ជំងឺ​លើស​ឈាម​មិនមែន​កើត​តែ​លើ​មនុស្ស​ចាស់​ទេ នៅ​ក្មេង​សោះ​ក៏​អាច​កើត​មាន​ជំងឺ​នេះ​បើ​យើង​មិនកែ​ទម្លាប់ញ៉ាំ និង​​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន។ តើ​ទម្លាប់​ប្រចាំ​ថ្ងៃ​ណា​ខ្លះ​​អាច​ចៀស​ផុត​ពី​ជំងឺ​លើស​ឈាម?

១- កាត់​បន្ថយ​ការ​ញ៉ាំប្រៃ

ទម្លាប់​ញ៉ាំ​ប្រៃ​មិន​ល្អ​នោះ​ទេ ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​តម្រង​នោមចុះ​​ខ្សោយ​ដោយសារ​ជាតិ​ប្រៃចាល់​​ជាតិទឹក​មិន​ឲ្យបញ្ចេញ​តាម​តម្រង​នោម​បាន​ល្អ ជា​ពិសេស​បញ្ហា​​សរសៃ​​ឈាម​​នេះ​​ឯង។ អង្គការ​សុខភាព​ពិភព​លោក​បាន​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) នោះ​​ទើប​​មិន​មាន​​បញ្ហា​​លើស​​ឈាម។

២- ញ៉ាំ​បន្លែ​ផ្លែឈើ​ជា​ប្រចាំ

របប​អាហារ​ល្អ​បំផុត​ចំពោះ​សុខភាព​យើង ធ្វើ​ឲ្យ​អាយុ​វែង អាច​ចៀស​ពី​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​លើស​ឈាម គឺ​ការ​ញ៉ាំ​សាច់​តិច តែ​បន្លែ​ផ្លែឈើ​ច្រើន។ បន្លែ​ផ្លែឈើ​សម្បូរ​វីតាមីន ជាតិ​ទឹក និង​កាក​សរសៃ ធ្វើឲ្យ​ស្បែក​ស្អាត ងាយ​ស្រួល​រំលាយ​អាហារ មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​អាច​ជួយ​ការពារ​ជំងឺ​បាន​ទៀត​ផង។

៣- កាត់បន្ថយខ្លាញ់អាក្រក់ និងអាហារធ្វើឲ្យធាត់

យើង​ដឹង​ហើយ​ថា ពពួក Fast Food និង​ខ្លាញ់​អាក្រក់​ដែល​ចម្រាញ់​ពី​សត្វ​គ្រប់​ប្រភេទ ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ធាត់ កើត​ជំងឺ​លើស​ឈាម និង​ជំងឺ​ផ្សេងៗ​ទៀត ដូច្នេះ​បើ​យើង​កាន់​បន្ថយ​បាន​ច្រើន​កាល​ណា នោះ​សុខភាព​យើង​​ក៏​​ល្អ​​ដែរ​ ដោយជំនួស​​មក​ញំុា​ប្រេង​​ចម្រាញ់​​​ពី​​​​រុក្ខជាតិ។

៤- កុំជក់បារី

ជក់​បារី ឬ​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​មុខ​ណាស់ ក្នុង​នោះ​មាន ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ដកដង្ហើម សរសៃ​ឈាម​បេះដូង រំលាយ​អាហារ មានបញ្ហាស្បែក សក់ និងក្រចក។ តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង ១ ឆ្នាំ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយការ​ជក់បារី។

៥- កាត់​បន្ថយ​គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង​ក៏ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ជំងឺ​លើស​ឈាម​ដែរ តែ​បើ​គ្នា​យើង​ដែល​អត់​គ្រឿង​ស្រវឹង​មិន​បាន អាច​កាត់​បន្ថយ​កម្រិត​នៃ​ការ​ញ៉ាំ​ក៏​បាន។

៦- ធ្វើលំហាត់ប្រាណជាប្រចាំ

ហាត់​ប្រាណ​ជួយ​ដល់​សុខភាព​ច្រើន​ណាស់ មិនមែន​តែជំងឺ​លើស​ឈាម​មួយ​មុខ​នោះ​ទេ ដូច្នេះ​យើង​គួរ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ លេងកីឡា ឬ​ជិះកង់ ឲ្យ​បាន​យ៉ាង​តិច​កន្លះ​ម៉ោង/ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]