រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់់ខ្លួន យក​ទៅ​ធ្វើការ សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ចតុមុខ ក្រោយ​ពី​មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​អះអាង​ថា បាន​បាត់​កាបូប​លុយ ហើយ​មានការ​សង្ស័យ​ទៅ​លើ​រូបគេ​ដែល​នៅ​អង្គុយ​ផឹកស្រា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ​។

គ្រាន់តែ​ឃើញ បែប​នោះ បុរស​ជា​ជនសង្ស័យ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ក្នុង​បំណង​រត់គេច​ខ្លួន ដល់​ពាក់​កណ្តាលទន្លេ ទៅ​ហើយ​នោះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចេញ​អូ​ប័​រ​មួយ​គ្រឿង​ជិះ​ដេញ​តាម​ចាប់​បាន​យក​មក​វិញ​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ខាងក្រោយ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ក្នុង​សង្កាត់​ចត​មុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ផា​ន់ តុលា អាយុ​២៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ និង​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែកឯ​បុរស​រង​គ្រោះ​ដែល​បាន​អះ​អា​ថា​បាន​បាត់ កាបូប​លុយ​របស់​ខ្លួន​នោះ​មានឈ្មោះ ឌី សំណាង ជា​ជនជាតិ​វៀតណាម អាយុ​៣១​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ម្តុំ​គីឡូ​លេខ​៧ ខណ្ឌឫស្សីកែវ​។

មុន​ពេល​កើតហេតុ ខណៈ​ដែល​បុរស​ជា​ជន​រង​គ្រោះ កំពុង​តែ​ធ្វើការ​កាត់​ដែក​ទីប​នៅ​ចំណុច​ខាងលើ ហើយ​មេឃ​បម្រុង​នឹង​ភ្លៀង​ខ្លាច​ទទឹក​នោះ រូបគេ​ក៏​បាន​យក​កាបូប​លុយ​ពណ៌​ខ្មៅ​របស់​គេ​មួយ ដែល​មាន​លុយ​ចំនួន​ជាង​១០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​ម៉ាក វី​វ៉ូ ពណ៌​ស មួយ​គ្រឿង រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​នៅ​ខាងក្នុង​យក​ទៅ​ដាក់​ក្នុង​ម្លប់​លើ​មាត់ច្រាំង​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ​បាន​រៀបចំ​ទុក​កាបូប​លុយ របស់​ខ្លួន​ក្នុង​ម្លប់​ត្រឹមត្រូវ​រួច​ហើយ​រូបគេ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បន្ត​ទៀត លុះ​បន្តិច​ក្រោយមក​ទើប​រូបគេ​ក៏​បាន​ឡើង ទៅ​លើ​រក​មើល​កាបូប​លុយ​របស់​ខ្លួន​មិនឃើញ​ក៏​បាន​ដើរ ទៅ​សួរ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​កំពុង​តែ អង្គុយ​ផឹកស្រា ជាមួយ​បុរស​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ​តែ​ត្រូវ​គេ​ឆ្លើយ​ប្រាប់​ថា​មិនដឹង​។

ដោយ​មិន​អស់ចិត្ត​បុរស​រង​គ្រោះ ក៏​បាន​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​ក្នុង​បំណង​ជួយ​សួរនាំ គ្រាន់តែ​បានឃើញ​មាន​កម្លាំង មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​នោះ រូបគេ​ក៏​បានរ​ត់លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ហែល​ទៅ​ដល់​ពាក់​កណ្តាលទន្លេ​ទើប កម្លាំង​មាន​សមត្ថកិច្ច​ចេញ​អូ​ប័​រ​មួយ​គ្រឿង​ទៅ​តាម​ចាប់​បាន​យក​មក​វិញ និង​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ យក​ទៅ​ធ្វើការ​សាកសួរ​។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​យក មក​ធ្វើការ​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ចតុមុខ​នោះ រូបគេ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​លួច​យក​កាបូប​លុយ របស់​ជន​រង​គ្រោះ​តាម​ការ​ចោទប្រកាន់​នោះ​ឡើយ​ម្យ៉ាងទៀត​រូបគេ​ក៏​ជា​មនុស្ស​បែក​ថ្នាំ និង ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

ចំណែកឯ​បុរស​ជនជាតិ​វៀតណាម​រង​គ្រោះ វិញ​ក៏​មិន​បានដឹង​ថា​ជនសង្ស័យ​ណា​ម្នាក់​បាន​លួច​យក​កាបូប​លុយ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​ពី​បុរស​ជនជាតិ​វៀតណាម​រង​គ្រោះ​ម្នាក់​ខាងលើ​មិន​ច្បាស់លាស់​រួច​ហើយ​ក៏​តម្រូវ​អោយ​រូបគេ​បាន​ត្រឹមតែ​ដាក់​ពាក្យបណ្តឹង​តែ​ប៉ុណ្ណោះ​មិន​អាច​ធ្វើការ​ចោទប្រកាន​ន់​ទៅ​លើ​រូបគេ​បាន​ឡើយ ម្យ៉ាងទៀត​ក៏​មិន​មាន​ភស្តុ​តាង​នៅ​ជាប់់​នឹង​ខ្លួន​គេ​ដែរ​។

ចំណែកឯ​បុរស​ជា​ជន សង្ស័យ​ខាងលើ​កម្លាំង​មាន​សម្ថ​កិច្ច ក៏​បាន​សម្រេច​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​បន្ត​តែ​ប៉ុណ្ណោះ ព្រោះ​រូបគេ​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន និង កំពុង​តែ​មាន​អាកា​រៈ​បែក​ថ្នាំ​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]