កាលីហ្វញ៉ា៖ ដើម្បីក្លាយជាអ្នកគ្រូពេទ្យដ៏ក្មេងបំផុតនៅក្នុងរដ្ឋកាលីហ្វញ៉ា យុវតីឆ្នើម Kassidy Vo បានបោះបង់ចោលការលេងហ្គេម និងការដើរលេង ខណៈពេលនាងកំពុងតែរៀននៅឯសាកលវិទ្យាល័យ។

នាងបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតជំនាញឱសថស្ថានពីសាកលវិទ្យាល័យ Chapman ក្នុងវ័យតែ ១៩ឆ្នាំតែប៉ុណ្ណោះ ហើយវាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់យុវតីវ័យក្មេងរូបនេះ។  

ព្រោះតែឃើញឪពុកម្តាយត្រូវជម្លៀសខ្លួនចាកចេញពីប្រទេសវៀតណាម មករស់នៅក្នុងសហរដ្ឋអាមេរិកដោយក្តីលំបាក យុវត្តីឆ្នើម Kassidy បានសន្យាប្រាប់ខ្លួនឯងថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ហើយនៅទីបំផុតនាងបានសម្រេចបំណងប្រាថ្នានេះពិតមែន។

យុវតីឆ្នើម Kassidy Vo

ឪពុក Kassidy លោក Andrew Vo បានចាកចេញពីប្រទេសវៀតណាម កាលពីលោកមានអាយុ ១០ឆ្នាំមកម្ល៉េះ ព្រោះតែពេលនោះនៅវៀតណាមមានសង្រ្គាម ហើយលោក រួមទាំងប្រជាជនវៀតណាមដទៃទៀត បានក្លាយទៅជាជនភៀសខ្លួនចាកចេញពីប្រទេសវៀតណាម មករស់នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះម្តាយ Kassidy គឺអ្នកស្រី Kacie Tran ក៏បានមកសហរដ្ឋអាមេរិកផងដែរ។

ដោយជានិស្ស័យ លោក Andrew និងអ្នកនាង Kacie ក៏បានជួបគ្នា ស្រលាញ់គ្នា និងបានបង្កើតកូនប្រុស-ស្រីពីរនាក់នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនាមជាឪពុកម្តាយ ពួកគាត់តែងតែចង់ឱ្យកូនរបស់ខ្លួនរៀនសូត្រឱ្យបានខ្ពស់ ហើយនៅទីបំផុតកូនរបស់ពួកគាត់អាចសម្រេចបំណងប្រាថ្នាបានមែន។

ដោយថ្មីៗនេះ Kassidy បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញឱសថស្ថានបានសម្រេចពិតមែន។

លោក Andrew បាននិយាយថា៖

«កូនស្រីនេះពិតជាឆ្លាតខ្លាំងណាស់។ កាលរៀនថ្នាក់មត្តេយ្យ នាងបានបញ្ចប់ការសិក្សាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ក្រោយមកនាងក៏ចូលរៀនវិទ្យាល័យ ហើយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅពេលនាងមានអាយុត្រឹមតែ ១៤ឆ្នាំតែប៉ុណ្ណោះ។»
យុវតីឆ្នើម Kassidy Vo

គួរឱ្យដឹងផងដែរថា Kassidy គឺជាក្មេងដ៏ឆ្លាតម្នាក់តាំងតែពីតូចមកម្ល៉េះ ពោលគឺនាងបានចូលរួមកម្មវិធី « Are You Smarter than a 5th Grader (តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ទេ?)» ចំនួន ៣ដង។

បន្ថែមពីនេះទៀត Kassidy បានចំណាយពេលចុះកម្មសិក្សានៅតាមបណ្តាមន្ទីរពេទ្យមួយចំនួន មុនពេលនាងទទួលបានសញ្ញាបត្រមួយនេះ។

ដូច្នេះ ក្រោយពីបញ្ចប់ការសិក្សា នាងអាចសម្រាក ដើរលេង លំហែកាយបានហើយ មុនពេលនាងចូលបម្រើការក្លាយជាគ្រូពេទ្យដ៏ពិតប្រាកដម្នាក់៕ 

យុវតីឆ្នើម Kassidy Vo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]