ការមើលថែកូនតូចពិតជាធ្វើឲ្យម៉ាក់ៗអត់ងងុយខ្លាំង ព្រោះត្រូវមើលទាំងថ្ងៃយប់។ មិនថាម៉ឹមដោះម៉ាក់ៗ ឬទឹកដោះគោឡើយ សុទ្ធតែត្រូវភ្ញាក់ឲ្យប៊េបីម៉ឹមដោយផ្ទាល់ទាំងអស់ ដូចនេះហើយបានជាធ្វើឲ្យភ្នែកឡើងស្លក់។ បើម៉ាក់ៗណាកំពុងតែជួបបែបនេះ មកដឹងពីវិធីព្យាបាលរបស់អ្នកមានបទពិសោធន៍ទាំង ៥ ខាងក្រោម៖
១- យកទឹកកកមកម៉ាស្សា
នៅពេលយើងមានបញ្ហាភ្នែកខ្មៅ និងស្លក់ គួរតែយកទឹកកកមួយដុំតូចមកញីជារង្វង់ក្រោមភ្នែក ដោយម៉ាស្សាថ្នមៗប្រហែលជា ១០-២០ វិនាទី។ បន្ទាប់មកព្យាយាមសម្រាកភ្នែកឲ្យបាន ២០-៣០ នាទីទៀត នោះសភាពខ្មៅស្រអាប់នឹងប្រសើរឡើង។ នេះជាការចែករំលែករបស់ សុភក្ត្រា។
២- បិទត្រសក់
ដាវីន បានប្រាប់វិធីសាស្ត្រមួយធ្វើឲ្យផ្ទៃមុខស្រស់ថ្លាវិញ ក្រោយសម្រាលកូនហើយ ដែលម៉ាក់ៗទាំងអស់សុទ្ធតែចង់ដឹង។ ចិតត្រសក់ពីរចំណិតស្ដើងៗ រួចយកមកបិទពីលើភ្នែកឲ្យគ្របដល់រង្វង់ខ្មៅ ១៥-២០ នាទី ចាំលាងសម្អាតចេញ។ ព្យាយាមធ្វើឲ្យបាន ៣ ដង/សប្ដាហ៍ នោះវានឹងរលុបទៅវិញបន្តិចម្ដងៗ។
៣- ប្រើម៉ាស់បិទ
ប្រសិនបើម៉ាក់ៗមិនមានពេលគ្រប់គ្រាន់ទេ អាចរកទិញម៉ាសបិទក្រោមភ្នែក ហើយជ្រើសរើសម៉ាសដែលមានគុណភាពល្អ។ ចំណែកប្រសិទ្ធិភាពក៏អាចទទួលយកបានដែរ គ្រាន់តែត្រូវចំណាយអស់ច្រើនជាងវិធីធម្មតាៗ។ នេះជាការចែករំលែករបស់ នីតា ដែលជួបបញ្ហាភ្នែកស្លក់ ហើយដោះស្រាយតាមវិធីបែបទំនើបនេះ។
៤- ជ្រលក់កន្សែងទឹកក្ដៅ ឬស៊ុតស្ងោរ រួចយកមកស្អំ
ចំណែក មួយគ័ង ដែលធ្លាប់ជួបបញ្ហានេះ បានប្រាប់ពីវិធីយ៉ាងសាមញ្ញថា គ្រាន់តែយកស៊ុតស្ងោរ ឬកូនកន្សែងតូចៗពីរទៅជ្រលក់ទឹកក្ដៅ ពួតឲ្យស្ងួត បន្ទាប់មកយកមកស្អំពីលើភ្នែក អាចកាត់បន្ថយបានស្នាមរង្វង់ខ្មៅនោះបានច្រើន ហើយជួយឲ្យភ្នែកស្រឡះល្អថែមទៀតផង។
៥- ធ្វើម៉ាសរមៀត
អ្នកដែលមានពេលច្រើនអាចសាកធ្វើម៉ាសដែលផ្សំពីរមៀត ទឹកដោះគោឆៅ និងទឹកឃ្មុំ យកមកបិទជុំវិញភ្នែក ហើយទុកចោល ២០ នាទី ចាំលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។ បើឧស្សាហ៍លាបពេញផ្ទៃមុខតែម្ដងក៏បាន ព្រោះវាអាចជួយឲ្យមុខសភ្លឺថ្លា និងស្រស់ជាងមុន នេះជាវិធីកែខៃបញ្ហារបស់ ស្រីពៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]