អាមេរិក៖ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាង ១០ឆ្នាំ នៅទីបំផុតលោកយាយអាយុ ៨០ឆ្នាំម្នាក់ បានបញ្ចប់ការសិក្សាបានសម្រេចលើជំនាញវិទ្យាសាស្រ្តសង្គមកាលពីសុក្រកន្លងទៅនេះ។

លោកយាយម្នាក់នេះមានឈ្មោះ Yasuko Fujii ជាជនអន្តោប្រវេសន៍ជនជាតិជប៉ុន ដែលបានមកសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦០ ហើយគាត់រង់ចាំអស់រយៈពេលជាង ៦០ឆ្នាំទើបអាចទទួលបានសញ្ញាបត្រមួយនេះ។ យោងតាមប្រភពសារព័ត៌មាន CBS8 បានឱ្យដឹងថា មូលហេតុដែលលោកយាយពន្យារពេលសិក្សាយូរបែបនេះ មកពីគាត់ត្រូវចិញ្ចឹមគ្រួសាររបស់គាត់។

ដូច្នេះ គាត់បានចំណាយពេលអស់ ១០ឆ្នាំទម្រាំតែទទួលបានបញ្ញាបត្រមួយនេះ។ ដំបូងឡើយ គាត់ចាប់ផ្តើមរៀននៅមហាវិទ្យាល័យ Mesa ម្តងទៀត បន្ទាប់ពីប្តីលោកយាយបានស្លាប់បាត់ទៅ។ ក្រោយមក លោកយាយក៏បានផ្លាស់ប្តូរទៅរៀននៅឯសាកលវិទ្យាល័យសានឌីអេហ្គោកាលពីពីរឆ្នាំមុន។

លោកយាយ Fujii បានប្រាប់ក្រុមសារព័ត៌មានថា៖

«ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យណាស់។ នៅក្នុងខួរក្បាលរបស់ខ្ញុំ ខ្ញុំរមែងគិតថាខ្ញុំចង់រៀនឱ្យចប់។»

ដំណើរជោគជ័យរបស់លោកយាយ Fujii គឺមានការលំបាកណាស់ ពោលគឺគាត់មិនចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបនោះទេ។ សំណាងល្អបានចៅស្រី ៣ឆ្នាំគាត់ជួយ។

លោកយាយ Fujii បានបន្តនិយាយថា៖

«ចៅស្រីខ្ញុំពិតជាឆ្លាតណាស់ ហើយនាងបានជួយខ្ញុំច្រើន។ ខ្ញុំជឿថា មនុស្សគ្រប់គ្នាសុទ្ធសឹងតែអាចធ្វើបាន បើខ្ញុំមកពីក្រៅប្រទេសខ្ញុំអាចធ្វើបាន អីចឹងអ្នកកើតក្នុងសហរដ្ឋអាមេរិកស្រាប់ក៏អាចធ្វើបានដែរ។ មិនយឺតពេលនោះទេ។»

គួរឱ្យដឹងផងដែរថា លោកយាយ Yasuko Fujii គឺជានិស្សិតដែលមានវ័យចំណាស់បំផុតនៅក្នុងថ្ងៃទទួលសញ្ញាបត្ររបស់គាត់ ហើយគាត់បាននិយាយពាក្យចុងក្រោយថា៖

«ឱ្យតែអ្នកមានការតាំងចិត្តខ្ពស់ អ្នកប្រាកដជាអាចសម្រេចបានគ្រប់យ៉ាង៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]