(ភ្នំពេញ)៖ តារាចម្រៀងស្រីសំនៀងក្រអូនក្រអៅ មានទឹកដម អ្នកនាង រ័ត្ន រចនា ដែលជាប់រហស្សនាមថា «មេម៉ាយ សប្បាយចិត្ត» ថ្មីៗនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា បានបាត់មុខមាត់ឈឹងតែម្តងពីពិភពសិល្បៈ ដោយមិនឃើញចូលរួម​ក្នុងកម្មវិធីសិល្បៈតាមកញ្ចក់ទូរទស្សន៍ និងក្នុងបណ្តាញសង្គមក៏ស្ងប់ស្ងាត់ផងដែរ ជាហេតុធ្វើឲ្យមានទស្សនិកជន ដែលនិយមតាមដាននាងនាំគ្នាបញ្ចេញមតិថា បានល្បីបទ «មេម៉ាយសប្បាយចិត្ត» មួយប្រាវ ក៏ស្ងាត់ទៅវិញ គ្មានអ្វីចម្លែកទេ សម្រាប់តារាចម្រៀង។ ផ្ទុយពីការគិតរបស់ទស្សនិកជន និងដើម្បីបញ្ឈប់ការគិតបែបនេះមកលើខ្លួន អ្នកនាង រ័ត្ន រចនា បានចេញមុខមកបកស្រាយថា ការបាត់វត្តមាននាងជិត២ខែ ដោយសារតែរវល់ចេញទៅសម្តែងនៅអូស្ត្រាលី តែបច្ចុប្បន្ននាងបានវិលត្រឡប់មកវិញហើយ ព្រមទាំងមានចម្រៀងថ្មីៗត្រៀមចេញ ដើម្បីប៉ះប៉ូវអារម្មណ៍ទស្សនិកជនទៀតផង។

ឆ្លើយតបនឹងការលើកឡើងរបស់ទស្សនិកជនដូចលើកឡើងខាងលើ អ្នកនាង រ័ត្ន រចនា បានឲ្យដឹងតាមរយៈទូរស័ព្ទថា ចង់ផ្តាំទៅទស្សនិកជន​ពីមូលហេតុនៃការបាត់មុខ គឺដោយសារមមាញឹកនឹងការចេញទៅស្រុកក្រៅ ទើបមិនសូវបានលើកកម្មវិធីតាមទូរទស្សន៍ក្នុងស្រុក ដូច្នេះទើបស្ងប់ស្ងាត់តែម្តង។ ​នាងថា ខ្លួនក៏ភ័យណាស់ខ្លាចទស្សនិកជនក្នុងស្រុកឈប់គាំទ្រ និងភ្លេចនាងដែរ តែគិតថាមិនអីទេ ព្រោះឥឡូវនេះ បានត្រឡប់មកវិញហើយ និងមានបទថ្មី២ទៅ៣បទដែរ កំពុងត្រៀមចេញសម្រាប់កំដរអារម្មណ៍ទស្សនិកជន។

អ្នកនាង រ័ត្ន រចនា បានបន្តថា ការចេញទៅសម្តែង ចម្រៀង រាំ នៅប្រទេសអូស្រ្តាលី គឺជាលើកទី៣ហើយសម្រាប់នាង តែអ្វីដែលធ្វើការកត់សម្គាល់ គឺការចេញទៅលើកនេះ គឺមានបងប្អូននៅទីនោះគាំទ្រច្រើនលើសពីការរំពឹងទុក ព្រោះតែគ្រប់គ្នាល្បី និងស្គាល់ច្រើន តាមរយៈបទចម្រៀង «មេម៉ាយសប្បាយចិត្ត»។ ទោះបែបនេះក្តី នាងថា បើប្រៀបធៀបនឹងការគាំទ្រ របស់បងប្អូននៅក្នុង និងក្រៅស្រុក គឺដូចតែគ្នាទេ ពោលគឺឲ្យតែវត្តមាននាងក្នុងកម្មវិធីកំសាន្តនានា​គឺ មានទស្សនិកជនគាំទ្រតែម្តង។

ជាការពិតណាស់ តារាស្រី ដែលបានប្រឡូកចូលសិល្បៈ អស់រយៈពេល ២០ឆ្នាំមកហើយ គឺ តារាចម្រៀង រ័ត្ន រចនា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារតែបទចម្រៀង «មេម៉ាយ សប្បាយចិត្ត» ដែលជាចម្រៀងមរតកដើម ត្រូវបាននាងយកមកច្រៀងឡើងវិញ និង ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។ ដោយសារតែមានយីអ៊ុនខ្លាំង ការងារសិល្បៈរបស់នាង កាន់តែមានទីផ្សារខ្ពស់ ខណៈមានគេទាក់ទងឲ្យច្រៀងនៅតាមបណ្ដារខេត្ត តាម Concert នានា ហើយមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងស្រុកប៉ុណ្ណោះទេ នាងថែមទាំងត្រូវបានគេទាក់ទងឲ្យទៅសម្ដែង ច្រៀង នៅបរទេស ទៀតផង។ បើទស្សនិកជននៅចាំមិនភ្លេច ចាប់តាំងពីល្បីឈ្មោះមក នាងបានចេញទៅសម្តែងនៅកូរ៉េ អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ខណៈបច្ចុប្បន្នកំពុងត្រៀមសម្ភាសន៍ទៅសម្តែងនៅបារាំង និងអាមេរិកថែមទៀត៕

រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា
រ័ត្ន រចនា

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]