អាហ្វ្រិកខាងត្បូង៖ តារាសាច់ដុំធំលោក Arnold Schwarzenegger ដែលមនុស្សម្នាស្គាល់លោកតាមរយៈរឿង The Terminator នោះ ថ្មីៗនេះលោកត្រូវបានក្មេងស្ទាវស្បែកខ្មៅម្នាក់ ហក់ធាក់ពីក្រោយខ្នងដួលផ្កាប់មុខ បង្កការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម។

តារាវ័យ ៧១ឆ្នាំរូបនេះបានមកប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីចូលរួមព្រឹតិ្តការណ៍កីឡាដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងទីក្រុង Johannesburg។

យោងតាមវីដេអូបានបង្ហាញថា ខណៈពេលមនុស្សកំពុងតែថតវីដេអូគាត់ ស្រាប់តែមានក្មេងស្ទាវស្បែកខ្មៅម្នាក់បានហក់ធាក់គាត់ពីក្រោយ បណ្តាលឱ្យគាត់ដួលផ្កាប់មុខយកតែម្តង។

ក្រោយមក សន្តិសុខក៏បានចាប់ក្មេងប្រុសម្នាក់នេះចេញទៅខាងក្រៅភ្លាមៗ។ មិនយូរប៉ុន្មាន ក្មេងប្រុសម្នាក់នេះក៏បានស្រែកថា «ជួយខ្ញុំផង! ខ្ញុំត្រូវការឡាន Lamborghini»

ជាក់ស្តែងមូលហេតុដែលក្មេងប្រុសម្នាក់នេះបែកគំនិតទៅហក់ធាក់លោក Arnold មកពីគេចង់សុំឱ្យលោក Arnold ទិញឡាន Lamborghini ឱ្យគេ។

ក្រោយមក លោក Arnold ក៏បានចាកចេញពីទីកន្លែងនោះភ្លាមៗ ហើយលោកបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖

«សូមអរគុណអ្នករាល់គ្នាចំពោះការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីត្រូវបារម្ភនោះទេ។ ខ្ញុំស្មានតែមានហ្វេនបញ្ចៀតគ្នាបុកខ្ញុំ ដល់ពេលមើលវីដេអូទើបដឹងថាការពិត ខ្ញុំត្រូវបានគេហក់ធាក់មែន។ ខ្ញុំពិតជាអរគុណដែលអាម្សៀលនោះមិនបានរំខានវីដេអូ Snapchat របស់ខ្ញុំ។»៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សាររបស់លោក Arnold សរសេរនៅលើ Twitter
លោក Arnold Schwarzenegger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]