ម៉ាឡេស៊ី៖ បុរសម្នាក់ ត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើននាក់ សរសើរជាខ្លាំង បន្ទាប់ពីរូបលោកបានចំណាយពេលសម្អាតទីក្រុងរាល់ថ្ងៃ បើទោះបីជារូបលោកក្រក្តី។

បុរសចិត្តល្អរូបនេះមានឈ្មោះថា Husin Kasim រស់នៅក្នុងទីក្រុង Taiping ហើយលោករមែងតែងតែសម្អាតផ្លូវដោយស្ម័គ្រចិត្តរាល់ថ្ងៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញនោះទេ។ ជាក់ស្តែង លោកបាននិងកំពុងតែសម្អាតផ្លូវ Taiping អស់មួយរយៈមកហើយ ទើបរូបលោកទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ។ 

លោក Husin Kasim

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា លោក Husin កើតនៅក្នុងរដ្ឋ Johor តែលោកមកទីក្រុង Taiping នេះដើម្បីមើលថែរក្សាម្តាយដែលកំពុងតែឈឺរបស់លោក។ លោកពិតជាស្រលាញ់ទីក្រុង Taiping ខ្លាំងណាស់ បើទោះបីជាលោកគ្មានការងារច្បាស់លាស់ក្តី ក៏លោកសុខចិត្តចំណាយពេលវេលារបស់លោកដើម្បីសម្អាតទីក្រុងនេះឱ្យមានភាពស្រស់ស្អាតផងដែរ។

អ្នករាល់គ្នាប្រាកដជាងឿយឆ្ងល់ហើយថា មូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ?

លោក Husin បាននិយាយថា៖

«ខ្ញុំស្រលាញ់ទីក្រុងមួយនេះ ចង់ឃើញទីក្រុងមួយនេះមានសភាពស្រស់ស្អាត ហើយខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំអាចធ្វើបានតែប៉ុណ្ណោះ។»
កង់របស់លោក Husin Kasim

ជាធម្មតាលោក Husin តែងតែសម្អាតផ្លូវនេះរាល់ព្រឹក ហើយប្រសិនបើគាត់រវល់នោះ គាត់នឹងមកសម្អាតពេលយប់វិញ។

ម្យ៉ាងវិញទៀត ដើម្បីចិញ្ចឹមក្រពះ លោក Husin ក៏មានលក់ស្លឹកថ្នាំបុរាណ និងដូងមួយចំនួនផងដែរ។

លោក Husin ជាមនុស្សមិនចង់បានមុខមាត់អីទេ បើទោះបីជាលោកបានធ្វើអំពើល្អជួយសង្គមក្តី ក៏លោកមិនចង់ឱ្យគេថតរូបរបស់លោកនោះទេ ប៉ុន្តែត្រូវបានក្រុមសារព័ត៌មានម៉ាឡេស៊ីធ្វើការបញ្ចុះបញ្ចូលលោក ទើបលោកព្រមថតរូប ហើយបានចែករំលែករឿងនេះដើម្បីបំផុស លើកទឹកចិត្តដល់អ្នកដទៃ។ 

លោក Husin Kasim

លោក Husin បានបន្តនិយាយថា៖

«ការចូលរួមចំណែកធ្វើកិច្ចការសង្គមរបស់ខ្ញុំគឺតូចណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយ នៅពេលខ្ញុំបានធ្វើរឿងទាំងអស់នេះ។»

គួរឱ្យដឹងផងដែរថា ជាទូទៅនៅលើផ្លូវ Taiping សំបូរមនុស្សបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ណាស់ ហើយតាំងពីលោកសម្អាតផ្លូវនេះរាល់ថ្ងៃ កន្លែងនេះប្រែក្លាយទៅជាស្រស់ស្អាតឡើងវិញ។

លោក Husin Kasim

យ៉ាងណាមិញ រឿងមួយនេះបានល្បីពេញបណ្តាញសង្គមម៉ាឡេស៊ី ហើយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ សុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់លោក Husin Kasim គ្រប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]