ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៩ អ្នកជិះកង់ប្រមាណ ២០០ នាក់ បាននាំគ្នាជិះកង់ពីចំណុចសណ្ឋាគារសុខា ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ជួយដល់សិស្សានុសិស្ស ២៤៨ នាក់នៅសាលាចុងកោះឧកញ្ញ៉ាតី ដែលមានទីតាំងស្ថិតក្នុងភូមិឧកញ្ញ៉ាតី ស្រុកខ្សាច់កណ្តាល។

ក្រុមអ្នកជិះកង់ប្រមាណជា ២០០នាក់ បាននាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ២៤៨ នាក់ ដោយក្នុងម្នាក់ទទួលបាន កាបូបសិក្សាមួយ សៀវភៅពីរក្បាល ប៊ិចពីរដើម ខ្មៅដៃពីរដើម ដែកខួងមួយ បន្ទាត់មួយ និងថវិកាប្រាំពាន់រៀល ក្នុងនោះផងដែរលោកគ្រូអ្នកគ្រូ ៨ នាក់ ទទួលបានសៀវភៅពីរក្បាល ប៊ិចពីរដើម ដែកខួងមួយ បន្ទាត់មួយ ថវិកា ២ ម៉ឺនរៀល ព្រមទាំងថវិកាឧបត្ថម្ភ ៤០ ម៉ឺនរៀល ដល់សាលាបឋមសិក្សាចុងកោះឧកញ្ញ៉ាតី ។

លោក ឈាន សុវណ្ណរតនា ប្រធានសមាគមយុវជនស្ម័គ្រចិត្តខ្មែរ បានលើកឡើងក្នុងកម្មវិធីឲ្យដឹងថាសូមអោយសិស្សានុសិស្សខំប្រឹងរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមអោយបន្តសកម្មភាពសប្បុរសធម៌ និងគិតពីសុខភាពអោយបានច្រើន ដូចគ្នានឹងកម្មវីធីជិះកង់សប្បុរសធម៌នេះ។

កម្មវិធីជិះកង់សប្បុរសធម៌នេះ ផ្តើមរៀបចំដោយ OBNAsia ហាងកង់សុខភាពសហការជាមួយសមាគមយុវជនស្ម័គ្រចិត្តខ្មែរ ដែលដឹកនាំដោយលោក ឈាន សុវណ្ណរតនា និងទទួលបានការចូលរួមពីផលិតផល Starbalm ក្រុមហ៊ុន khmeradszone  Namas K Ubet 368 និងក្រុមហ៊ុនអចលទ្រព្យ M Paragon ដោយបានមូលគំនិតបង្កើតកម្មវិធីជិះកង់សប្បុរសធម៌នេះឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងជួយដល់សិស្សានុសិស្សដែលមានការខ្វះខាតសម្ភារៈសិក្សា ក៏ដូចជាកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស បូករួមទាំងការជិះកង់ដើម្បីសុខភាពជៀសឆ្ងាយពីគ្រឿងញៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់យុវជន ទទួលបានបទពិសោធន៍ក្នុងការជិះកង់ជាក្រុមព្រមទាំងលើកកម្ពស់ក្នុងវិស័យជិះកង់ឱ្យកាន់តែមានប្រជាប្រិយភាពឡើង៕

ក្រុមអ្នកជិះកង់ជិត ២០០ នាក់
ក្រុមអ្នកជិះកង់ជិត ២០០ នាក់
ក្រុមអ្នកជិះកង់ជិត ២០០ នាក់
សិស្សសាលា នៅកោះឧកញ៉ាតី
សិស្សសាលា នៅកោះឧកញ៉ាតី
ជិះកង់សប្បុរសធម៌
សិស្សសាលា នៅកោះឧកញ៉ាតី
ក្រុមជិះកង់សប្បុរសធម៌
ក្រុមជិះកង់សប្បុរសធម៌
ក្រុមជិះកង់សប្បុរសធម៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]