គ្នា​យើង​ដែល​ពុល​ឡាន ឲ្យ​តែ​មាន​​គម្រោង​ទៅ​ឆ្ងាយ​ម្តងៗ ដឹង​តែ​មាន​អារម្មណ៍​មិន​ស្រួល​ហើយ។ ពុល​ឡាន​ម្តងៗ​ទាំង​ក្មេង​ទាំង​ចាស់ ពិបាក​ក្នុង​ខ្លួន​ខ្លាំង វិលមុខ ឈឺក្បាល​ ពេលខ្លះ​ចង់ក្អួត​ក៏ក្អួត​មិន​ចេញ។

អាការៈ​ពុលឡាន​ អាច​មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យើង​ធ្វើ​សកម្មភាព​មួយ​ចំនួន​ពេល​កំពុង​ធ្វើ​ដំណើរ ទើប​ជម្រុញ​ឲ្យ​មាន​អារម្មណ៍​ធីងធោង បែកញើស វិលមុខ ចេញទឹកមាត់ បង្ក​ទៅ​ជា​ពុល​ឡាន​តែ​ម្តង។ ខាងក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​មួយចំនួន ដែល​អាច​ជួយ​បំបាត់​អាការៈ​ពុលឡាន៖

១- កុំ​ញ៉ាំ​អាហារ​ច្រើន​ពេក

មុន​ចាប់​ផ្តើម​ចេញ​ដំណើរ អ្នក​ដែល​ពុល​ឡាន​​មិន​​ត្រូវ​ញ៉ាំ​អាហារ ឬ​នំ​ចំណី​​ច្រើន​ពេក​នោះ​ទេ ពិសេស​ពួក​អាហារ​ហឹរៗ ឬ​អាហារ​ខ្លាញ់​ច្រើន​ពេក​ទេ។

២-កុំអានសៀវភៅ ឬចុចទូរស័ព្ទ

ត្រូវ​ចាំ​ទុក​បើ​យើង​ពុល​ឡាន មិន​ត្រូវ​អាន​សៀវភៅ ឬ​ចុច​ទូរស័ព្ទ​ពេល​កំពុងជិះឡាន​ឲ្យ​សោះ ត្រូវផ្ចង់អារម្មណ៍ មើល​ទៅ​មុខ​ឲ្យ​បាន​ច្រើន។

៣- អង្គុយនៅក្បែរបង្អួច ឬកន្លែងមិនអាប់អួរ

បរិយាកាស​អាប់អួរ ពិសេស​​កន្លែង​ដែល​បិទជិត មិន​អាចមើល​ឃើញ​ធម្មជាតិ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​យើង​ពុល​ឡាន​ដែរ យកល្អ​គួរ​តែ​អង្គុយ​នៅ​កៅអី​ឡាន​ខាង​មុខ ឬ​ក្បែរ​បង្អួច។

៤- ញ៉ាំស្ករហឹរៗ

ការ​ញ៉ាំ​ស្ករ​ហឹរៗ ពិសេស​ពពួក​ស្ករ​គ្រាប់​ដែល​ចម្រាញ់​ចេញ​ពីរុក្ខជាតិ ឬបន្លែដូចជាស្ករខ្ញី ក៏អាចជួយបំបាត់អាការៈពុលឡានបានដែរ។

៥- និយាយ ឬ​ច្រៀង​លេង

ពេល​ធ្វើ​ដំណើរ​យើង​ត្រូវ​ធ្វើ​ចិត្តឲ្យ​សប្បាយ​រីករាយ ព្យាយាម​និយាយ ឬ​ច្រៀង​លេង​ឲ្យ​បាន​ច្រើន​ជាមួយ​អ្នក​​រួម​ដំណើរ​ជាមួយ នោះ​អាការៈ​ពុល​ឡាន​ក៏​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ។

៦- ប្រើថ្នាំជំនួយ

បើ​ដឹង​ថា​ខ្លួន​យើង​ពុល​ឡាន មុន​នឹង​ចេញ​ដំណើរ​យើង​អាច​ទិញ​ថ្នាំ​បំបាត់​ពុល​ឡាន​ដោយ​វេជ្ជបញ្ជា​មក​លេប​បាន។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​នោះ ២០ ឬ ៣០ នាទី មុន​ចេញ​ដំណើរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]