គ្នាយើងមួយចំនួនចូលចិត្តញ៉ាំពពួកលៀស ខ្ចៅ ខ្យង ព្រោះវាមានរសជាតិឆ្ងាញ់ និងថោកអាចរកទិញបានគ្រប់ទីកន្លែង។ តែការញ៉ាំអាហារទាំងនេះច្រើន អាចមានផលប៉ះពាល់ខ្លាំងចំពោះសុខភាព ព្រោះសាច់សត្វទាំងនោះរស់នៅកន្លែងមិនល្អ និងជាប់មានដីនៅជាមួយ។
ដើម្បីបកស្រាយពីបញ្ហានេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានពន្យល់ថា៖ «ខ្យង ខ្មៅខ្លះមិនមែនធម្មជាតិឡើយ ព្រោះគ្មានអ្នកនៅតាមស្រុកស្រែចុះទៅចាប់ទៅរាវនៅបឹង នៅទន្លេបានច្រើនរាល់ថ្ងៃយកមកផ្គត់ផ្គង់គ្រប់កន្លែង ព្រមទាំងហាងធំៗដែរនោះទេ។ មានខ្លះគេចិញ្ចឹម និងយកមកពីប្រទេសជិតខាងយើង ហើយបើខ្លះទៀតវារស់នៅក្នុងទឹកកខ្វក់ ហើយជាធម្មតារបស់ចិញ្ចឹមគឺគេឲ្យស៊ីកាកសំណល់គ្រប់ប្រភេទ ភាគច្រើនរបស់មិនល្អ»។
លោកបានបន្តថា ជាធម្មតាសត្វទាំងនោះពេលចាប់បាន វាបិទមាត់ ហើយពេលយកទៅស្រុះទើបហើបមាត់ ដូចនេះមានអៀន ព្រូន តេនញ៉ាខ្លះចេញ និងខ្លះទៀតក៏មិនចេញដែរ។ បើជាលៀសវិញខ្លះវិញមិនបានចម្អិនឡើយ គ្រាន់តែហាលថ្ងៃ ប្រឡាក់អំបិលម្ទេស ពងព្រូន ពងតេនញ៉ាដែលរស់នៅក្នុងសត្វទាំងនោះវាមិនងាប់ឡើយ ព្រោះពពួកប៉ារ៉ាស៊ីតទាំងនេះត្រូវប្រើកម្ដៅរាប់រយអង្សាសេរដោយដាំទឹកឲ្យពុះ ១៥ នាទី។
វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានបន្ថែមថា នៅពេលដែលព្រូន អៀន ឬតេនញ៉ាឆ្លងចូលទៅ វានឹងរស់នៅក្នុងពោះយើង ហើយអាចបង្កឲ្យមានរោគសញ្ញាដូចជា ឈឺពោះ ស្គម ស្លេកស្លាំង ជួនកាលរាក ឬទល់លាមក។ នៅពេលវាផ្ដាច់ចេញជាកង់ៗ រួចធ្លាក់មកទំខោទ្រនាប់ ធ្វើឲ្យយើងមានជំងឺរមាស់គូទ។ មានកូនតេនញ៉ាខ្លះធ្វើចលនាចូលទៅដល់ខួរក្បាល វាមានរោគសញ្ញាធ្វើឲ្យយើងមានជំងឺប្រកាច់ ឬមានលក្ខណៈស្រដៀងនឹងមនុស្សមានជំងឺឆ្កួតជ្រូក។ បើវាបន្តនៅក្នុងពោះវៀន សារជាតិទាំងប៉ុន្មានដែលមានសារសំខាន់ជួយទ្រទ្រង់រាងកាយ តេនញ៉ានឹងស្រូបយកសារធាតុទាំងអស់នោះ ធ្វើឲ្យសុខភាពមានការចុះខ្សោយ និងស្គមរីងរៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]