អាមេរិក៖ ស្រ្តីជាម្តាយនិងកូនតូច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញសាកសពត្រីចម្លែកមួយក្បាល មានធ្មេញធំៗដូចមនុស្ស គួរឲ្យខ្លាច នៅលើឆ្នេរសមុទ្រក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

សាកសពត្រីចម្លែកធ្មេញធំៗដែលបានប្រទះឃើញ

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស មីរ័រ បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុកាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីជាម្តាយម្នាក់ឈ្មោះ Maleah Burrows មានអាយុ ៣១ឆ្នាំ រួមជាមួយនឹងកូនតូចម្នាក់អាយុ ៣ឆ្នាំ បាននាំគ្នាដើរលេងកម្សាន្តនៅលើឆ្នេរខ្សាច់ នៃកោះ St Simon ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺពួកគេបានប្រទះឃើញ សាកសពត្រីចម្លែកមួយក្បាល ដែលបានរសាត់អណ្ដែតមកទើរនៅលើឆ្នេរខ្សាច់ ដោយស្ថិតនៅក្នុងសភាពគួរឲ្យខ្លាច។

សាកសពត្រីចម្លែកធ្មេញធំៗដែលបានប្រទះឃើញ

តាមការឲ្យដឹងពីអ្នកស្រី Maleah Burrows បាននិយាយថា នៅគ្រានោះអ្នកស្រីកំពុងតែដើរលេងនៅលើឆ្នេរជាកូន ហើយក៏ស្រាប់តែប្រទះឃើញត្រីចម្លែកនេះ ដែលធ្វើឲ្យអ្នកស្រីហាក់មានការចាប់អារម្មណ៍ទៅលើវាជាខ្លាំង។

ដំបូងឡើយ អ្នកស្រីគិតថា វាជាត្រីធម្មតាដែលបានងាប់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែ អ្នកស្រីចង់បង្ហាញវាឲ្យកូនឃើញដែរ អ្នកស្រីក៏បានដើរទៅជិតសាកសពត្រីនោះ ដើម្បីមើលវាឲ្យកាន់តែច្បាស់។ វាពិតជាភ្ញាក់ផ្អើល លាយឡំជាមួយនឹងភាពភ័យខ្លាច ក្រោយរកឃើញថា ត្រីនោះមានធ្មេញធំៗ ដែលអ្នកស្រីពុំធ្លាប់ដែលបានឃើញបែបនេះពីមុនមកឡើយ។

អ្នកស្រី Maleah ដែលមកពីទីក្រុង Charlotte រដ្ឋ North Carolina រូបនេះ បានបន្តទៀតថា ត្រីចម្លែកមួយក្បាលនេះ ពិតជាមានធ្មេញធំៗច្រើនពេញមាត់ ប៉ុន្តែមានលក្ខណៈស្មុគស្មាញ (ដុះរញ៉េរញ៉ៃ) ឯស្រការបស់វាក៏ក្រាស់ដែរ។

សាកសពត្រីចម្លែកធ្មេញធំៗដែលបានប្រទះឃើញ

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងការប្រទះឃើញត្រីចម្លែកនេះ វាត្រូវបានគេដឹងថា ជាប្រភេទត្រីក៏កម្រម្យ៉ាង ឬហៅថា Sheepshead Fish ដែលមានធ្មេញប្លែកខុសពីត្រីដទៃ។

ធ្មេញរបស់វាអាចលូតបានប្រវែង ៤,៥មីលីម៉ែត្រ ដល់ខ្ទង់ ១៥មីលីម៉ែត្រ (ឬប្រហែល ១សង់ទីម៉ែត្រកន្លះ)។ ត្រីប្រភេទនេះ អាចធំធាត់ក្នុងប្រវែងខ្លួនរហូតដល់ទៅ ៧៦សង់ទីម៉ែត្រ។ ពួកវាភាគច្រើនត្រូវបានគេរកឃើញនៅតាមតំបន់ឈូងសមុទ្រ និងនៅឆ្នេរសមុទ្រអាត្លង់ទិច នៅសហរដ្ឋអាមេរិកជាដើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]