(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប MERCEDES លឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាល ឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានអ្នករងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣ ទាបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នពេញភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MERCEDESG L350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយបុរសជនជាតិម្នាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់ តែរថយន្តបានរេចង្កូតងាកមកខាងឆ្វេងដៃជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះអ្នកដែលបានឃើញហេតុការណ៍ បាននាំគ្នារត់មកជួយទាញយកបុរសជនជាតិចិនខាងលើចេញពីក្នុងរថយន្ត ដើម្បីសង្គ្រោះជីវិត។

មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AZ-7519 មកយកម្ចាស់រថយន្តបង្ក ដើម្បីគេចចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ច និងសន្តិសុខនាំគ្នាជិះម៉ូតូ ដេញតាមរហូតចាប់បានព្រមទាំងដឹកម្ចាស់រថយន្តបង្កជាជាជាតិចិនខាងលើ មកកន្លែងកើតហេតុវិញផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកវាស់វែងរួចហើយក៏យករថយន្តបបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]