ភ្នំពេញ៖ វិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារៈសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត, ត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ហើយប្រការដ៏សំខាន់មួយទៀតគឺអង្គការសហប្រជាជាតិបានប្រកាស ទទួលស្គាល់វិសាខបូជានេះថាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោកផងដែរ។
តើពិធីបុណ្យវិសាខបូជាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់មនុស្សជាតិទូទៅ ទើបអង្គការសហប្រជាជាតិទទួលស្គាល់ជាទិវាបុណ្យរបស់ខ្លួន?
ការដែលអ្នកប្រាជ្ញពុទ្ធសាសនាប្រារព្ធពិធីវិសាខបូជានៅថ្ងៃ១៥ កើតខែពិសាខនេះឡើង អាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត, ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែនៅក្នុងថ្ងៃពេញបូណ៌មី ខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជាគាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ដឹងជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និងទ្រង់ចូលបរិនិព្វានក៏ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ ផ្សេងគ្នាតែឆ្នាំ ។
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង ប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា របស់ឥណ្ឌា ។
ជាប្រពៃណីបុណ្យវិសាខបូជាគេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង ។
បុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]