ចិន៖ បុរសម្នាក់នេះត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈជាច្រើនករណីនៅក្នុងទីក្រុងគុនមីងប្រទេសចិនក្នុងអំឡុងទសវត្សរ៍៩០ ហើយថ្មីៗនេះរូបគេបានរួចផុតពីការកាត់ទោសប្រហារជីវិតម្តងទៀត បន្ទាប់ពីគេទទួលបានប៉ាតង់ក្នុងការបង្កើតគម្របលូការពារចោរ ហើយឪពុកម្តាយរបស់គេក៏ជាអ្នកធំនៅក្នុងកងកម្លាំងប៉ូលិសផងដែរ។

យោងតាមប្រភពសារព័ត៌មានចិនមួយបានឱ្យដឹងថា ជនល្មើសរំលោភផ្លូវភេទច្រើនករណីរូបនេះមានឈ្មោះ Sun Xiaoguo ហើយគេត្រូវបានកាត់ទោសប្រហារជីវិតពីបទរំលោភបូកចំពោះស្រ្តីពីរនាក់កាលពីឆ្នាំ១៩៩៤មកម្ល៉េះ។ ប៉ុន្តែនៅគ្រានោះ ម្តាយរបស់ជនល្មោភកាមរូបនេះគឺជាប៉ូលិសម្នាក់ ហើយឪពុកចុងរបស់គេគឺជាមេប៉ូលិសដ៏ធំម្នាក់។ ដូច្នេះតាមប្រភពបានឱ្យដឹងថា ឪពុកម្តាយគេបានរៀបចំឱ្យគេជាប់ទោសដ៏ទាបបំផុត ពោលគឺដាក់រូបគេមានអាយុត្រឹមតែ ១៧ឆ្នាំ ដែលការពិតគឺគេមានអាយុ ១៩ឆ្នាំទៅហើយ។ 

ជនល្មើសរំលោភផ្លូវភេទច្រើនករណី Sun Xiaoguo

ដូច្នេះហើយទើបពេលនោះគេមិនទទួលបានទោសប្រហារជីវិត គ្រាន់តែត្រូវបានឃុំឃាំងនៅក្នុងផ្ទះចំនួនតែ ៣ឆ្នាំប៉ុណ្ណោះ។

ក្រោយមកមិនយូរប៉ុន្មាន ជនល្មើស Xiaoguo នៅតែបន្តសាងអំពើអាក្រក់ទៀត។ យោងតាមរបាយការណ៍មួយទៀតបានចោទប្រកាន់ថា ជនល្មើស Xiaoguo និងមិត្តភក្កិរបស់គេបានធ្វើបាបស្រ្តីពីរនាក់នៅក្លិបរាត្រីមួយកន្លែង ដោយពេលនោះពួកគេបានយកបារីដុតនាង វាយនាង ហើយថែមទាំងនោមដាក់ពួកនាងទៀត។ បន្ទាប់មក ជនរងគ្រោះដែលជាស្រ្តីពីរនាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីសន្លប់បាត់បង់ស្មារតី។

Xiaoguo ត្រូវបានជាប់ទោសជាច្រើនករណីរួមទាំងករណីរំលោភសេពសន្ថវៈជាច្រើនដង ហើយរូបគេត្រូវបានកាត់ទោសប្រហារជីវិតម្តងទៀតនៅក្នុងឆ្នាំ១៩៩៨។ នៅក្នុងការប៉ុនប៉ងប្តឹងឧទ្ធរណ៍ត្រូវបានបដិសេធដោយតុលាការកំពូលយូណាន។

រូបតំណាង

យ៉ាងណាមិញ ជនល្មើសរូបនេះមិនបានប្រឈមមុខក្នុងការកាត់ទោសប្រហារជីវិតជាក់ស្តែងនោះទេ។ នៅក្នុងឆ្នាំ២០១២ រូបគេក៏ត្រូវបានដោះលែងឱ្យមានសេរីភាព ព្រោះតែគេមានឥរិយាបថល្អនៅក្នុងគុក។

តាមប្រភពថ្មីៗនេះបានឱ្យដឹងថា មូលហេតុដែលរូបគេត្រូវបានដោះលែងឱ្យមានសេរីភាពសាជាថ្មី ព្រោះតែរូបគេទទួលបានប៉ាតង់ក្នុងការបង្កើតគម្របលូការពារចោរ។ នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនមានគោលនយោបាយកាត់បន្ថយទោសឱ្យបុគ្គលណាម្នាក់ ដែលមានស្នាដៃក្នុងការបង្កើត ឬច្នៃប្រឌិតបច្ចេកទេសសំខាន់ៗជូនជាតិ។

Xiaoguo បានទទួលសិទ្ធិប៉ាតង់នេះ ខណៈពេលដែលគេកំពុងជាប់ក្នុងពន្ធនាគារ។ ដូច្នេះម្តាយរបស់គេត្រូវបានសង្ស័យថាគឺជាអ្នកដាក់ពាក្យសុំសិទ្ធិប៉ាតង់នេះជំនួសគេ។

ប៉ាតង់របស់ Sun Xiaoguo

ក្រោយមក Sun Xiaoguo ក៏បានផ្លាស់ប្តូរឈ្មោះទៅជា Li Xiaoguo ហើយបានបើកក្លិបរាត្រីជាច្រើនកន្លែងផងដែរ។ រូបគេមានរហ្សនាមថា «បងធំ Li» ប្រចាំតំបន់គុនមីង។ មិនយូរប៉ុន្មានរូបគេត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែមេសាកន្លងទៅនេះ ជាប់ពាក់ព័ន្ធទៅនឹងការវាយគ្នា។ ដំណឹងចាប់ខ្លួននេះ បានល្បីពេញស្រុកចិន ព្រោះតែមនុស្សម្នាជាច្រើនមានការងឿយឆ្ងល់ថាតើគេរួចផុតពីទោសជាច្រើនដងបែបនេះដោយរបៀបណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]