រាជធានីភ្នំពេញ ៖ បុរសជាអ្នកបកប្រែភាសាចិនម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងអគារការិយាល័យដែលជាកន្លែងធ្វើការរបស់ខ្លួន ហើយជនរងគ្រោះក៏មានស្នាមបែកក្បាលហូរឈាមប្រឡាក់ពេញបន្ទប់កើតហេតុនេះផងដែរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានអះអាងថាជាកណីចងកសម្លាប់ខ្លួន ចំណែកឯក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងថាជាករណីឃាតកម្មប្លន់ស្លាប់ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ឧសភា មកម្ល៉េះ រហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែលបង្កមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង នៅចំណុចក្នុងអគាការិយាល័យក្រុមហ៊ុន SUNWA ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសួនច្បារសម្តេច ហ៊ុន សែន (ខាងកើតណាហ្គា) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហួយ ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកបកប្រែភាសារចិនក្នុងក្រុមហ៊ុនខាងលើ ។ ជនរងគ្រោះមានប្រពន្ធ និងកូនប្រុសម្នាក់ ស្នាក់នៅផ្ទះជួលម្តុំចម្ការដូង ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលទាក់ទិននឹងករណីខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន និងកម្លាំងជំនាញរបស់ការិយាល័យជំនាញនគរបាលរាជធានីភ្នំពេញក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យបានអះអាងថា សពបុរសរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ចំណែកឯស្នាមរបួសបែកក្បាលហូរឈាមនោះវិញ គឺ ដោយសារតែបុរសរងគ្រោះបានយកខ្សែភ្លើងឡើងទៅចងកភ្ជាប់នឹងពិដានម្តងរួចមកហើយធ្វើឱ្យដាច់ខ្សែធ្លាក់បែកក្បាលហូរឈាម លុះលើកទី២ជនរងគ្រោះងើបឡើងទៅចងកម្តងទៀត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តងទៅ។
តាមប្រភពព័ត៌មានបានបន្តថា ក្រោយពេលទទួលបានដំណឹងខាងលើពីកម្លាំងសមត្ថកិច្ចភ្លាមនោះ ទើបក្រុមគ្រួសាររបស់ជនរងគ្រោះរួមមាន ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ, កូនរបស់ជនរងគ្រោះ, ឪពុកម្តាយរបស់ជនរងគ្រោះ និងបងប្អូនរបស់ជនរងគ្រោះជាច្រើននាក់ផងដែរបានចុះមកដល់កន្លែងកើតហេតុ និងឃើញសភាពសពជនរងគ្រោះស្លាប់មិនមានលៀនអណ្តាត និងម្យ៉ាងទៀតនៅលើក្បាលជនរងគ្រោះមានស្នាមរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន និងប្រឡាក់ឈាមពេញឥដ្ឋការ៉ូ ព្រមទាំងជញ្ជាំង ហាក់បីដូចជាមានអ្នកណាម្នាក់វាយសម្លាប់ជនរងគ្រោះ ហើយលើកយកសពជនរងគ្រោះមកធ្វើជារូបភាពចងកនោះ ទើបធ្វើឱ្យពួកគាត់មិនអាចទទួលយកបានឡើយ ហើយក៏មិនអោយធ្វើការទម្លាក់សពជនរងគ្រោះចុះដែរ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ពួកគាត់ស្នើសុំអោយថ្នាក់លើ និងកម្លាំងជំនាញមកធ្វើការពិនិត្យសពជនរងគ្រោះសារជាថ្មីម្តងទៀត ហើយពួកគាត់មិនទទួលយកតាមការអះអាងរបស់កម្លាំងសមត្ថកិច្ចឡើយ ដោយពួកគាត់មានការសង្ស័យថាជាករណីឃាតកម្ម ដោយសារតែម្តាយ និងប្រពន្ធរបស់ជនរងគ្រោះបានអះអាងថា ជនរងគ្រោះមានស្នាមបែកក្បាលហូរឈាមប្រឡាក់ពេញខ្លួន ហាក់បីដូចជាត្រូវគេវាយសម្លាប់ រួចយកសពទៅចង.កតែម្តង ម្យ៉ាងទៀតជនរងគ្រោះក៏បានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនមានដូចជា ម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ទូរស័ព្ទដៃចំនួន២គ្រឿង កាបូបលុយ រួមទាំងរបស់របរមួយចំនួនទៀតផងដែរត្រូវបានបាត់អស់គ្មានសល់។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ គេមិនទាន់បានដឹងថាយ៉ាងណានៅឡើយទេ ព្រោះ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះមិនអោយកម្លាំងសម្ថកិច្ចធ្វើការស្រាយទម្លាក់សពចុះក្រោមឡើយ ហើយក៏មិនព្រមឱ្យយកសពជនរងគ្រោះចេញដែរ ដោយនៅទាមទារថ្នាក់លើចុះមកធ្វើការត្រួតពិនិត្យករណីនេះសារជាថ្មី ដើម្បីអោយដឹងមូលហេតុច្បាស់ថាតើករណីនេះកើតឡើងដោយសារតែការចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯង ឬក៏ជាករណីឃាតកម្មប្លន់សម្លាប់ ទើបក្រុមគ្រួសារជនរងគ្រោះសុខចិត្ត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]