ជាតិពុលមានវត្តមានគ្រប់ទីកន្លែងជុំវិញខ្លួនយើង មិនថាខ្យល់យើងដកដង្ហើម ទឹក នំចំណីយើងញ៉ាំ ហើយសូម្បីតែ Smartphone កាន់គ្រប់ដៃរាល់ថ្ងៃ ក៏សម្បូរទៅដោយបាក់តេរី ជាប្រភពមេរោគបង្កឲ្យយើងឈឺ។ ពេលជាតិពុលទាំងនោះ ផ្សំផ្តុំគ្នាដល់កម្រិតខ្លាំងនោះ សញ្ញាមួយចំនួននឹងកើតមានឡើងលើរាងកាយ ហើយយើងអាចមើលឃើញជាក់ស្តែង។
១- ពិបាកបត់ជើងធំ (ទល់លាមក)
ពេលញ៉ាំអាហារមួយពេលៗ រាប់ទាំងចំណីញ៉ាំលេងទៀត ច្បាស់ណាស់ សារធាតុគីមីមិនល្អមួយចំនួនប្រាកដជាចូលក្នុងខ្លួនដែរ នេះរាប់ទាំងធាតុគីមីរក្សាម្ហូបអាហារឲ្យបានយូរ គ្រឿងបន្ថែមរសជាតិ និងពណ៌ឲ្យចំណី។ល។ សារធាតុទាំងនេះច្រើនចូលមក ពោះវៀនតូចរបស់យើងទទួលយកមិនបានទេ មុខជាធ្វើឲ្យពោះវៀនជួបបញ្ហា ជាហេតុឲ្យយើងពិបាកបត់ជើងធំ។ ដំណោះស្រាយចំពោះបញ្ហានេះ គឺព្យាយាមញ៉ាំអាហារបែបធម្មជាតិតាមដែលអាចរកបាន បន្ថយការផឹកស្រា និងញ៉ាំទឹកឲ្យបានសមល្មមតាមរាងកាយ។
២- ពិបាកផ្ចង់អារម្មណ៍
រាល់ពេល បើតែងជួបបញ្ហាវិលមុខ ច្របូកច្របល់ ពិបាកផ្ចង់ស្មារតី មិនស្រស់ស្រាយ ទោះបីរាល់យប់បានគេងឆ្អែតគ្រប់គ្រាន់ក៏ដោយ នេះគឺបណ្តាលមកពីជាតិពុលក្នុងខ្លួនបានបំបាត់សារធាតុរ៉ែ និងវីតាមីនដែលរាងកាយត្រូវការជាចាំបាច់។ ករណីនេះប្រៀបដូចម៉ាស៊ីនត្រូវការប្រេងរម្អិលថ្មី ដែលមានន័យថា ដល់កម្រិតអាសន្នត្រូវយកចិត្តទុកដាក់ហើយ។
៣- ធុំក្លិនខ្លួនមិនល្អជាប់រហូត ទោះបីប្រើទឹកអប់ក៏ដោយ
ទោះបីងូតទឹករួច ប្រើគ្រឿងបំបាត់ក្លិនខ្លួន តែនៅតែមិនបាត់ នេះក៏ជាសញ្ញាមិនល្អមួយដែរ។ មានន័យថា ជាតិពុលច្រើនបានផលិតក្លិនមិនល្អសព្វរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឲ្យយើងផោមច្រើនខុសពីធម្មតា។
៤- ឈឺចាប់តាមសន្លាក់ និងសាច់ដុំ
មិនធ្លាប់ទៅកន្លែងហាត់ប្រាណ មិនធ្លាប់ធ្វើការធ្ងន់ៗ តែបែរជាឧស្សាហ៍ឈឺតាមសន្លាក់ និងសាច់ដុំ។ នេះក៏ជាមូលហេតុមួយបញ្ជាក់ថា ជាតិពុលបានប្រមូលផ្តុំក្នុងកម្រិតមួយបង្កឲ្យយើងឈឺសព្វរាងកាយ។
៥- ឡើងរោល កន្ទួល ឬមុនលើស្បែក
ស្បែកជាសេរីរាង្គធំជាងគេនៃរាងកាយ ហើយក៏ជាកន្លែងបង្ហាញពីអាការៈថាយើងឈឺ ឬសុខភាពល្អផងដែរ។ ផលិតផលខុស ដូចជា សាប៊ូកក់សក់ ឡេលាបស្បែក សាប៊ូដុសខ្លួនមកប្រើលើស្បែក ក៏បង្ហាញសញ្ញាមិនល្អភ្លាមៗ។ ដោយឡែក ជាតិពុលក្នុងខ្លួនឡើងខ្លាំង វាក៏បង្ហាញមកលើស្បែកដែរ ដូចជា ការឡើងមុន រោលកន្ទួល និងរមាស់ ជាដើម។
៦- ពិបាកគេងលក់ដូចសព្វដង
សារធាតុពុលច្រើនក៏ធ្វើឲ្យយើងពិបាកគេងលក់ អស់កម្លាំងល្ហិតល្ហៃជាប្រចាំ ជាពិសេសវាបង្កឲ្យអ័រម៉ូនក័រទីសុល Cortisol (អ័រម៉ូនស្ត្រេស) ដំណើរការមិនប្រក្រតី។ បើបណ្តោយកាន់តែធ្ងន់ធ្ងរជាងនេះគឺ វាធ្វើឲ្យកើតជាជំងឺគេងមិនលក់តែម្តង ដែលជាដំណាក់កាលត្រូវដោះស្រាយ។
៧- ដង្ហើមក្លិនមិនល្អ
ដង្ហើមចេញមកមានក្លិនមិនល្អ បង្ហាញពីប្រព័ន្ធរំលាយអាហារមានបញ្ហា ហើយនេះក៏ជាសញ្ញាបញ្ជាក់ថា ថ្លើមយើងបានព្យាយាមបន្សាបជាតិពុលអស់កម្រិតហើយ ដូចនេះវាជាសញ្ញាព្រមានដល់យើងផងដែរ។
៨- ក្រចកដៃ ក្រចកជើងផុយ និងជាំ
ជាតិពុលឡើងខ្លាំង ក៏បង្ហាញនៅលើក្រចកដៃ និងជើងដែរ ហើយកន្លែងនេះដែរ ក៏ជាកន្លែងដែលពពួកផ្សិត បាក់តេរី ចូលចិត្ត។ ដូចនេះ ក្រចកដៃ ជើងឡើងជាំ ឬផុយខុសពីធម្មតា ក៏គួរប្រុងប្រយ័ត្ន។
៩- សក់ជ្រុះលឿន
សក់ជ្រុះជារឿងធម្មតា ប៉ុន្តែករណីខ្លះជាសញ្ញាណនៃជាតិពុលក្នុងខ្លួនឡើងដល់កម្រិតខ្ពស់ផងដែរ ជាពិសេសជាតិពុល Arsenic (ជាតិពុលអាសេនិក) ឡើងខ្លាំង ដែលធ្វើឲ្យសក់ជ្រុះលឿន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្តល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]