ខេត្តកំពង់ចាម​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នារីជា​គ្រូ​បង្រៀន​ភាសា​កូរ៉េ​ម្នាក់​ ត្រូវ​​​ឃាតករ​​វាយ​សម្លាប់​ទាំង​អាក្រាតយ៉ាងឃោរឃៅ​ និងមាន​យុវជន​ម្នាក់ទៀត​ក៏​បាន​រង​របួសធ្ងន់រហូតសន្លប់ផងដែរ​ បើតាម​សមត្ថកិច្ច​សន្និដ្ឋាន ​អាច​កើត​ឡើងក្នុង​ចន្លោះ​ម៉ោង​១០​ ទៅ​១១​យប់​ថ្ងៃ​ទី​២០ ឧសភា ស្ថិតក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ហ៊ុន ណេ​ង ​​ក្នុង​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ​ហើយក៏​សង្ស័យជាករណី​​ស្នេហា​ត្រីកោណ​ផងដែរ ខណៈឃាតករកំពុង​គេចបាត់ខ្លួន​។

សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើ ​មាន​ឈ្មោះ ហ៊ី ធា​វិ​ន អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​ក្រឡា ស្រុក​កំពង់សៀម និងអ្នករបួស​​ឈ្មោះ ម៉ៅ សុខ​ម៉ិ​ញ ភេទប្រុស អាយុ​២១​ឆ្នាំ ជា​ជាងទង របួស​ធ្ងន់ស្ថិត​ក្នុងមន្ទីរពេទ្យកំពុង​សង្គ្រោះ​បន្ទាន់ ។

បើតាម​ស្ត្រី​ម្នាក់ដែល​ម្តាយ​យុវជនរងគ្រោះថា កាលពី​​ល្ងាច​ថ្ងៃ​ទី​២០​ ឧសភា កូនប្រុស​​គាត់​ជិះ​ម៉ូតូ​ម៉ាក C125​ស៊េរី​២០១៧ ចេញ​ពីផ្ទះ​ ដើម្បី​ទៅ​ចូលរួម​មង្គលការ​គេ ។ រហូត​មក​ដល់​ពេល​យប់​ មិន​បានឃើញ​ត្រឡប់​មក​ផ្ទះវិញ​​ទេ ហើយ​​ទូរស័ព្ទ​ចុច​ចូល តែ​មិន​មាន​អ្នក​លើក​និយាយ​ឡើយ​។

ម្តាយ​បន្ត​ថា​ ស្រាប់​នៅ​ព្រឹក​ព្រលឹម​​ចូលថ្ងៃទី​២១ ​ឧសភា នេះ ត្រូវ​បាន​នគរបាល​ទូរស័ព្ទ​ប្រាប់គាត់​ថា កូន​ប្រុស​​​គាត់​ត្រូវ​​គេ​កាប់​​របួសធ្ងន់ចំ​ក្បាល​សន្លប់​ និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ស្ទឹង​ត្រង់ ។ ​​ម្តាយថា កូនប្រុសគាត់​ រៀង​រាល់​​​​ល្ងាច ​ទំនេរ​គឺជិះ​ម៉ូតូ​មក​រៀន​ភាសា​កូរ៉េ​ហើយ ព្រោះ​បានត្រៀម​ដាក់​ពាក្យ​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ករណី​ឃាតកម្ម​​នេះ​ បើតាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​មាន​បន្សល់​ទុក​ដំបង​ឈើ​១​កំណាត់ ​(ប្រវែង​៤​តឹក) ម៉ូតូ​ម៉ាកC125របស់​នារី​​រង​គ្រោះដែល​ស្លាប់ទាំង​អា​ក្រាត​កាយនេះ​ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត ដើម្បី​វែកមុខ​រកចាប់ឃាតករឱ្យបាន។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]