អាមេរិក៖ វាគឺជារឿងធម្មតាទៅហើយសម្រាប់ចាក់ថ្នាំស្ពឹកពេលទៅពេទ្យធ្មេញ សម្រាប់ការដកធ្មេញ ឬការវះកាត់ធ្មេញនានា ប៉ុន្តែសម្រាប់ក្មេងម្នាក់វិញ បែរជាស្លាប់ព្រោះតែហេតុផលមួយនេះទៅវិញ។

ថ្មីៗនេះ ក្មេងប្រុសម្នាក់ឈ្មោះ Dung Ly អាយុ ៤ឆ្នាំបានស្លាប់ ព្រោះតែចាក់ថ្នាំស្ពឹក ហើយរូបគេក៏ឈប់ដកដង្ហើមភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅពេទ្យធ្មេញមួយកន្លែងឈ្មោះ Youthful Tooth នៅទីក្រុង Oakland រដ្ឋកាលីហ្វញ៉ា។

ក្មេងប្រុស Dung Ly

នៅថ្ងៃកើតហេតុ ម្តាយរបស់ Ly បានកំពុងតែរង់ចាំកូនប្រុសនៅខាងក្រៅ ហើយឆ្ងល់ថាម៉េចបានជាកូនចូលទៅយូរម្ល៉េះ។ យោងតាមប្រភពសារព័ត៌មាន ABC7 News បានឱ្យដឹងថា ឪពុកម្តាយរបស់ Ly ទើបតែចាកចេញពីប្រទេសវៀតណាម មករស់នៅក្នុងសហរដ្ឋអាមេរិកកាលពេលថ្មីៗនេះតែប៉ុណ្ណោះ។ មិត្តរបស់ក្រុមគ្រួសារអ្នកស្លាប់ឈ្មោះ Jimmy Tran បានជួយបកប្រែឱ្យឪពុកម្តាយ Ly ថា៖

«ពួកគេមិនបានប្រាប់ព័ត៌មានបន្ថែមអ្វីដល់គាត់នោះទេ ដល់គាត់សួរដេញដោលខ្លាំងទៅ ហើយរឿងបន្ទាប់ដែលគាត់ដឹងនោះ គឺមានឡានពេទ្យមួយបានមកយកកូនគាត់បាត់ទៅហើយ។»

ប្រភពដដែលបានឱ្យដឹងថា ឡានពេទ្យនេះបានយក Dung Ly ទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យកុមារ UCSF Benioff។ ជាអកុសល ក្មេងប្រុស Dung Ly បានប្រកាសថាស្លាប់បាត់ទៅហើយ កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ។ មូលហេតុស្លាប់ ព្រោះតែខ្វះអុកស៊ីសែននៅក្នុងខួរក្បាល។

ក្រោយមក បងប្អូនរបស់ Dung Ly បានប្រកាសរឿងនេះនៅលើគេហទំព័រ GoFundMe ដែលសរសេរចំណងជើងថា «Bring Peace to Ly Tri Dung ឬសូមឱ្យ Ly Tri Dung ទៅកាន់សុគតិភព។» 

ក្មេងប្រុស Dung Ly

តាមប្រភពដដែលបានឱ្យដឹងថា ក្មេងប្រុស Dung Ly ខូចមុខងារថ្លើម ព្រោះតែគ្មានខ្យល់អុកស៊ីសែននៅក្នុងរាងកាយរបស់គេ បណ្តាលឱ្យឈាមហូរចេញតាមច្រមុះនិងមាត់ ហើយវាពិតជារឿងដ៏សោកសៅបំផុតសម្រាប់ក្រុមគ្រួសារសព។

យ៉ាងណាមិញ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតពេទ្យធ្មេញ Youthful Tooth ពាក់ព័ន្ធទៅនឹងការស្លាប់របស់ក្មេងប្រុស Dung Ly។

ដោយឡែក មនុស្សម្នាជាច្រើនបានចូលរួមបរិច្ចាគប្រាក់តាមរយៈគេហទំព័រ GoFundMe ហើយបច្ចុប្បន្នពួកគេទទួលបានប្រាក់ជាង ១០,០០០ដុល្លារ

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]