឹកស្រា ដែល​ចាស់​ចំណាស់​នឹង​ហើយ​នៅ​តែ​ច​រិ​កស្ទាវ​ទៀត មិន​ព្រម​ចូល​វត្តវ៉ា​សាង​កុសលផល​បុណ្យ​សម្រាប់​ទៅ​អនាគតជាតិ​នោះ​ឡើយ​។

មិនតែប៉ុណ្ណោះ​តែង​វាយដំ​គាត់​រហូត ហើយ​កន្លង​មក​ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ជា​បន្តបន្ទាប់​ច្រើន​ដង​ដែរ ប៉ុន្តែ​ហាក់​មិន​រាង​ចាល​សោះ​។ លុះ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ស្រាប់តែ​គាត់​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​គាត់​ជា​ប្រពន្ធ ពេល​នោះ​គាត់​ទៅ​ប្តឹង​នគរបាល ដល់​ពេល​នគរបាល​ចុះ​ទៅ​ដល់​ផ្ទះ ស្រាប់តែ​តា​ស្ទាវ​រូប​នេះ​រត់គេច​ខ្លួន​បាត់​តែ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រសៀល​ថ្ងៃ​ដដែល ក្រោយ​នគរបាល​ចេញ​ផុត ស្រាប់តែ​លោក​ប្ដី​ត្រឡប់​ចូល​ផ្ទះ​វិញ​ហើយ​ខឹង​គាត់​ប្តឹង​នគរបាល​ឲ្យ​ចុះ​ទៅ​រក​ចាប់ខ្លួន​ដល់​ផ្ទះ លោក​ប្ដី​ក៏​វាយ​គាត់​រហូត​ហើម​ក្បាល ទើប​គាត់​ប្ដឹង​ឲ្យ​ចុះ​ទៅ​ម្តងទៀត ហើយ​លើក​នេះ​តា​កំហូច​រត់​មិន​រួច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ខាងលើ នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]