ហ្វេសបុកបានដឹងថា នរណាខ្លះជាមិត្តរបស់អ្នក ហើយដឹងថាអ្នកបែកបាក់ស្នេហានៅពេលណា និងអ្វីខ្លះដែលអ្នកបានធ្វើ ឬបំណងប្រាថ្នាអ្វីខ្លះ ដែលអ្នកមិនបានធ្វើ កាលពីវិស្សមកាលកន្លងទៅ។ ប៉ុននឹងហើយ មិនទាន់គ្រប់គ្រាន់ទេ គឺហ្វេសបុកនឹងទៅតាមអ្នកគ្រប់ទីកន្លែងទាំងអស់។

តាមការរាយការណ៍របស់ Bloomberg កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ហ្វេសបុក កំពុងអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទឆ្លាតវៃ (Smartphone) ដែលអាចផ្តល់នូវតម្រុយទីតាំង របស់អ្នកប្រើប្រាស់បាន ទោះបីជាកម្មវិធីនោះ មិនបានដំណើរការក្នុងទូរស័ព្ទក៏ដោយ។ កម្មវិធីនេះនឹងជួយឲ្យអ្នកលេងហ្វេសបុក អាចដឹងអំពីទីតាំងមិត្តភក្រ្តរបស់ពួកគេ នៅពេលដែលពួកគេមិនបានអនឡាញ ឬមិនបានលេងក៏ដោយ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ ក៏នឹងជួយឲ្យការផ្សាយពាណិជ្ជកម្មសមស្របនឹង ទីតាំងរបស់អ្នកប្រើប្រាស់ ដែលផ្តល់ផលប្រយោជន៍ដ៏ធំធេង ដល់អ្នកផ្សាយពាណិជ្ជកម្ម ប៉ុន្តែក៏អាចរារាំងដោយការកំណត់ Privacy របស់អ្នកលេងហ្វេសបុកដែរ។

ទោះជាយ៉ាងណាគំនិតដែលចង់បង្ហាញអំពីទីតាំង ដែលអ្នកកំពុងនៅគឺត្រូវបានគិតថាជាការរំខាន ប៉ុន្តែវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះថាសព្វថ្ងៃអ្នកលេងហ្វេសបុកមួយចំនួនធំ បានស្ម័គ្រចិត្តប្រាប់ពីទីតាំងរបស់ខ្លួនតាមរយៈការ Check-in ស្រាប់ទៅហើយ។ សំរាប់កម្មវិធីថ្មីនេះ គឺគ្រាន់តែធ្វើឲ្យប្រាកដប្រជាឡើងអំពីទីតាំងប៉ុន្នោះ ដោយលុបបំបាត់ការបង្ហាញដោយស្ម័គ្រចិត្តចោល។ ក្រឡេកមើលទៅ Apple និង Google បានធ្វើកិច្ចការបែបនេះមុនរួចហើយ ដោយបានកត់ត្រាពីទីតាំងរបស់អ្នកប្រើប្រាស់គ្រប់ពេល ដើម្បីShareទៅមិត្តរបស់ពួកគេតែម្តង។

ជាក់ស្តែងណាស់ ហ្វេសបុកកំពុងផ្តោតលើការទាកទាញ ការផ្សាយពាណិជ្ជកម្មតាមកម្មវិធីរបស់ខ្លួន ក៏ដូចជាបង្កើនប្រាក់ចំណូលតាមគ្រប់រូបភាព ជាងការចាប់អារម្មណ៍របស់អ្នកលេងហ្វេសបុក។

នៅមានចំនុចដែលសំខាន់មួយទៀតនោះគឺហ្វេសបុក បានទទួលការអនុញ្ញាតពីអ្នកប្រើប្រាស់ភាគច្រើនរួចហើយ ចំពោះកម្មវិធីនេះ ដូច្នេះហ្វេសបុកនឹងចាប់អនុវត្តដោយ មិនចាំបាច់សុំការអនុញ្ញាតពីអ្នកប្រើប្រាស់ដទៃទៀតនោះឡើយ។

សូមរង់ចាំមើលពេលកម្មវិធីនេះចាប់ដំណើរការជាផ្លូវការនៅពាក់កណ្តាលខែមីនាខាងមុខនេះ។



ប្រែសម្រួលដោយ Bunthea

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]