(ភ្នំពេញ)៖ តារាកំប្លែង នាយ ចយ ត្រូវបានមហាជនដឹងថា បានចូលរោងការកសាងជីវិតគ្រួសារជាមួយនារីដ៏ស្រស់ស្អាតម្នាក់ តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ មកម្ល៉េះ ជាមួយនឹងការសារទរយ៉ាងច្រើនកុះករ ពីសាច់ញាត់បងប្អូន និងអ្នកសិល្បៈរួមអាជីព ជាពិសេសគ្រប់គ្នាបានកោតសរសើរដល់តារាប្រុសរូបនេះ ដែលចេះស្វែងរកភរិយាស្រស់ស្អាត មកស្រឡាញ់ស្មោះស្ម័គ្រ បន្តកាន់ដៃជាគូអនាគត ដោយមិនគិតពីពណ៌សម្បុរ ឬសម្រស់របស់ នាយ ចយ នោះឡើយ។ យ៉ាងណាមិញ ក្រោយរៀបការជាងមួយឆ្នាំ តារាកំប្លែងនាយ ចយ បានសម្រេចនូវក្តីស្រម៉ៃធំមួយហើយ គឺភរិយារបស់លោកកំពុងពពោះកូនដំបូង ដែលធ្វើឲ្យ នាយ ចយ ផ្ទាល់ហាក់អន្ទះសារយ៉ាងខ្លាំង ចង់ឃើញមុខកូនដំបូងរបស់ខ្លួន។

បង្ហើបប្រាប់តាមរយៈទូរស័ព្ទ តារាកំប្លែងនាយ ចយ បានឲ្យដឹងថា បច្ចុប្បន្នលោកកំពុងមានអារម្មណ៍ភ័យផងអរផង ព្រោះជិតបានធ្វើជាឪពុកគេហើយ ដូច្នេះត្រូវធ្វើខ្លួនឲ្យចាស់ទុំជាងមុន ជាពិសេស គឺអន្ទះសារចង់ឃើញមុខកូនឆាប់ៗតែម្តង ខណៈបច្ចុប្បន្នកូនក្នុងផ្ទៃភរិយារបស់លោក មានវ័យជាង៥ខែហើយ ពោលគឺគ្រប់ខែ នៅខែកញ្ញាខាងមុខនេះ។ លោកថា តាមពិតទៅលោកផ្ទាល់ ពិតជាស្រឡាញ់និងចង់បានកូនស្រីមុន តែទោះបីជាពិនិត្យទៅចេញលិទ្ធផលថា មានកូនប្រុសក៏លោកសប្បាយចិត្តដែរ ព្រោះគិតថា កូនប្រុស ឬស្រីសុទ្ធតែល្អដូចគ្នា។

តារាកំប្លែងដ៏មានប្រជាប្រិយភាព និងត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈទទួលស្គាល់ នាយ ចយ បានបន្ថែមថា ទោះកំពុងត្រៀមស្វាគមន៍ និងចង់ឃើញមុខកូនឆាប់​ៗនេះក្តី តែលោកនិងភរិយាមិនទាន់បានត្រៀមអ្វីពិសេសសម្រាប់កូននោះទេ សូម្បីតែឈ្មោះក៏មិនទាន់រកនឹកឃើញផង។

គួរជម្រាប់ថា ក្រៅពីមានអាជីពជាតារាកំប្លែង នាយ ចយ ហាក់មិនចង់បង្ហាញពីអាជីពផ្សេងមួយទៀតរបស់ខ្លួនទេ ដោយគ្រាន់តែលើកឡើងថា ធ្វើការជាមួយបងប្អូនបន្តិចបន្តួច និងភរិយាលក់ឥវ៉ាន់តាមអនឡាយតែប៉ុណ្ណោះ។ តែយ៉ាងណាលោកបានឲ្យដឹងថា ក្រៅពីសិល្បៈ គំនិតចង់រកស៊ីចេះតែមានហើយ ប៉ុន្តែគ្រាន់តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទើបពីរនាក់ប្តីប្រពន្ធខំធ្វើការសន្សំលុយសិន៕

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]