ខេត្តកណ្តាល ៖ ក្នុង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រយៈពេល​០៤​ថ្ងៃ នគរបាល​ស្រុក​ខ្សាច់កណ្តាល​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បាន​បំបែកសំណុំរឿង​លួច​មាន​ស្ថាន​ទម្ងន់ ដោយ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​ធាក់ រួច​កាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតហេតុ​ថ្ងៃ​ទី​១៣ ឧសភា​នេះ​វេលា​ម៉ោង​២២​និង​០០​នាទី ចំណុច​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​០១​នាក់​ឈ្មោះ​ម៉ឺន សា​រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​មាន​របួស​ស្នាម កែងដៃ​ឆ្វេង​០១​កន្លែង និង​បាតដៃ​ទាំង​សងខាង​) ។ ជនសង្ស័យ​០៣​នាក់ ទី​០១​ឈ្មោះ ផល ពិសិដ្ឋ ភេទ ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​បឹង​កំ​ពិល ខេត្ត​ត្បូងឃ្មុំ ប​ច្ចប្ប​ន្ន​ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ឃាត់ខ្លួន​) ទី​០២ ឈ្មោះ​ឃាត វិចិត្រ អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ចង្វា ឃុំ​គង​ជ័យ ខេត្ត​ត្បូងឃ្មុំ (​គេចខ្លួន​) ទី​០៣​ឈ្មោះ វុ​ទ្ធី សំ​អូន ហៅ​ប៊ុ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​(​គេចខ្លួន​) ។

ចំណែក​សម្ភារ​បាត់បង់​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ផ្លា​ក​លេខ ភ្នំពេញ 1FU-4085 លេខ​ម៉ាស៊ីន និង​លេខ​តួ ៩៥៥៧៤១៥ ។ នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ឧសភា ២០១៩​ម៉ោង​២០​និង​៤០​នាទី ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​បុណ្យ​នៅ​ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ត្រឡប់​មក​ផ្ទះ​វិញ ។ ដល់​វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ដដែល ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ស្រាប់តែ​ជនសង្ស័យ​ទាំង​០៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ បើកភ្លើង​ឡា​ហ្សែ ជិះ​វ៉ា​ពីក្រោយ​ជន​រង​គ្រោះ​ពេល​ជិះ​ទន្ទឹម​គ្នា ជនសង្ស័យ​ឈ្មោះ​វុ​ទ្ធី សំ​អូន បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្តួល​ទៅ​លើ​ដី ហើយ​ឈ្មោះ ឃាត វិចិត្រ បាន​ចុះ​ពីលើ​ម៉ូតូ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ស្នាម រួច​លើក​ម៉ូតូ​ជិះ​គេច​ទៅ​ខេត្តព្រៃវែង​។

លុះដល់​ថ្ងៃ​ទី​១៧ ឧសភា ២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​សហការ​ជាមួយ​កម្លាំង​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ​ផល ពិសិដ្ឋ នៅ​រាជធានី​ភ្នំពេញ ។ ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៩ ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ជនសង្ស័យ​ឈ្មោះ​ផល ពិសិដ្ឋ ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]